Khmer Dictionary: វ
Chuon Nath's Khmer-Khmer Dictionary
-
វាក់
( កិ.កិរិយាសព្ទ )
ភ័ន្តច្រឡំ; ចាំស្រពេចស្រពិល : វាក់គំនិត, វាក់ស្មារតី, វាក់ផ្លូវ ។
-
វាក្យ
( ន.នាមសព្ទ )
[--ក្យៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពាក្យ, សម្តី; វោហារ; ប្រយោគ ។ ប្រយោគមួយៗដែលមានសេចក្ដីគ្រប់គ្រាន់, ដូចជា : គេខំប្រឹងរៀនចំណេះដើម្បីប្រយោជន៍ឲ្យកើតទ្រព្យសម្បត្តិ (ព. វ.) ។
- វាក្យបរិវត្តន៍ (--ក៉្យៈប៉ៈរ៉ិវ័ត) ការប្រែពាក្យ គឺការប្រែពីភាសាមួយទៅមួយ ។
- វាក្យសព្ទ សព្ទគឺពាក្យ, ប្រជុំពាក្យសម្រាប់ប្រើក្នុងភាសានីមួយៗ, មេពាក្យដែលប្រើក្នុងវិជ្ជានីមួយៗ : ចេះវាក្យសព្ទ, រៀនវាក្យសព្ទ ។
- វាក្យសម្ពន្ធ (--សំ-ព័ន) សម្ពន្ធនៃពាក្យ, ការចងក្រងពាក្យ; ផ្នែកវេយ្យាករណ៍និយាយពីមុខការនាទី និងរបៀបនៃពាក្យពេចន៍ក្នុងប្រយោគនីមួយៗ ។
- វាក្យាង្ស (--ក្យ៉ាង-សៈ ឬ--ក្យ៉ាង; < វាក្យ + អំស “ចំណែក”) ចំណែកប្រយោគ គឺសង្កាត់ពាក្យដែលមានសេចក្ដីមិនទាន់គ្រប់គ្រាន់, ដូចជា : ផ្ទះរបស់ខ្ញុំ; ស្រុកកើតជំងឺ (ព. វ.) ។
- វាក្យារម្ភ (--ក្យ៉ារុ័ម-ភៈ ឬ--រ៉ំ; < វាក្យ + អារម្ភ “ផ្តើម”) ការផ្តើមពាក្យ ។ និបាតសព្ទសម្រាប់ផ្តើមពាក្យ, ដូចជា : ក៏, ឯ, ក៏ឯ; ចំណែកឯ,... (ព. វ.) ។ល។
-
វាក្យ --
(មើលក្នុងពាក្យ វាក្យ ន.) ។
-
វាក្យា --
(មើលក្នុងពាក្យ វាក្យ ន.) ។
-
វាគារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការខុសសញ្ញា, ដំណើរខុសប្តេជ្ញា, ការបង់ពាក្យសត្យ ។ អ្នកបំភ្លាត់ពាក្យប្តេជ្ញា, អ្នកបង់ពាក្យសត្យ, អ្នកនិយាយមិនទៀងទាត់ ។
-
វាគុរា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
នេសាទុបករណ៍ពួកមួយមានក្រឡាបណ្ដាញ មានសំណាញ់, មង, បន្តឹង, បង្កាត់ ជាដើម ។
-
វាគុរិក
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកចិញ្ចឹមជីវិតដោយការដាក់វាគុរា; ព្រានអ្នកដាក់វាគុរា; បើស្រ្តីជា វាគុរិកា ។
-
វាគ្មិន
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ ។ ន. អ្នកឈ្លាសសម្តី; អ្នកមានសម្តីថ្វីមាត់, អ្នកពូកែសម្តី : សូមលោកថ្លែងការណ៍ចុះ ព្រោះលោកជាវាគ្មិនមានល្បីណាស់ ។
-
វាង
( គុ.គុនសព្ទ )
ដែលវៀចវែង, ដែលកុងវែង, ដែលវៀចកុងចែងវ៉ែង : ផ្លូវវាង, គំនិតវាង, សម្តីវាង ។
-
វាងវៃ
( គុ.គុនសព្ទ )
ដែលមានប្រាជ្ញាវាងកេលកុងទាំងរហ័សផងទៀត គឺដែលឈ្លាសវៃ, ដែលដឹងផ្លូវដឹងឧបាយ : ប្រាជ្ញាវាងវៃ, គំនិត--, មនុស្ស-- (គួរកុំច្រឡំប្រើជា វៀងវៃ ព្រោះខុសទេ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>