Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្កែ
( ន.នាមសព្ទ )
ឈ្មោះឈើអសារជាតិមួយប្រភេទ សាច់សរឹង, អ្នកស្រុកកណ្ដាលស្ទឹងពេញចិត្តដាំតាមភ្លឺស្រែ, ជ្រុះស្លឹកមកនាំឲ្យដីស្រែចម្រើនជាតិល្អ, ជាឈើងាយកើត ទោះកាប់ក្របែលដើមទុកឲ្យនៅតែគល់ ក៏អាចចាប់ដុះជាលំពង់លូតលាស់ចម្រើនឡើងទៀតបាន, គេប្រើការបន្ទំល័ក្តក៏បាន ធ្វើជាឧសដុតក៏បាន ស្លឹកប្រើការមូរបារីក៏បាន, ជាឈើមានប្រយោជន៍ គួរប្រជាពលរដ្ឋគ្រប់ស្រុកពេញចិត្តដាំតាមភ្លឺស្រែរាល់គ្នា ឬដាំធ្វើជារបងភូមិរបងចម្ការផងក៏ស្រួលណាស់, បើឧស្សាហ៍កាប់កាត់សម្រួលរឿយៗ មិនចម្រើនម្លប់ដល់ទៅបោកស្រូវ ឬបោកដំណាំឲ្យអន់ឡើយ ។
-
សង្កែ
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង ។
-
សង្កែភ្លើង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សណ្ឋានស្លឹកស្រដៀងនឹងស្លឹកឪជ្រឹង, គេច្រើនប្រើសំបកធ្វើជាថ្នាំរម្ងាប់រោគបានច្រើនយ៉ាង តាមគួរដល់ការផ្សំប្រើតាមតម្រាគ្រូថ្នាំបុរាណ ។
-
សង្កោចន
( ន.នាមសព្ទ )
[សង់កោចៈ ន៉ៈ ]
or សង្កោចន៍
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សង្កោចន) ដំណើរជ្រួញ, ជ្រីវ; ការចងចិញ្ចើម; ដំណើរជូរមុខ, ដំណើរធ្វើមុខក្រញូវ ។
- សង្កោចនភាព (--ចៈន៉ៈភាប) ភាពជូរមុខ, ភាពក្រញូវមុខ : សម្ដែងសង្កោចនភាពរកគ្នា ។
- សង្កោចនាការ (--ចៈន៉ាកា; សំ. បា. < សង្កោចន + អាការ) អាការជូរមុខ, អាការក្រញូវមុខ : ទទួលភ្ញៀវដោយសង្កោចនាការ ។ល។
-
សង្កោប
( ន.នាមសព្ទ )
[សង់កោប៉ៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការកម្រើក; ការកក្រើកចិត្ត, សេចក្ដីក្រោធ ។
- សង្កោបការណ៍ (--ប៉ៈ--) ហេតុនៃកំហឹង, ហេតុដែលបណ្ដាលឲ្យខឹង ។
- សង្កោបមូល (--ប៉ៈ--) មូល, ដើមហេតុ, ប្រភពនៃកំហឹង; ដើមទងដែលនាំបណ្ដាលឲ្យក្រោធ ។ល។
-
សង្ខកុដ្ឋិ
( ន.នាមសព្ទ )
[សង់ខៈកុត-ឋិ ឬ--កុត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝង្ខកុឞ្ឋិ) ឃ្លង់ល្ពៅ ។ រ. ស. ឬ ព. ខ្ព. ។
-
សង្ខតធម៌
( ន.នាមសព្ទ )
[សង់ខៈតៈ ធ័រ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សង្ខតធម្ម; សំស្ក្ឫត + ធម៌) ធម៌ដែលបច្ច័យប្រជុំតាក់តែង, សង្ខារឬសង្ខារធម៌ : សាកលលោកជាសង្ខតធម៌ ។ ព. ផ្ទ. អសង្ខតធម៌ ។
-
សង្ខារ
( ន.នាមសព្ទ )
[សង់-ខា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំស្ការ) ការតាក់តែង, គ្រឿងប្រកបឬតាក់តែង; គ្រឿងប្រុង; ភ្ជុំ, ប្រមូលផ្សំ; សព៌ាង្គកាយ; ជីវិត; គំនិត; អ្វីៗទាំងពួងក្នុងលោក;... ។
- សង្ខារក្ខន្ធ (--រុ័ក-ខ័ន) គំនរឬកងនៃគំនិត (ដែលរាប់ជាខន្ធទី ៤ ក្នុងខន្ធទាំង ៥) ។
- សង្ខារទុក្ខ (--រ៉ៈទុក) សេចក្ដីព្រួយលំបាករបស់ជីវិតឬព្រោះជីវិត ។
- សង្ខារធម៌ (--រ៉ៈធ័រ) ធម៌គឺសង្ខារឬសង្ខារដែលរាប់ថាធម្មតា ។
- សង្ខារនិរោធ (--រ៉ៈនិរោត) ដំណើររលត់សង្ខារ, ដំណើរលែងមានសង្ខារតទៅទៀត ។
- សង្ខារបច្ច័យ ឬ--រប្បច្ច័យ (--រ៉ៈ ឬ រុ័ប -បុ័ច-ចៃ) ធម៌ដែលជាបច្ច័យឲ្យកើតវិញ្ញាណ ។
- សង្ខារបធាន ឬ --រប្បធាន (--រ៉ៈ ឬ រុ័ប-ប៉ៈ--) ការតាំងនៅមាំរបស់សង្ខារ ។
- សង្ខារលោក (--រ៉ៈ--) លោកគឺសង្ខារ, លោកដែលទុកថាជាសង្ខារ; សេចក្ដីចម្រើននិងសេចក្ដីវិនាស ។
- សង្ខារុបេក្ខា (--ប៉េក-ខា; បា. < សង្ខារ + ឧបេក្ខា) ដំណើរជើយព្រងើយចំពោះអ្វីៗទាំងពួង ។ល។ កាយសង្ខារ (--យ៉ៈសង់ខា) ខ្យល់ដកដង្ហើមចេញចូល ។
- ចិត្តសង្ខារ (ចិត-តៈសង់ខា) សញ្ញានិងវេទនា ។
- ជីវិតសង្ខារ (--តៈសង់ខា) អាយុ, ភ្លើងធាតុនិងបដិសន្ធិវិញ្ញាណ។
- វចីសង្ខារ (វៈចីសង់ខា) វិតក្កៈ និង វិចារៈ (ព. ពុ. ទាំងអស់) ។ល។
-
សង្ខិត្ត
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
[សង់ខិត-តៈ ឬ សង់ខិត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
( បា.; សំ. សំក្សិប្ត ) បំប្រួញឲ្យខ្លី; បង្រួញ; ស្លេះទុក; ដែលរួញ, រួញរា; សង្ខេប : រឿងនេះត្រូវសង្ខិត្តទុកសិន; រឿងសង្ខិត្ត ។
- សង្ខិត្តកថា (សង់ខិត-តៈកៈថា) ពាក្យសង្ខេប ។
- សង្ខិត្តចិត្ត ចិត្តរួញ, ចិត្តរួញរា ។
- សង្ខិត្តន័យ ន័យសង្ខេប ។ល។
-
សង្ខុញ
( កិ.កិរិយាសព្ទ )
ជំរុញ, រុញដោយប្រញាប់ឲ្យជ្រុលឬឲ្យលឿនទៅមុខ; បង្ខំខ្លាំងឲ្យទាន់ចិត្ត, បន្ទាន់ចិត្ត : សង្ខុញឲ្យទាន់ការ, សង្ខុញដាក់; សួរសង្ខុញ, ទារសង្ខុញ, សង្ខុញចូល ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>