Khmer Dictionary: ហ
Chuon Nath's Khmer-Khmer Dictionary
-
ហួយ
( ន.នាមសព្ទ )
(ចិ. ហូយហួយ) ឈ្មោះល្បែងស៊ីសងមួយប្រភេទ មានដើមកំណើតអំពីពួកចិនលេងដោយចេញរូបមាន ៣៦ រូបណាមួយ ឬចេញតួអក្សរ, តួលេខ ៣៦ តួ តួណាមួយ, ចេញក្នុងមួយថ្ងៃពីរពេល ព្រឹកម្តងល្ងាចម្តង ឲ្យពួកអ្នកចូលចិត្តលេងចាក់ផ្សងតាមសំណាង, ជាល្បែងនាំឲ្យមនុស្សទាំងឡាយញៀនជាប់ចិត្តមិនងាយលែងលេង, នាំឲ្យខាតវេលាធ្វើការរបរនិងការសិក្សា ហិនហោចទ្រព្យសម្បត្តិមិនភ្ញាក់ខ្លួន (មានតែក្នុងសម័យពីដើម) : អ្នកលេងហួយច្រើនតែផ្សងយល់សប្ន ឬ ស្វែងរកគ្រូចេះយឹតចេះខាប ។
-
ហួរ
( កិ.កិរិយាសព្ទ )
ស្រូបរាវដោយចំពុះ (ចំពោះតែសត្វពួកទាពួកក្ងាន) : ទាហួរ, ប្រវឹកហួរ ។
- ហួរហែក ឬ - ហែកហួរ ហែកច្រៀកខ្ទេចខ្ទី ឬហែកឈ្លីញីញក់ ។
-
ហួល
( គុ.គុនសព្ទ )
ឈឺអួលស្រយង់ខ្លាំងដោយមានប៉ៈទង្គុកទង្គិចត្រូវសរសៃអណ្ឌៈ ។
-
ហួស
( កិ.កិរិយាសព្ទ )
កន្លងឬរំលងហើយ : ហួសពេល ។ ផុតរលត់ (ស្លាប់) : ហួសហើយ (ព. សា.) ។ គុ. , កិ. វិ. ឬ និ. ដែលកន្លង, រំលង; លើស, លើសលុប, លើសលែង, ក្រៃលៃង; លុបលើ; ជ្រុល; ជាង;... ។
- ហួសកម្លាំង លើសពីកម្លាំង, លុបលើសកម្លាំង ។
- ហួសការ ជ្រុលការ, អស់អំណាចការ; ខូចការ ។
- ហួសកំណត់ លើសពីកំណត់ ។
- ហួសកំណោស លើសប្រមាណ, លើសកំណត់ ។
- ហួសខ្នាត លើសពីខ្នាត ។
- ហួសគំនិត អស់គិតទៅទៀតកើត ។
- ហួសចិត្ត ហួសគំនិត, ហួសគិត ។
- ហួសប្រមាណ លើសពីប្រមាណ ។
- ហួសពេក ជ្រុលពេក ។
- ហួសមាឌ ឬ - --មាត្រ លុបមាឌ ។
- ហួសវិស័យ ផុតវិស័យ, ក្រៅវិស័យ ។
- ហួសហេតុ ក្រៃលែងជាងហេតុ ។
- ហួសពីនោះទៅ រំលងពីនោះទៅ ។
- ចេះហួស ចេះជ្រុល ។
- ចេះហួសគេ ចេះជាងគេ ឬចេះលើសគេ ។ល។
-
ហើប
( កិ.កិរិយាសព្ទ )
របើកងើបឃ្លាតពីទីប្រក្រតី : ក្តារជញ្ជាំងហើប ។ អណ្តែតងើបខ្ពស់ឡើង : លុះកើបយកស្រូវខ្លះចេញទៅ មាឌទូកហើបពីក្នុងទឹកបាន មួយចំអាម ។ លើកឬក្រោកឲ្យឃ្លាតឡើងបន្តិច (បង្ហើប) : ទាញឡើងឲ្យហើប, លើកមិនហើប; ក្រោកមិនហើបពីកន្ទេល ។ បញ្ចេញវាចាឬចេញស្តី : ទុកជាស្តីឲ្យយ៉ាងណាក៏មិនហ៊ានហើប ។
- ហើបមាត់ បើកមាត់ឬហាមាត់ស្តី ។
- ហើបមាត់មិនរួច ស្ងៀមឈឹង; ស្តីថាមិនកើត, មិនហ៊ានស្តីថា ។
- ហើបហា ហាមាត់ឬបើកមាត់ស្តី ។ល។
-
ហើម
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ទុលប៉ោងសាច់ឡើងកំពុងធំខ្ពស់ជាងប្រក្រតីដើម : ហើមជើង, ហើមពោះ; ខ្មោចហើមស្ពីង, ជើងស្តាំហើមខ្លាំងមិនស្រក ។
-
ហើមស្រក
( ន.នាមសព្ទ )
ឈ្មោះជំងឺមួយប្រភេទ ហើមៗស្រកៗសាចុះសាឡើងរឿយៗ : ជំងឺហើមស្រក ។
-
ហើយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្រេច, រួច, រួចស្រេច; រួចរាល់; ស្រេចបាច់; ដែលកន្លងទៅជាស្រេច : ធ្វើការមិនទាន់ហើយ, ធ្វើនេះហើយធ្វើនុះទៀត ។ ហើយក៏ និ. រួចក៏ ។ ហើយគ្នា និ. ស្រេចគ្នា, លែងទាក់ទិនគ្នាទៅទៀត : ហើយគ្នាតែប៉ុណ្ណេះ ឬ តែប៉ុណ្ណេះក៏ហើយគ្នា ។ ពាក្យលាន់មាត់ដោយនឹកស្តាយ, ដោយតូចចិត្ត ឬដោយអស់សង្ឃឹម : ហើយគ្នា ! អស់កើតជាអីហើយ !; ច្រើនថា ហើយគ្នាតែម្តង ! ។ ហើយដោយ ឬ ដ៏ហើយដោយ គុ. ដែលធ្វើដោយ : ហើយដោយមាស ឬ ដ៏ហើយដោយមាស ដែលធ្វើដោយមាស, ដែលយកមាសធ្វើ (ត្រូវនឹង បា. មយ ដែលយើងប្រើជា --ម័យ, ដូចជា លោហម័យ, សុវណ្ណម័យ ជាដើម) ។ ហើយពី និ. រួចពី, អស់ពី : ហើយពីនុ៎ះនោះ រួចពីនុ៎ះនោះ ។
- ហើយហោង (--អ្ហង) ស្រេចហោង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហោង និ. ផង) ។ល។
-
ហើរ
( កិ.កិរិយាសព្ទ )
ទៅឯអាកាសដោយកម្លាំងស្លាបជក់ខ្យល់ : សត្វហើរព្រាត ។ រសាត់ឡើងដោយកម្លាំងខ្យល់ : ស្លឹកឈើហើរ ។ ឡើងទៅឯអាកាសដោយជក់ខ្យល់ : ខ្លែងហើរ ។ ខ្ចរខ្ចាយទៅ : សម្តីហើរតាមខ្យល់ សម្តីខ្ចរខ្ចាយវែងឆ្ងាយទៅ ។ គុ. ដែលលូតវែងខ្ពស់ឡើង (ចំពោះតែទំពាំង) : ទំពាំងហើរ ។ ហោះហើរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហោះ) ។
-
ហើរ
( គុ.គុនសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលថយខ្សោយព័ណ៌, សៅសម្បុរព្រោះត្រូវកម្តៅថ្ងៃជាដើម : សំពត់ហើរព័ណ៌ ។
<< Prev 1 ... 15 16 17 18 19 20 Next >>