Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រង
( ន.នាមសព្ទ )
ពំនូកដីដែលពូនជាភ្លឺដាំដំឡូងជ្វាជាដើម មានជ្រលងទាបត្រង់ចន្លោះ : រងដំឡូង, រងត្រាវ, លើករងខ្ញី, ពូនរងដំឡូង ។ ប្រដាប់ សម្រាប់ទ្រពីក្រោម : រងប្រអប់, រងហឹបស្លា ឬ រងស្លា ។
- រងទឹក ប្រឡាយតូចដែលលកក្រោមចុងសំយាបដំបូល ជាផ្លូវសម្រាប់បង្ហូរទឹកភ្លៀងដែលធ្លាក់អំពីដំបូល មិនឲ្យហូរចូលមកខាងក្នុង : ជីករងទឹករោង ។
- រងព្រះជង្ឃ (រ. ស.) ខ្នើយរងជង្គង់ ។
- រងព្រះបាទ (រ. ស.) ខ្នើយជើង ។
- រងព្រះសិរ (រ. ស.) ខ្នើយកើយ ។
-
រង
( គុ.គុនសព្ទ )
ដែលឡើងថ្លាព្រោះភក់ឬកករធ្លាក់ចុះទៅខាងក្រោម : ដងទឹកល្អក់ទុកឲ្យរង, ទឹកកំបោររង ។
-
រង
or រង់
(មើលក្នុងពាក្យ រុង) ។
-
រងឆាយ
( ន.នាមសព្ទ )
បន្ទះឈើដែលដាក់ថែមស៊ែមលើខ្នងរងស្បូវសម្រាប់ទ្រចុងក្បឿង ត្រង់ទីបំផុតចុងសំយាប ។
-
រងជើង
( ន.នាមសព្ទ )
អំបោះឬសូត្រចុងអន្ទងដែលសល់បន្តិច ព្រោះខ្លីបោះត្រល់ត្បាញ មិនកើត : កាត់រងជើង, អំបោះរងជើង ។
-
រងទឹក
(មើលក្នុងពាក្យ រង ២ ន.) ។
-
រងល់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រងោក ថា : រងោករងល់ រងោកពាសពេញ ។
-
រងា
( គុ.គុនសព្ទ )
ដែលមានសម្ផស្សត្រជាក់ខ្លាំងបណ្ដាលឲ្យជ្រួតជ្រាបព្រឺសាច់ព្រឺរោម : ខែរងា, រដូវរងា ។ កិ. ទទួលសម្ផស្សត្រជាក់ខ្លាំង បណ្ដាលឲ្យត្រូវការសម្ផស្សក្ដៅជួយការពារឲ្យកក់ក្ដៅ : អ្នកមិនសូវរងាទេឬ ? ខ្ញុំរងាណាស់ ។ ព. ប្រ. ភ័យបារម្ភខ្លាចសត្រូវ ព្រោះឥតទីពំនាក់ឬព្រោះមិនមានគ្រឿងការពារ : តាំងពីដួចរាជការចាត់ឲ្យមានមណ្ឌលនីតិកម្មមកនៅជិតភូមិយើងៗ បានកក់ក្ដៅមិនរងាដូចពីដើម ។ ន. អាកាសដែលបណ្ដាលឲ្យត្រជាក់ខ្លាំង ព្រឺសាច់ព្រឺរោម : យប់នេះមានរងាច្រើនជាងយប់ម្សិល ។
-
រងាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលងក់ងើបៗបន្តិចៗដោយអាការលឿនគគាតឬដែលងើបៗដាក់ៗគ្រលែងបន្តិចៗ : ដើររងាក់ទាំងថ្ងៃត្រង់; ដំណើររងាក់ (ព. ព.) ។
-
រងាក់រងើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលរបះរបើងងើកៗរឿយៗដោយរលាក់ឬដោយអង្រួន : ជិះរទេះ រលាក់រងាក់រងើករកកល់ខ្យល់ចាប់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>