Khmer Dictionary: ន
Chuon Nath's Khmer-Khmer Dictionary
-
នាភី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នាភិ ឬ នាភី) ផ្ចិត; (រ. ស.) ព្រះនាភី ។
-
នាម
( និ.និបាតសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះថា, ហៅថា : ឱអ្នកអើយ, ខ្ញុំនាមតែថា “ដង្ខៅៗ” ទេ សព្វថ្ងៃនេះនៅល្បីតែឈ្មោះប៉ុណ្ណោះ រីឯទ្រព្យសម្បត្តិវិនាសអស់ហើយគ្មានទេ...។
-
នាម
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(នាមន៑ > នាម) ឈ្មោះ : នាមខ្លួន, នាមត្រកូល ។ រ. ស. ព្រះនាម, ទ្រង់ព្រះនាម...។ សម្ដីសម្ដែងនូវឈ្មោះជាគ្រឿង កំណត់សម្គាល់ឲ្យហៅបាន, ដូចពាក្យថា មនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការ ជាដើម ហៅថា នាម (ព. វ.) ។
-
នាម
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឈ្មោះមូលកច្ចាយននិទ្ទេសទី ២ (បែបវេយ្យាករណ៍សម្រាប់រៀនភាសាបាលី) : មូលនាម, មេសូត្រនាម, រៀនបំបែកវិធីនាម ។
-
នាម
( ន.នាមសព្ទ )
ប្រដាប់នេសាទមច្ឆាជាតិ ធ្វើដោយខ្សែធ្មៃមានក្រឡាបួនជ្រុងស្មើ មានខ្សែដៃពីរ មានថ្មសណ្ដូនជើង មានក្រវិលរូតមាត់ សម្រាប់មនុស្សពីរនាក់ជិះលើទូកក្បាលកន្សៃកាន់ចុងប្រដាប់នោះម្ខាងម្នាក់ អុំវាតទូកបញ្ឆៀងទទឹងខ្សែទឹកបណ្ដែតសំរៀមតាមខ្សែទឹក, កាលបើមានត្រីជាប់ ក៏អាចដឹងភ្លាម : នាំគ្នាទៅរកវាតនាម ។
-
នាមកាយ
( ន.នាមសព្ទ )
[នាមៈកាយ]
( បា.បាលី ( បាលីភាសា ) )
កងនៃនាមធម៌, ពួកនៃនាមធម៌, បានដល់ចិត្ត និងចេតសិក ។
-
នាមគ្គហណមង្គល
( ន.នាមសព្ទ )
[នាម័កគៈហៈណៈមង់គល់]
( បា.បាលី ( បាលីភាសា ) )
មង្គលឲ្យនាម គឺមង្គលបង្កក់ ឬបង្កក់ឆ្មបឲ្យឈ្មោះកូនដែលកើតហើយបាន ៣ថ្ងៃ ឬ ៧ថ្ងៃ ។
-
នាមប្បញ្ញត្តិ
( ន.នាមសព្ទ )
[នាម័ប-ប័ញ-ញ៉ាត់]
ការកំណត់ឈ្មោះ, ការឲ្យឈ្មោះ ។ ខ្មែរក្នុងសម័យបុរាណ ច្រើនតែជ្រើសរើសឈ្មោះតាមបង្គាប់ក្នុងក្បួនមហាទក្សា, ឯតាមការណ៍ពិត, ឈ្មោះនោះឥតមានគុណទោសឬសុខទុក្ខល្អអាក្រក់អ្វីទេ គឺតាមតែឲ្យឈ្មោះថាអ្វីក៏បាន, ដូចជាឈ្មោះ ក, កើត, កែវ, គង់, គាំ, ចម្រុង, ចម្រើន, ចាប, ព្រាប, នៅ, រស់, សុខ ជាដើម ពុំមែនសុទ្ធតែពិតដូចឈ្មោះទាំងនោះទេ ប៉ុន្តែទោះបីពុំពិតដូច្នោះក៏ដោយ មនុស្សក្នុងសកលលោក ក៏ច្រើនតែជ្រើសរើសយកឈ្មោះល្បីៗ ឬពីរោះៗមកប្រើដែរ ពីព្រោះចង់ឲ្យកូនចៅបានសមប្រកបដូចឈ្មោះនោះៗ, នេះគឺជាការចាំបាច់របស់មនុស្សស្ទើរតែរាល់រូបក្នុងលោក នឹងបដិសេធចោលក៏ពុំកើត ។
-
នាមាភិធេយ្យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ឈ្មោះឬនាមដែលតែងតាំងដាក់ឲ្យហៅវីរជនណាម្នាក់ អំពីសំណាក់មន្ត្រីមានយសស័ក្ដិ ឬអំពីប្រជានុរាស្ត្រ ។ វីរបុរសជានាមាភិធេយ្យ តែងតាំងដាក់ឲ្យហៅនរជនណា ដែលមានចិត្តក្លាហានមោះមុត, ចេះការពារស្រុកទេស មិនឲ្យធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគ្រប់គ្រាន់ នឹងចេះគោរពស្រឡាញ់ជនជាតិរួមជាតិដោយមិនលំអៀង ។
-
នាម៉ឺន
( ន.នាមសព្ទ )
or នាហ្មឺន
មន្ត្រីមានបណ្ដាស័ក្តិ ១០ ហ៊ូពាន់ គឺស័ក្តិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថា ន៉ាហ្មឺ់ន “ស្រែមួយម៉ឺន”, ន៉ាសែន “ស្រែមួយសែន”; បណ្ដាស័ក្តិមន្រ្តីធំក្នុងសម័យព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាការ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ : ធ្វើជានាហ្មឺន ។ ព. ផ្ទ. រាស្ត្រ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សត្រ ឬ ក្សត្រិយ៍ ទៀតផង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>