Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
សង្គីតិ
( ន.នាមសព្ទ )
[សង់គី-តិ ]
( បា.បាលី ( បាលីភាសា ) )
សង្គាយនា ។
- សង្គីតិកថា ពាក្យសង្គាយនា, ពាក្យដែលមានក្នុងសង្គាយនា ។
- សង្គីតិការណ៍ ហេតុដែលនាំឲ្យធ្វើសង្គាយនា ។
- សង្គីតិកាល ឬ--សម័យ កាលឬសម័យដែលធ្វើសង្គាយនា ។
- សង្គីតិនិទាន ឬ --ប្រវត្តិ រឿងតំណាលអំពីសង្គាយនា ។ល។
-
សង្គីតិក
( ន.នាមសព្ទ )
[សង់គី-តិ-កៈ ឬ--តិក ]
( បា.បាលី ( បាលីភាសា ) )
អ្នកសង្គាយនា ។ វេវ. សង្គាហក ។ សង្គីតិកាចារ្យ (< សង្គីតិក + អាចាយ៌) សង្គាហកាចារ្យ ។ សង្គីតិកត្ថេរ សង្គាហកត្ថេរ (ព. ពុ.) ។
-
សង្គ្រាម
( ន.នាមសព្ទ )
[សង់គ្រាម ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សង្គាម) ចម្បាំង, ទ័ព, សឹក : ស្រុកកើតសង្រ្គាម ។ សង្រ្គាមជ័យ ជ័យរបស់សង្គ្រាម, ការឈ្នះចម្បាំង (ការច្បាំងឈ្នះ) ។
- សង្រ្គាមយោធា (សង់គ្រាមៈ--) ពួកទាហានដែលចូលកាន់សង្រ្គាម, ពួកទាហានដែលកំពុងតយុទ្ធ ។
- សង្រ្គាមសីរ្ស (សង់គ្រាមៈ-សេ; សំ. សង្រ្គាម + ឝីឞ៌) ក្បាលទ័ព, ទ័ពស្រួច; ទីជាប្រធាននៃទ័ព, សមរភូមិសំខាន់ ។ល។
-
សង្គ្រះ
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សំគ្រហ ឬ សង្គ្រហ, ហ > ះ បាន) ពិគ្រោះគ្នា, ប្រឹក្សាគ្នា, ជជែកដេញដោលគ្នារកខុសរកត្រូវ: សង្រ្គះគ្នាឲ្យឃើញខុសត្រូវ (ម. ប្រ.) ។
-
សង្ឃ
( ន.នាមសព្ទ )
[សង់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រើជា សំឃ ក៏បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។ តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី ៤ រូបឡើងទៅ : ជំនុំសង្ឃ, របស់សង្ឃ, អាជ្ញាសង្ឃ, សង្ឃព្រមពៀងគ្នា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់ឃៈ, ដូចជា :
- សង្ឃកតិកា (--កៈ--) ប្តេជ្ញារបស់សង្ឃ ។
- សង្ឃកម្ម ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា ។
- សង្ឃករណីយកិច្ច កិច្ចដែលសង្ឃត្រូវធ្វើ (មានការជួសជុលសេនាសនៈជាដើម) ។
- សង្ឃការី (តាមទម្លាប់ អ. ថ. សង់ខ្រី) អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម ។
- សង្ឃកិច្ច កិច្ចការផ្សេងៗរបស់សង្ឃ ។
- សង្ឃគតទាន (សង់ឃៈគៈតៈ--) ទានដែលបង្អោនទៅចំពោះសង្ឃគឺទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃគារវតា (--រៈវៈ--) សេចក្ដីគោរពចំពោះសង្ឃ ។
- សង្ឃគុណ គុណព្រះសង្ឃ គឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ ។
- សង្ឃដីកា ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស) ។
- សង្ឃត្ថេរ ឬ--រៈ ភិក្ខុដែលជាថេរៈក្នុងជំនុំសង្ឃ ។
- សង្ឃទាន ទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃទាសៈ ឬ - សង្ឃទាសី បុរសឬស្ត្រីដោយប្តេជ្ញាប្រគល់ខ្លួនជាអ្នកធ្វើការបម្រើសង្ឃហាក់ដូចជាទាសៈឬទាសី ។
- សង្ឃទូត បម្រើរបស់សង្ឃ, តំណាងសង្ឃ ។
- សង្ឃនវក (--នៈវៈកៈ ឬ--នៈវក់) ភិក្ខុថ្មីក្នុងសង្ឃ គឺភិក្ខុដែលទើបនឹងបួសថ្មីក្នុងជំនុំសង្ឃមួយពួកៗ ។
- សង្ឃនាយក (--យក់) មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ ។
- សង្ឃបញ្ជា ពាក្យបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃបរិនាយក (--ប៉ៈរ៉ិនាយក) ព្រះថេរៈដែលជាអ្នកត្រួតត្រាលើសង្ឃមួយពួកៗ ។
- សង្ឃបរិភោគ ការប្រើប្រាស់របស់ក្នុងអំណាចសង្ឃ (ព. ផ្ទ. បុគ្គលបរិភោគ) ។
- សង្ឃបាមោក្ខ (-ប៉ា-ម៉ោក) ព្រះថេរៈដែលជាប្រធានឬជាមេរបស់សង្ឃ, មេក្រុមក្នុងវត្តមួយៗ ឬមេគណក្នុងខែត្រមួយៗ ។
- សង្ឃបិតា ព្រះមហាថេរដែលទុកដូចជាបិតារបស់សង្ឃ ។
- សង្ឃបូជា បូជាចំពោះសង្ឃ ។
- ព្រះសង្ឃប្រកាស ឬ ព្រះសង្ឃរាជប្រកាស សេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃនាយក ឬសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជ ។
- សង្ឃប្រណាម ការបង្អោនកាយវាចាចិត្តថ្វាយបង្គំចំពោះសង្ឃគុណ ។
- សង្ឃភត្ត ភត្តដែលទាយកប្រគេនសំពោះសង្ឃ ។
- សង្ឃភេទ ការបំបែកសង្ឃ (ដោយពេញតាមលក្ខណៈវិន័យ) ។
- សង្ឃភេទកៈ ភិក្ខុអ្នកបំបែកសង្ឃ ។
- សង្ឃមណ្ឌល ជំនុំសង្ឃ; ភិក្ខុសង្ឃក្នុងប្រទេសឬដែននីមួយ ។
- សង្ឃមាមកៈ អ្នករាប់អានសង្ឃថាជារបស់ខ្លួន (អ្នកប្តេជ្ញាយកសង្ឃរតនៈ ជាសរណៈ); បើស្ត្រីជា សង្ឃមាមិកា ។
- សង្ឃរតនៈ ឬ - សង្ឃរ័ត្ន រតនៈ គឺសង្ឃ, សង្ឃដែលទុកដូចជារតនៈ ។
- សង្ឃរាជ ឬ - សង្ឃរាជា សម្ដេចសង្ឃ ។
- សង្ឃរាជី ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ ។
- សង្ឃវង្ស វង្សរបស់សង្ឃ ។ ខ្មែរប្រើពាក្យនេះជាសមណស័ក្ដិទីបាឡាត់ខាងស្ដាំ ជាឋានានុក្រមសម្រាប់សម្ដេចព្រះមហាសង្ឃរាជ : ព្រះបាឡាត់សង្ឃវង្ស ជាគូគ្នានឹង ព្រះបាឡាត់សង្ឃរក្ខ (បាឡាត់ខាងឆ្វេង) ។
- សង្ឃសម្មតិ (--ស័ម-ម៉ៈតិ) សន្មតិរបស់សង្ឃ ។
- សង្ឃសាមគ្គី សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម ។
- សង្ឃាណត្តិ (បា. < សង្ឃ + អាណត្តិ) សេចក្ដីបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃានុស្សតិ (បា. < សង្ឃ + អនុស្សតិ) សេចក្ដីរឭកដល់សង្ឃគុណ ។
- សង្ឃុបដ្ឋាក (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នកបម្រើឬទំនុកបម្រុងសង្ឃ; បើស្ត្រីជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា) ។ល។
-
សង្ឃ --
or សង្ឃា-- សង្ឃុ--
(ម. ក្នុង ព. សង្ឃ) ។
-
សង្ឃក
( កិ.កិរិយាសព្ទ )
[សង់-ឃក ]
ស្រែកគំហកបង្រ្គបលើ, ស្រែកសន្ធាប់ខ្លាំង : សង្ឃកដាក់, សង្ឃកឲ្យ; ខ្លាសង្ឃក; ស្រែកសង្ឃក ។
-
សង្ឃការី
( ន.នាមសព្ទ )
[សង់ឃ័ក ការ៉ី]
( បា.បាលី ( បាលីភាសា ) )
អ្នកធ្វើការសង្ឃ, ក្រុមអ្នករាជការក្នុងព្រះរាជវាំងមានមុខការខាងគ្រប់គ្រងព្រះសង្ឃ និងវត្តអារាម ប្រហែលគ្នានឹងក្រសួងធម្មការបច្ចុប្បន្ននេះដែរ ។
-
សង្ឃរា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យុះ) ។
-
សង្ឃសត្ថា
( ន.នាមសព្ទ )
[ស័ង ឃៈ-ស័ត ថា]
( បា.បាលី ( បាលីភាសា ) )
គ្រូរបស់សង្ឃ, ជាព្រះនាមសមណសក្ដិរបស់មន្ត្រីសង្ឃថ្នាក់កិត្តិយស ។ កាលសម្ដេច ជួន ណាត មិនទាន់បាននាទីជាព្រះមហាសុមេធាធិបតី ព្រះអង្គជាព្រះគ្រូសង្ឃត្ថា ជាអាចារ្យសាលាបាលីជាន់ខ្ពស់ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>