Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផើយ
( ន.នាមសព្ទ )
បង្អួចធំពេញល្វែងមានជញ្ជាំងតឿរងពីក្រោមកាលបើត្រូវការបើកមានចន្ទល់ទល់ ។ រន្ធហុយរបស់សត្វ : រន្ធផើយកណ្ដុរ, រន្ធផើយជាស ឬ ហៅត្រឹមតែ ផើយកណ្ដុរ, ផើយជាស ក៏បាន ។
-
ផឿក
( គុ.គុនសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ឃ្លៀចសម្រាប់មនុស្ស គឺមនុស្សដែលតាមធម្មតា តែងតែមានសម្បុរខ្មៅ, លឿងឬសម្បុរសណ្ដែកបាយ ក៏បែរជាមានស្បែកស, រោមស, សក់ស, រោមភ្នែកស ពីកំណើត : មនុស្សផឿក (មនុស្សឃ្លៀច) ។
-
ផេង
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ឈ្មោះជញ្ជីងមួយប្រភេទសម្រាប់ជាងមាស : ជញ្ជីងផេង ។
-
ផេរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលល្អិតស្មេញក្រាស់ : ល្អិតផេរ, កន្ទេលផេរ, ឡើងផេរ, ចេញផេរ ។
-
ផេះ
( ន.នាមសព្ទ )
សំណុសដែលភ្លើងឆេះសុសជាផង់, ផង់សំណល់នៃវត្ថុដែលភ្លើងឆេះ ។ ផេះ ! ឬ ផេះកណ្ដាលចង្ក្រាន ! ពាក្យសាមញ្ញ សម្រាប់និយាយដោយសេចក្ដីអស់សង្ឃឹមប្រដូចទៅនឹងផេះ គឺថាមិនកើតជាការទេ ។ (ព. ប្រ.) មិនផេះទេ ! មិនកើតការទេ ! ។ ស៊ីផេះ ! ឬ ស៊ីតែផេះ ! គ្មានអ្វីស៊ីទេមានតែផេះ ស៊ីតែផេះចុះ ! (ព. សា.) ។ល។
-
ផែ
( កិ.កិរិយាសព្ទ )
ដំ ឬវាយប៉ាតឲ្យស្ដើងឲ្យរីកចេញទំហំ : ផែប្រាក់, ផែមាស ។
-
ផែ
( ន.នាមសព្ទ )
រាន ឬក្បូនអណ្ដែតទឹកចតចងនៅនឹងក្នុងកន្លែងមួយ សម្រាប់អែបនាវាឲ្យងាកចុះឡើង : ផែកប៉ាល់ ។ ផ្ទះអណ្ដែតទឹក : ផ្ទះផែ ។
- ព្រះដំណាក់ផែ ឬ - ដំណាក់ផែ ដំណាក់អណ្ដែតទឹក សម្រាប់ព្រះរាជាទ្រង់ចុះគង់ក្រសាល តាមកាលរដូវ ។
-
ផែ
( ន.នាមសព្ទ )
ឈ្មោះល្បែងបៀមួយប្រភេទ : លេងផែ, បៀផែ, ឈ្នះផែ ។
-
ផែង
( ន.នាមសព្ទ )
ថែបត្បាញដោយបន្ទោះសំប៉ែត : រោងបាំងផែង ។
- កន្ទេលផែង កន្ទេលត្បាញដោយបន្ទោះឫស្សី ។
- ជញ្ជាំងផែង ជញ្ជាំងផ្ទះបិទបាំងផែង ។
-
ផែត
( ឧ.ឧទានសព្ទ )
សូរឮដោយព្រួសទឹកឬព្រួសទឹកមាត់ : ព្រួសផែត, ព្រួសផែតៗ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>