Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គមនាគមន៍
( ន.នាមសព្ទ )
[គៈ មៈ នា គំ ]
( បា.បាលី ( បាលីភាសា ) )
(គមន “ការទៅ, ដំណើរទៅ” + អាគមន “ការមក, ដំណើរមក”) ការទៅនិងការមក, ដំណើរទៅនិងដំណើរមក; ផ្លូវទាក់ទងសម្រាប់ធ្វើដំណើរទៅមក : ផ្លូវគមនាគមន៍ ពីស្រុកមួយទៅស្រុកមួយ ។
-
គម្ដែង
( ន.នាមសព្ទ )
[គំម្ដែង ជើង ដ ឬ គំ-ម៉ៈ ដែង ]
(ក្លាយឃ្លាតមកពីពាក្យខ្មែរ ក្នុងសម័យបុរាណព្រេងនាយថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មានន័យថា ព្រះតេជព្រះគុណ; លោកជាម្ចាស់ ។ លុះចំណេរកាលតៗមក ខ្មែរយើងប្រើពាក្យនេះ សំដៅសេចក្ដីថា លោកអ្នកមានបុណ្យច្រើនគួរជាទីគោរព គួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្តិយសខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី, ប្ដី ។ គម្ដែងផ្ទៃក្រោម ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ (មើលក្នុងពាក្យ ផ្ទៃ ទៀតផង) ។ គម្ដែងសង្ឃ ព្រះភិក្ខុសង្ឃជាទីគោរព : បពិត្រព្រះគម្ដែងសង្ឃ.... ។
-
គម្ពីរ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ក្លាយមកពី បា. គម្ភីរ “ជ្រៅ”) សាស្ត្រា, ច្បាប់, ធម្មវិន័យ ដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ : សាស្ត្រាមួយគម្ពីរ ។
-
គម្ភីរ
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលមានជម្រៅ, ជ្រៅ ។ សម្រាប់ប្រើភ្ជាប់ពីខាងដើមសព្ទដទៃ :
- គម្ភីរបទ (--រៈបត់) បទ ឬ ចំណែកនៃសេចក្ដីដ៏ជ្រាលជ្រៅ ។
- គម្ភីរភាព (--រៈភាប) ភាពជ្រៅ, ជម្រៅ ។
- គម្ភីរមតិ (--រៈមៈតិ) មតិជ្រៅ, គំនិតជ្រៅ ។ល។
-
គម្រក់
( គុ.គុនសព្ទ )
ដែលគគ្រក់, អាក្រក់យកជាការពុំបាន : របស់គម្រក់, មនុស្សគម្រក់ (ព. ទ្រ. ម.) ។
-
គម្រង
( ន.នាមសព្ទ )
( ព. ថ.ពាក្យថ្មី )
ការគ្រង, ការថែរក្សា : ទ្រព្យសម្បត្តិដែលខ្វះគម្រងតែងវិនាស ។ ការស្លៀកដណ្ដប់ត្រៃចីវរ (ស. ស.) គម្រងចីវរ ។
-
គម្រប
( ន.នាមសព្ទ )
ប្រដាប់សម្រាប់គ្រប : គម្របខ្ទះ, គម្របឆ្នាំង ។
-
គម្រប់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យគ្រប់, បង្គ្រប់, បំពេញឲ្យគ្រប់ : មាន ៣ ហើយត្រូវថែម ២ មកទៀតគម្រប់ជា ៥ ។ ច្រើនប្រើ
- បង្គ្រប់ ជាង ។
-
គម្រប់
( គុ.គុនសព្ទ, បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
ដែលជាទីបង្គ្រប់ចំនួន : គម្រប់ ២, គម្រប់ ៣, គម្រប់ ៤, គឺទី ២, ទី ៣, ទី ៤; ប៉ុន្ដែកុំប្រើ គម្រប់ ១ ព្រោះមួយជាបូរណសំខ្យាទោលឯកឯង, ត្រូវប្រើជា ទី ១ ឬជាបឋម, ជាប្រថម, ជាដំបូង (ធ្លាប់សរសេរ គំរប់ ប៉ុន្តែត្រូវប្រើ គម្រប់ វិញ មានន័យទៀងទាត់តាមលក្ខណៈវេយ្យាករណ៍ខ្មែរ) ។
-
គម្រាំង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលគគ្រាំង, ដែលមិនរលីង មិនស្អាត : តុគម្រាំង, ធំគម្រាំង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>