Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លាក់ធ្យូង
( ន.នាមសព្ទ )
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយមានគ្នាច្រើននាក់ អង្គុយសណ្តូកជើងទាំងពីរផ្កាប់បាតដៃទាំងពីរក្តោបដាក់លើក្បាលជង្គង់, មានក្មេងពីរនាក់មិនអង្គុយសណ្តូកជើងទេ, ម្នាក់កាន់ធ្យូងរឹងមួយដុំតូចចាប់បើកបាតដៃក្តោបទាំងអស់នោះផ្អឹបៗរៀងតាមលំដាប់លាក់ធ្យូងក្នុងដៃណាមួយ, ម្នាក់ទៀតចាំទាយ, បើទាយត្រូវៗមានអំណាចកាន់ដុំធ្យូងលាក់; ក្មេងម្នាក់ដែលគេលាក់ធ្យូងក្នុងដៃខ្លួនរួចហើយនោះ ត្រូវក្រោកទៅចាំទាយធ្យូង; ឯក្មេងដែលកាន់ធ្យូងលាក់មុននោះ ត្រូវមកអង្គុយសណ្តូកជើងត្រង់កន្លែងក្មេងដែលក្រោកនោះវិញ; តែបើទាយមិនត្រូវទេ, អ្នកលាក់ធ្យូងត្រូវមានអំណាចកាន់ធ្យូងលាក់តទៅទៀត : លេងលាក់ធ្យូង (ជាល្បែងហាត់មើលអាការទឹកមុខមនុស្សព្រោះអ្នកដែលគេលាក់ធ្យូងក្នុងដៃ រមែងតែមានទឹកមុខប្លែកល្មមឲ្យគេសង្កេតបាន) ។
-
លាឃវៈ
( ន.នាមសព្ទ )
[--ឃវៈ]
or លាឃព (--ឃប់)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លាឃវ) ការស្រាល; ការប្រញាប់, រំហ័ស; គំនិតរហ័ស, វាងវៃ; អនាម័យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូនឯងជាលាឃព ពុំគួរងប់នឹងការលេង ទ្រព្យធនរលីងធេង ព្រោះតែល្បែងបង្ហិនខ្លួន ។
-
លាង
( កិ.កិរិយាសព្ទ )
ជម្រះ, សម្អាត ដោយវត្ថុរាវមានទឹកជាដើម : លាងដៃ, លាងចាន, យកប្រេងកាតលាងដៃឲ្យជ្រះម្រ័ក្សណ៍ ។
- លាងមុខ ជម្រះមុខ, លុបមុខ ។ ព. ប្រ. លាងចិត្ត ជម្រះចិត្ត, សម្អាតចិត្ត ឲ្យបរិសុទ្ធ ។
- លាងបាប ជម្រះឲ្យអស់បាប (តាមលទ្ធិព្រាហ្មណ៍ជាដើម) ។
- លាងពៀរ ជម្រះពៀរ គឺលែងចងពៀរតទៅទៀត ។ល។
-
លាងសាធ
( កិ.កិរិយាសព្ទ )
[--សាត]
or សាធ
ព្រមសុខចិត្តសះជាលែងប្តឹងប្រកាន់គ្នាតទៅទៀត : ព្រមទទួលលាងសាធ ។ ប្រើជា គុ. ក៏បាន : ក្តីលាងសាធ ឬ ក្តីសាធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាធ>សាធ ទៀតផង) ។
-
លាជ
( ន.នាមសព្ទ )
[លាច]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គ្រាប់ធញ្ញជាតិមានស្រូវជាដើម ដែលផ្ទុះបែករីកព្រោះលីង : លាជដំណើប, លាជថ្ពៅ ។
-
លាជផ្ទុះ
( ន.នាមសព្ទ )
[លាច--]
ឈ្មោះឈើតូចមួយប្រភេទសាច់រឹងស្រួយ, ច្រើនដុះនៅទំនាប ឬក្នុងព្រៃរនាម, ផ្ការីកមានសម្បុរ-ស សណ្ឋានដូចលាជដែលលីងផ្ទុះ, ដើមប្រើការរាយរងមានធ្វើដងកណ្ដបជាដើមបាន ។
-
លាញ
( កិ.កិរិយាសព្ទ )
ខូច, វិនាស, អន្តរាយ : ភ្លើងឆេះផ្ទះលាញទ្រព្យសម្បត្តិអស់គ្មានសល់ ។
- លាញទៅ ! ខូចទៅ ! (ពាក្យផ្តន្ទា) ។
- អាលាញ ! អាខូច !, អាហិនហោច ! (ពាក្យជេរ) ។
-
លាត
( កិ.កិរិយាសព្ទ )
លា, ត្រដាង; សន្ធឹង; ក្រាល; ធ្វើឲ្យរណៈ លាតដៃ, លាតជើង; លាតតម្បាញ; លាតកម្រាល; លាតស្លឹក ។
-
លាត
( គុ.គុនសព្ទ )
រលីងទទេ ឥតក្បាច់, ឥតផ្កា, ឥតភ្ញី, ឥតស្នាមគំនូស : ហោជាងលាត, សំពត់លាត, ក្រដាសលាត ។ ព. ប្រ. ដែលនៅលីវសុទ្ធសូន្យ : កំលោះលាត ។ ដែលគ្មានចំណេះអ្វី សូម្បីតែអក្សរក៏ពុំចេះ : មនុស្សលាត ។
-
លាត់
( កិ.កិរិយាសព្ទ )
សើយត្រឡប់យកក្នុងជាក្រៅ ពីក្រោមឡើងលើ : លាត់សំពត់, លាត់ជើងខោ ។ បកទាញស្បែកត្រឡប់មកក្នុងជាក្រៅ : លាត់ស្បែកពស់, លាត់កង្កែប ។
- លាត់កង្ខើញចូល លាត់សម្លៀកកង្ខើញចូល ។
- លាត់សើយ ឬ - សើយលាត់ លាត់ៗសើយៗឬសើយៗលាត់ៗឬក៏លាត់ផងសើយផង ។
- អ្នកលេងលាត់សើយ ឬ
- --សើយលាត់ អ្នកលេងកោងកាចដែលរមែងតែលាត់សើយឬសើយលាត់ដើរឥតក្រែង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នកលេងលាត់សើយ កាលអស់ទ្រព្យហើយ ធ្វើទុក្ខបងប្អូន ជួនជេរប្រពន្ធ ជួនវាយធាក់កូន អស់ទាំងបងប្អូន គេខ្ពើមរាល់គ្នា ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>