Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ដេសផ្ដាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ, និ.និបាតសព្ទ )
[ជើង ដ]
ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ : សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស; និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។
-
ផ្ដែ
( ប.បរិវារសព្ទ )
[ជើង ដ ]
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ផ្ដាច់ ឬ ផ្ដាំ ថា : ផ្ដាច់ផ្ដែកូនចៅ គឺផ្ដាច់កូនស្រី ឬចៅស្រីមិនឲ្យទៅគេដោយមានដំណើរទាស់ឆ្គងបន្តិចបន្តួច;
- ផ្ដែផ្ដាំ គឺផ្ដាំហើយផ្ដាំទៀតពីនេះខ្លះពីនោះខ្លះ ។
-
ផ្ដែក
( កិ.កិរិយាសព្ទ )
[ជើង ដ ]
លើកភារៈឬកិច្ចការទាំងស្រុងដាក់ប្រគល់ឲ្យទៅអ្នកដទៃដោយអាងថាស្រេចនឹងគេ ឬលើកគំនិតផ្អែកទៅលើអ្នកដទៃ : ផ្ដែកមុខការឲ្យ, ផ្ដែកគំនិតទៅលើកូន ។
-
ផ្ដែកវេរ
( កិ.កិរិយាសព្ទ )
[ជើង ដ ]
លើករលាស់កិច្ចការធុរៈទាំងស្រុង ដាក់ទៅលើអ្នកដទៃ មិនទទួលខុសត្រូវលើខ្លួនថែមទាំងទាមយកគុណយកប្រយោជន៍ដែលត្រូវបាននោះផង : មិនគួរបើកមុខការនេះមកផ្ដែកវេរឲ្យខ្ញុំសោះ ។
-
ផ្ដែរ
( ន.នាមសព្ទ )
[ជើង ដ ]
ក្ដាររនាំងបាំងរាំងចន្លោះដំបូលដែលមានជាន់ពីរ : ផ្ដែរវិហារ, ផ្ដែរសាលា ។
-
ផ្ដោត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ដ ]
តម្រង់សំដៅដូចគេដោតពីលើចុះក្រោមដោយគ្រឿងសស្ត្រាវុធ; ឬសត្វស្លាបដែលបោះពួយចុះឬក៏ឆាបសំដៅដាក់ : ផ្ដោតចុងកាំបិត, ផ្ដោតចុងកាំភ្លើង; ខ្សែបោះពួយផ្ដោតឆាបឆក់កូនមាន់ ។
- ផ្ដោតចិត្ត តាំងចិត្តសំដៅឆ្ពោះទៅរកអ្វីមួយ ។
-
ផ្ដោមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ដ ]
ដែលសំពះលើកដាក់ៗ ឬឱនងើបៗ : សំពះផ្ដោមៗ ។
-
ផ្ដោះផ្ដង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ដ ]
និយាយបញ្ចៀសវាសវាងឬបញ្ឆិតបញ្ឆៀងសាសព្ទអំពីហេតុដើម ឬអំពីបំណងរបស់ខ្លួន ដោយសេចក្ដីមិនឲ្យគេចាប់ដំណើរបាន : ផ្ដោះផ្ដងឲ្យដឹង; និយាយផ្ដោះផ្ដង, ច្រៀងផ្ដោះផ្ដង ។
-
ផ្ដៅ
( ន.នាមសព្ទ )
[ជើង ដ ]
ឈ្មោះវល្លិដើមរឹងមួយប្រភេទមានបន្លានៅស្រទប, ធាង, ស្លឹក (ទីទៃពីរពាក់); ផ្ដៅមានឈ្មោះច្រើនប្រភេទគឺ ផ្ដៅទឹក, ផ្ដៅក្រែក, ផ្ដៅឈ្វាំង, ផ្ដៅអារ៉េច, ផ្ដៅដំបង, ព្រះផ្ដៅ..., ជាវល្លិមានប្រយោជន៍យ៉ាងសំខាន់ ប្រើការបានច្រើនយ៉ាង មានប្រើធ្វើចំណងនិងធ្វើកៅអីជាដើម ។
-
ផ្តក់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ត ]
ផ្គងប្លោងសំដៅពីចម្ងាយឲ្យធ្លាក់ចំដូចគេបន្តក់ទៅលើ : ផ្តក់ឲ្យចំ; បាញ់ផ្តក់ឲ្យធ្លាក់ចំទីដៅ ។
<< Prev 1 ... 15 16 17 18 19 20 Next >>