Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ជាប់ខ្ជួន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ខ្ជាប់ណាស់, មាំមួនណាស់ : របស់ខ្ជាប់ខ្ជួន, គំនិតខ្ជាប់ខ្ជួន; ធ្វើការខ្ជាប់ខ្ជួន ។
-
ខ្ជាយ
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទ សន្ដាននឹងរមៀតសម្រាប់ផ្សំធ្វើគ្រឿងសម្ល ។
-
ខ្ជាំ
( គុ.គុនសព្ទ )
មិនស្អាតដោយមានសំរាម ឬ អ្វីៗស្មោកគ្រោគ រាយឥតសណ្ដាប់ ។ កិ. វិ. ពាក្យសម្រាប់ចម្រើនពាក្យជ្រុះ ឲ្យប្លែកឡើង : ជ្រុះខ្ជាំ, ពង្រាយខ្ជាំ ។
-
ខ្ជាំងៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យពោល, ពាក្យស្ដី ពាក្យនិយាយឲ្យប្លែកឡើង : ពោលខ្ជាំងៗ, ស្ដីខ្ជាំងៗ, និយាយខ្ជាំងៗ គឺពោល, ស្ដី, និយាយបោកបោះខ្លាំងៗ ឥតកោតញញើត, ឥតគួរសម ។
-
ខ្ជិល
( គុ.គុនសព្ទ )
ដែលមិនចូលចិត្តធ្វើការ ឬ ធុញទ្រាន់ស្អប់ការងារ ។ ពាក្យផ្ទុយឧស្សាហ៍ ។
-
ខ្ជីខ្ជា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យ ធ្វើ, ពាក្យនិយាយឲ្យវិសេសឡើង :
- ធ្វើខ្ជីខ្ជា, និយាយខ្ជីខ្ជា គឺធ្វើការ ឬនិយាយអ្វីមិនម៉ត់ចត់ ។ ជួនកាលមានប្រើជា គុណសព្ទ ដែរ ដូចពាក្យថា “អ្នកឯងនេះជាមនុស្សខ្ជីខ្ជាណាស់” ។
-
ខ្ជឹង
( ន.នាមសព្ទ )
ឈ្មោះត្រីមួយប្រភេទ មានសណ្ឋានដូចត្រីឆ្លូញ តែធំជាង, មានសម្បុរក្រឡេក្រឡា ។ ក្រឡាដែលបែកនៅស្បែកមនុស្សមានសណ្ឋានដូចត្រីខ្ជឹងក៏ហៅថា ខ្ជឹង ដែរ :
- បែកខ្ជឹង (ច្រើននិយាយតែអំពីកូនក្មេងដែលថ្លោស) ។
-
ខ្ជឹប
( កិ.កិរិយាសព្ទ )
ដេរក្របួច : ខ្ជឹបសំពត់, ខ្ជឹបអាវ ។ ក្របួចបបូរមាត់ឲ្យរួបជិត : ខ្ជឹបមាត់ ។
-
ខ្ជឹប
( កិ.កិរិយាសព្ទ )
បំព្រួញ, បង្រួមរន្ធឲ្យតូច ឬ ឲ្យជិត ។
-
ខ្ជួន
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្ជាប់ : ខ្ជាប់ខ្ជួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជាប់ខ្ជួន) ។
<< Prev 1 ... 15 16 17 18 19 20 Next >>