webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឥន្ទាវុធ ( ន.នាមសព្ទ ) or ឥន្ទ្រាយុធ   ( បា.បាលី​ ( បាលីភាសា ) )
    (< ឥន្ទ “ព្រះ​ឥន្ទ” + អាវុធ; សំ. ឥន្ទ្រាយុធ) អាវុធ​ព្រះ​ឥន្ទ; ឥន្ទធនូ ។
  2. ឥន្ទុ ( ន.នាមសព្ទ ) [អ៊ិន ឬ អិន-ទុ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ព្រះ​ចន្ទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សសាង្ក ផង) ។
  3. ឥន្ទ្រាទិត្យ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដួង​ពន្លឺ​ដែល​មាន​រស្មី​ចាំង​ជះ​ដាច់​គេ​ក្នុង​លោក រក​ដួង​ពន្លឺ​ដទៃ​ដែល​មាន​រស្មី​ស្មើ​ពុំ​បាន ។
  4. ឥន្ធនៈ ( ន.នាមសព្ទ ) [អិន-ធៈនៈ] or ឥន្ធន   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឥន្ធន) របស់​សម្រាប់​ដុត; គ្រឿង​ដុត (មាន​ឧស​ជាដើម); ប្រើ​ជា ឥន្ធន​វត្ថុ ឬ --ភណ្ឌ ក៏​បាន (បារ. Combustible) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមិន្ធន៍ ផង ។
  5. ឥន្រ្ទ or ឥន្រ្ទ--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥន្ទ) ។
  6. ឥន្រ្ទកីល ( ន.នាមសព្ទ ) [អិន-ទ្រៈកិល]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឥន្ទខីល) សសរ​គោល; គោល​ដែល​បោះ​ឬ​ដាំ​ទុក​ជា​គ្រឿង​សម្គាល់​ផ្ចិត​កណ្ដាល​ឬ​ព្រំ​ប្រទល់​នៃ​ដី, នគរ, ដែន, ខែត្រ, ស្រុក ជាដើម; ធរណី​ទ្វារ​ធំ​ៗ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​ដុំ​ថ្ម​ដែល​ជា​គោល​ត្រង់​កណ្ដាល​ឬ​ជា​ផ្ចិត​នៃ​ខណ្ឌ​សីមា ហៅ​ថា
    - សីមា​ឥន្រ្ទកីល ឬ​ហៅ​កាត់​ខ្លី​ថា
    - សីមា​កីល ក៏​បាន; ដុំ​ថ្ម​នេះ​ពុំ​រាប់​ថា​ជា​និមិត្ត​នៃ​ខណ្ឌ​សីមា​ឡើយ ។ ថ្ម​គោល​នេះ​ប្រហែល​ជា​ក្នុង​បុរាណ​សម័យ, កាល​ដែល​មាន​ប្រើ​សីមា​ធំ​ៗ​នៅ​ឡើយ, លោក​បោះ​ទុក​ជា​គ្រឿង​សម្គាល់​ទី​ពាក់​កណ្ដាល​ឬ​ផ្ចិត​នៃ​សីមា​របស់​លោក​ទេ​ដឹង (?), ក្នុង​វិន័យ​ឥត​មាន​និយាយ ។
  7. ឥន្រ្ទជិត ( ន.នាមសព្ទ ) [អិន-ទ្រៈជិត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឥន្ទជិត “អ្នក​ឈ្នះ​ព្រះ​ឥន្រ្ទ”) ឈ្មោះ​យក្ស​ម្នាក់​ជា​បុត្រ​នៃ​រាពណ៍ (មាន​និយាយ​ក្នុង​រឿង​រាមកេរ្តិ៍); ហៅ ឥន្ទជិត ក៏​បាន ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​កាព្យ​ឬ​បទ​មួយ​ប្រភេទ ហៅ​ថា កាព្យ​ឥន្រ្ទជិត ឬ បទ​ឥន្រ្ទជិត មាន​លក្ខណៈ​ដូច​គ្នា​នឹង​បទ​ព្រហ្មគីតិ​ប៉ុន្តែ​មាន​ដំណើរ​បទ​លោត​ៗ (ច្រើន​ហៅ បទ​ឥន្ទជិត ជាង) ។ ឈ្មោះ​ម្នាស់​មួយ​ប្រភេទ ផ្លែ​តូច​ៗ ភ្នែក​ញឹក​សាច់​ស្និទ្ធ មាន​រស​ផ្អែម​ពីសា : ម្នាស់​ឥន្រ្ទជិត ឬ --ឥន្ទជិត
  8. ឥន្រ្ទា or ឥន្រ្ទា--
    (មើល​ក្នុង​ពាក្យ ឥន្ទ ឬ ឥន្រ្ទ) ។
  9. ឥន្រ្ទិយ [អិន-ទ្រី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ភាវៈ​ជា​ធំ, ឥស្សរ​ភាព; អានុភាព, អំណាច; គុណានុភាព​ឬ​គុណ​សម្បត្តិ​របស់​ព្រះ​ឥន្រ្ទ​ឬ​ដែល​ជាប់​ទាក់ទង​អំពី​ព្រះ​ឥន្រ្ទ​កម; រូប​កាយ; កម្លាំង, កម្លាំង​កាយ; សេចក្ដី​ដឹង, ប្រាជ្ញា; អារម្មណ៍; មុខ​ការ, នាទី; អាយតនៈ​ខាង​ក្នុង, ប្រសាទ​ឬ​ប្រសាទ​រូប : សង្រួម​ឥន្រ្ទិយ ប្រុង​ប្រយ័ត្ន​អាយតនៈ​ខាង​ក្នុង​មាន​ភ្នែក​ជាដើម។ ឥន្រ្ទិយ សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ព. ពុ. ប្រាប់​ថា​អ្វី​ដែល​ជា​ធំ​តាម​មុខ​តាម​នាទី​របស់​ខ្លួន​ឬ​ដែល​មាន​បែប​ភាព​ផ្សេង​ដោយ​ឡែក​ហៅ​ថា ឥន្រ្ទិយ, ដូច​ជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះ​អាយតនៈ​ខាង​ក្នុង​ទាំង ៦ នេះ​ជា​ធំ​ក្នុង​ការ​ទទួល​អារម្មណ៍​តាម​នាទី​របស់​ខ្លួន ជា​ជំនួស​គ្នា​ពុំ​បាន) ។ ស្ត្រី ហៅ ឥត្ថិន្រ្ទិយ; បុរស ហៅ បុរិសិន្រ្ទិយ (ព្រោះ​ជា​ធំ​ដោយ​មាន​បែប​ភាព​ទីទៃ​ពី​គ្នា)។ ជីវិត ហៅ ជីវិតិន្រ្ទិយ (ព្រោះ​ជីវិត​ជា​ធម្មជាត​ធំ​មួយ​យ៉ាង​របស់​សត្វ​លោក) ។ សេចក្ដី​សុខ ហៅ
    - សុខិន្រ្ទិយ; សេចក្ដី​ទុក្ខ ហៅ
    - ទុក្ខិន្រ្ទិយ; សោមនស្ស ហៅ
    - សោមនស្សិន្រ្ទិយ; ទោមនស្ស ហៅ
    - ទោមនស្សិន្រ្ទិយ; ឧបេក្ខា ហៅ
    - ឧបេក្ខិន្រ្ទិយ (ព្រោះ​ធម្មជាត​ទាំង​នេះ សុទ្ធ​តែ​មាន​នាទី​ជា​ធំ​ដោយ​ឡែក​ពី​គ្នា) ។ សទ្ធា ហៅ សទ្ធិន្រ្ទិយ; វីរិយៈ :ហៅ វីរិយិន្រ្ទិយ; សតិ ហៅ សតិន្រ្ទិយ; សមាធិ ហៅ សមាធិន្រ្ទិយ; បញ្ញា ហៅ បញ្ញិន្រ្ទិយ (ព្រោះ​ធម៌​ទាំង​នេះ​សុទ្ធ​តែ​មាន​នាទី​ទីទៃ​ពី​គ្នា) ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ឥន្រ្ទិយ អ. ថ. អិន ឬ អ៊ិន-ទ្រិយៈ, ដូច​ជា ឥន្រ្ទិយ គោចរ ដំណើរ, ខេត្ត​នៃ​អារម្មណ៍​ឬ​នៃ​ការ​ដឹង ។
    - ឥន្រ្ទិយាង្គ ឬ - អង្គេន្រ្ទិយ អង្គ​នៃ​ឥន្រ្ទិយ​ឬ​ឥន្រ្ទិយ​ដែល​ចែក​ជា​ពួក, មាន ៣ យ៉ាង​គឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, ស្បែក ហៅ ជ្ញានេន្រ្ទិយ (< ជ្ញាន “ការ​ដឹង” + ឥន្រ្ទិយ “ភាវៈ​ជា​ធំ”); ក, ដៃ, ជើង, វច្ចមគ្គ, បស្សាវ​មគ្គ ហៅ កម៌េន្រ្ទិយ (< កម៌ “កិច្ច​ការ, ការងារ” + ឥន្រ្ទិយ); ចិត្ត ហៅ អន្តរេន្រ្ទិយ (< អន្តរ “វិញ្ញាណ” + ឥន្រ្ទិយ); រួម​ជា​អង្គ​នៃ​ឥន្រ្ទិយ ៣ យ៉ាង​ឬ​ប្រភេទ​នៃ​ឥន្រ្ទិយ ១១ យ៉ាង (តាម​លទ្ធិ​ព្រាហ្មណិក) ។ ឥន្រ្ទិយ​សង្វរ ឬ --សំវរៈ (--សង់-វ៉ ឬ --ស័ង-វ៉ៈរ៉ៈ)
    - ការ​សង្រួម​ឥន្រ្ទិយ គឺ​ការ​ប្រុង​ប្រយ័ត្ន​អាយតនៈ​ខាង​ក្នុង​ទាំង​៦ មាន​ភ្នែក​ជាដើម ។
    - ឥន្រ្ទិយ​សំវរ​សីល (--ស័ង-វ៉ៈរ៉ៈសិល) សីល​ដែល​បរិសុទ្ធ​ព្រោះ​ការ​ប្រុង​ប្រយ័ត្ន​អាយតនៈ​ខាង​ក្នុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បារិ-សុទ្ធិ​សីល ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរ​ជា ឥន្រ្ទីយ៍ ដើម្បី​ឲ្យ​ស្រួល​អាន​ក៏​បាន, ជា​កាព្យ​ថា :
    - សង្រួម​ឥន្រ្ទីយ៍ ពាក្យ​ចាស់​អំពី បុរាណ​ហៅ​ថា ស្រគត់​ឥន្រ្ទីយ ជា​ទី​ជ្រះ​ថ្លា ទោះ​បី​ជន​ណា ក៏​តែង​ពេញ​ចិត្ត ។ សង្រួម​ឥន្រ្ទីយ៍ តាជី​ដូនជី និង​បព្វជិត ស្រគត់ស្រគំ សមរម្យ​មែន​ពិត ចេញ​ចរ​ឆ្ងាយ​ជិត គេ​រែង​គោរព ។
  10. ឥន្រ្ទិយ --
    (មើល​ក្នុង​ពាក្យ ឥន្រ្ទិយ) ។

<< Prev   1   2   3   4   5   6   ... 8   Next >>