Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គណនេយ្យករ
( ន.នាមសព្ទ )
[--យៈ-ក ]
អ្នកកាន់កាប់ការខាងគណនេយ្យ ។
-
គណបក្ខ
( ន.នាមសព្ទ )
[--ប៉ាក់ ]
or គណបក្ស
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពួក, ក្រុម, បន, ។ ពាក្យ “គណ” និង “បក្ខ” ទាំងពីរនេះមានន័យស្រដៀងគ្នាទេ, តែប្រើភ្ជាប់គ្នាដូច្នេះ គឺគ្រាន់តែបន្តពាក្យឲ្យបានវែងបន្ដិច ដើម្បីងាយស្រួលក្នុងការអានប៉ុណ្ណោះ ។
-
គណបូរកៈ
( ន.នាមសព្ទ )
[គៈណៈប៉ូរ៉ៈកៈ]
( បា.បាលី ( បាលីភាសា ) )
សង្ឃឬភិក្ខុអ្នកមកជួយបំពេញ ឬជួយបង្គ្រប់ចំនួនសង្ឃ – សម្រាប់ធ្វើសង្ឃកម្មឲ្យត្រឹមត្រូវតាមវិន័យក្នុងព្រះពុទ្ធសាសនា ។
-
គណិតសាស្ត្រ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
វិទ្យាសាស្រ្តផ្នែកខាងការសិក្សា អំពីទំហំ, អំពីខ្នាតរង្វាស់ និងអំពីការប្រៀបផ្ទឹម ។ វិជ្ជាផ្នែកនេះមាន ៣ យ៉ាងគឺ លេខគណិត ការគិតលេខដុំ, លេខភាគ, លេខនព្វន្ត បានដល់លេខបូក, សង, គុណ, ចែក; ពីជគណិត ការគិតលេខដោយលើកតួអក្សរមកជាតំណាង; រេខាគណិត ការគិតលេខផ្នែកខាងវិសាលភាព សំដៅចំពោះទិដ្ឋភាព ៣ យ៉ាងគឺ បន្ទាត់, ផ្ទៃ, មាឌ ។
-
គណេស
( ន.នាមសព្ទ )
[គៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឈ្មោះទេវតាមានក្បាលជាដំរី ជាបុត្រព្រះឥសូរ ។ ក្លាយមកពីពាក្យ វិឃ្នេស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
គណៈ
( ន.នាមសព្ទ )
[គៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គណ) ពួក; ក្រុម; បន; ហ្វូង ។ បើរៀងភ្ជាប់ជាមួយនឹងសព្ទឯទៀតឲ្យជាបទសមាសតាមរបៀបវេយ្យាករណ៍ សំ. បា. ត្រូវរៀងជា រដ្ឋមន្រ្តីគណៈ ក្រុមនៃរដ្ឋមន្រ្តី; សង្ឃគណៈ ក្រុមនៃភិក្ខុសង្ឃ; ប៉ុន្តែតាមទម្លាប់ខ្មែរយើង, ច្រើនតែប្រើរៀងបទសមាស សំ. បា. ត្រឡប់យកបទក្រោយជាមុនវិញ សម្រួលឲ្យងាយអាន ងាយថា, រៀងត្រឡប់បទជា គណៈរដ្ឋមន្រ្តី, គណៈសង្ឃ វិញ, ក៏នៅតែមានន័យថា ក្រុមរដ្ឋន្ត្រី, ក្រុមភិក្ខុសង្ឃ ដែរ (បទសមាសឯទៀតក្រៅពីនេះនៅមានច្រើន ដូចជា រដ្ឋពល កម្លាំងរបស់រដ្ឋ, រៀងត្រឡប់បទជា ពលរដ្ឋ ជាដើមនោះដែរ) ។ល។
-
គណៈកម្មការ
( ន.នាមសព្ទ )
[គៈណៈ-កាំ-ម៉ៈ-កា]
( បា.បាលី ( បាលីភាសា ) )
ជនមួយក្រុម ឬ ក្រុមជំនុំដែលចាត់តាំងឡើង ដោយពិធីបោះឆ្នោត ឬ ដោយការជ្រើសតាំង សម្រាប់ឲ្យពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក : គណៈកម្មការវប្បធម៌ បានបង្កើតពាក្យខ្មែរថ្មីៗ ជាច្រើន ។
-
គណៈកម្មាធិការ
( ន.នាមសព្ទ )
[--កាំ-ម៉ា-ធិ-កា]
( បា.បាលី ( បាលីភាសា ) )
សមាជិកមួយក្រុមដែលតាំងឡើងក្នុងក្រសួងរាជការ ឬ ក្នុងសភាដើម្បីឲ្យប្រតិបត្តិសម្រេចការណាមួយ : មុខការនេះស្រេចលើគណៈកម្មាធិការ ។
-
គណៈប្រតិភូ
( ន.នាមសព្ទ )
[--ប្រៈតិ-]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ជនមួយក្រុម ឬ គណៈកម្មការមួយក្រុម ដែលគេចាត់ឲ្យជាតំណាងជាតិ, តំណាងប្រទេស ឬ តំណាងក្រុមណាមួយ ដើម្បីបំពេញកិច្ចការផ្សេងៗ ឯបរទេស ឬ ក្នុងប្រទេស ។
-
គណៈរដ្ឋមន្រ្តី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គណរដ្ឋ + មន្ត្រី) ពួកក្រុមនៃរដ្ឋមន្រ្តី ដែលមាននាយករដ្ឋមន្រ្តី មួយរូបជាប្រមុខ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>