Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភូធរ
( ន.នាមសព្ទ )
[--ធ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកទ្រទ្រង់នៅលើផែនដី (ភ្នំ) ។ អ្នកទ្រទ្រង់ផែនដី (ព្រះរាជា) : ព្រះភូធរ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រាសាទបវរ សង់ថ្វាយភូធរ ព្រះភូធរគង់ ជាសុខសម្រាន្ត ក្សេមក្សាន្តអភិម- ង្គលកបឫទ្ធិរុង- រឿងតេជះជ័យ ។
-
ភូបាល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកគ្រប់គ្រងរក្សាផែនដី (ព្រះរាជា) ព្រះភូបាល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមព្រះភូបាល ស្ដេចទ្រង់ក្រសាល រំហែព្រះទ័យ រីដងព្រៃនេះ ជាទីនិរភ័យ សូមព្រះភូវន័យ ទ្រង់ព្រះកម្សាន្ត ។
-
ភូម
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទេវតាដែលឋិតនៅផ្ទាល់លើផែនដី ។ ខ្មែរហៅទេវតាឬបិសាចដែលអាស្រ័យនៅទីស្រែចម្ការថា ព្រះភូម ។ សែនព្រះភូម សែនបូជាព្រះភូមក្នុងវេលាដែលរាស់ស្រែនឹងស្ទូង (ចំពោះតែស្រែណាមួយដែលគេធ្លាប់ធ្វើរាល់ឆ្នាំ តាមជំនឿម្ចាស់ស្រែ) ។
-
ភូមទេវតា
ត្រូវប្រើពាក្យ ភុម្មទេវតា វិញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
ភូមរា
[ភូមៈ-- ]
or ភូមរី
ដូចគ្នានឹង ភមរ, ភមរី ដែរ ។
-
ភូមរិន្ទ
[ភូមៈរិន ]
ដូចគ្នានឹង ភមរិន្ទ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
ភូមា
( ន.នាមសព្ទ )
ឈ្មោះប្រទេសមួយក្នុងភាគដីឥណ្ឌូចិននៅជាខាងឯលិចប្រទេសសៀម : ប្រទេសភូមា ។ ពួកមនុស្សអ្នកប្រទេសនោះក៏ហៅថា ភូមាដែរ : ជាតិភូមា, ពួកភូមាជាពុទ្ធសាសនិកថេរវាទដូចខ្មែរដែរ ។
-
ភូមិ
( ន.នាមសព្ទ )
[ភូម ]
or ភូមិ៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភូមិ) ផែនដី, ទីដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់ ។ ខ្មែរច្រើនប្រើសំដៅទីដែលមានប្រជុំផ្ទះលំនៅក្នុងតំបន់នីមួយៗ : ភូមិតូច, ភូមិធំ ។ ភូមិឋាន ទីភូមិ ។
- ភូមិលំនៅ ផ្ទះលំនៅក្នុងភូមិ ។
- ភូមិភាគ (ភូ-មិភាក) ប៉ែកផែនដី, ប៉ែកទីតំបន់ ។
- ភូមិប្រទេស (ភូមិ--) ប្រទេសផែនដីនីមួយៗ ។ល។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទឯទៀតក៏មាន, ដូចជា :
- គេហភូមិ (គេហៈភូម) ថ្នាក់ផ្ទះ ។
- ឋានន្តរភូមិ (ឋាន៉ន់-តៈរ៉ៈភូម) ថ្នាក់ងារការ, ថ្នាក់យសស័ក្តិ ។
- បច្ចេកភូមិ (ប៉័ច-ចេកៈភូម) ទីជាព្រះបច្ចេកពុទ្ធ ។
- ពុទ្ធភូមិ (ពុត-ធៈភូម) ទីជាព្រះពុទ្ធ ។
- អរិយភូមិ (អៈរ៉ិ-យៈភូម ឮ) ថ្នាក់របស់អរិយបុគ្គល, ថ្នាក់អរិយធម៌ ។ល។
-
ភូមិន្ទ
( ន.នាមសព្ទ )
[--មិន ]
or ភូមេន្រ្ទ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ភូមិ + ឥន្ទ; < ភូមិ + ឥន្ទ្រ) អ្នកដែលជាធំជាងអស់ប្រជាជនលើផែនដី (ព្រះរាជា) ។ សព្ទថា ភូធន, ភូធរ, ភូធរេស ឬ ភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេស ឬ ភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេស ឬ ភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្ក ឬ ភូសក្រ... ទាំងអស់នេះប្រែថា ព្រះរាជា ដូចគ្នា ប្លែកបន្តិចបន្តួចតែរាជសព្ទធំតូចជាងគ្នាប៉ុណ្ណោះ, ត្រូវប្រើពាក្យថា ព្រះ ដាក់នាំខាងដើមផ្សំផង, តែបើប្រើក្នុងកាព្យមិនបាច់ដាក់ពាក្យថា ព្រះ ផ្សំក៏បានខ្លះ ដោយសម្រួលពាក្យចួន ។
-
ភូមិបាល
( ន.នាមសព្ទ )
[--មិ-- ]
( បា.បាលី ( បាលីភាសា ) )
(ភូមិ + បាល) ឈ្មោះក្រុមក្នុងក្រសួងរាជការ មានមុខងារនាទីខាងកាន់កាប់បញ្ជីដីភូមិ និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ : ការិយាល័យនៃភូមិបាល, ចាត់ភ្នាក់ងារភូមិបាលឲ្យទៅអង្កេតដីចម្ការដែលកើតហេតុ ។
<< Prev 1 ... 15 16 17 18 19 20 Next >>