Khmer Dictionary: ឡ
Chuon Nath's Khmer-Khmer Dictionary
-
ឡូយថូយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( យ.យួន ( ភាសាយួន ) )
ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស : គំនិតឡូយថូយ; ធ្វើការឡូយថូយ (ពាក្យសាមញ្ញទំនើបថ្មី) ។
-
ឡូឡា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឡូៗខ្លាំងៗ : និយាយឡូឡា; សម្ដីឡូឡា ។
-
ឡើង
( កិ.កិរិយាសព្ទ )
ទៅខាងលើ, ទៅពីក្រោមទៅលើ (ទីទៃពីចុះ) : ឡើងជណ្តើរ ។ ស្ទុះខ្ពស់ទៅលើ : ខ្លែងឡើង ។ ចាប់តោងជាន់ប្រវាទៅលើ : ឡើងដើមឈើ, ឡើងត្នោត ។ ចាប់តោងលូតទៅលើ : ម្លូឡើងជន្លង់, សណ្តែកឡើងទ្រើង ។ ជន់ចម្រើនទឹកខ្ពស់ឬជ្រៅ : ទឹកឡើង (ព. ផ្ទ. ទឹកស្រក)។ ប៉ោងសាច់ខ្ពស់ជាងប្រក្រតី : នំអាកោឡើង ។ ស្ទុះពីក្រោមមកលើ : ស្លេស្ម៍ឡើង ។ ភ្ញាក់ហើយក្រោកពីដេក : ឡើងពីដេក (ព. សា.) ។ល។ ឡើង-ក ដែលមានកនិងបូគធំ : គោឡង-ក ។
- ឡើងគណ (--គន់) ឡើងគណៈ គឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ (ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម) ។
- ឡើងចាង ឬ - ឡើងចិត្តឡើងចាង បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់ : ថ្នមកូនហួសពេកទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយ ឥតស្ដាប់បង្គាប់ទេ !; មាតាបិតា មិនស្ដីមិនថា មិនគិតរាក់ជ្រៅ បណ្ដោយឲ្យកូន រហូតដល់ចៅ ឡើងចាងឃោរឃៅ ប្រដៅអស់កើត ។
- ឡើងចិត្ត ឬ - ឡើងទឹកចិត្ត បានចិត្ត ។
- ឡើងជន្លង់ លតាជាតិផ្សេងៗដែលវារតោងជន្លង់ : ម្លូជាដំណាំឡើងជន្លង់ ។
- ឡើងជា ទៅជា ។
- ឡើងជោរ, ឡើងជំនោរ ឬ - ឡើងបញ្ជោរ រីករាយព្រោះគេបញ្ជោរ ។
- ឡើងឈរ ក្រោកឈរ (ព. សា.) ។
- ឡើងដៃ មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស...។
- ឡើងឋានសួគ៌ ឬ - ឡើងសួគ៌ បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌ ។
- ឡើងទឹកមុខ ចេញទឹកមុខ : ឡើងទឹកមុខស្រស់បំព្រង ។
- ឡើងទ្រើង លតាជាតិផ្សេងៗដែលវារតោងទ្រើង : ដំណាំឡើងទ្រើង ។
- ឡើងបាយ ចេញពកសត្រង់ប្រស្រីមានសណ្ឋានស្រដៀងនឹងគ្រាប់បាយ : ភ្នែកឡើងបាយ ។
- ឡើងបាយស្រា ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា ។
- ឡើងបុណ្យ, ឡើងបុណ្យស័ក្តិ ឬ - ឡើងបុណ្យឡើងស័ក្តិ លឿនងារការឬបណ្ដាស័ក្តិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ ។
- ឡើងផ្ទះ ឡើងនៅក្នុងផ្ទះថ្មី ។
- ឡើងរាជ្យ (--រាច) បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ ។ ព. ប្រ. ឡើងអំណាចដោយសេចក្ដីព្រហើនយង់ឃ្នង (ហាក់ដូចជាបានសោយរាជ្យ) : ពួកពាលឡើងរាជ្យ, ឧទ្ទាមឡើងរាជ្យ ។
- ឡើងរាសី មានស្រីសួស្ដី ។
- ឡើងរោង តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស (ក្នុងរោងសង់ថ្មី) តាមកាលកំណត់ដែលត្រូវធ្វើ ។
- ឡើងស័ក ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មី : ពារឡើងស័ក ឬ ថ្ងៃឡើងស័ក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រ្កាន្ត>សង្រ្កាន្ត និង ស័ក ផង) ។
- ឡើងសាច់ មានសាច់ (ធាត់ជាងពីដើម) ។
- ឡើងសិរី ឬ - ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន ។
- ឡើងសម្ដី បញ្ចេញសម្ដីឥតញញើត ។
- ឡើងអំណាច មានអំណាចលើសពីប្រក្រតីដើម ។
- ឡើងអំនួត និយាយអួតខ្លួនហួសពីដំណើរពិត ។
- ឡើងអ្នកតា ប្រជុំគ្នាធ្វើពលីការបូជាអ្នកតា ។ល។
-
ឡើង
( គុ.គុនសព្ទ )
ដែលចេះតែចម្រើនទៅខាងលើ : ខ្ពស់ឡើង, ធំឡើង, ល្អឡើង; កាន់តែច្រើនឡើង; ដើរឆាប់ឡើង !
-
ឡើងចាង
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
(មើលក្នុងពាក្យ ឡើង ១ កិ.) ។
-
ឡើយ
( និ.និបាតសព្ទ )
ជាដាច់ខាត ។ ពាក្យសម្រាប់ប្រើរៀងខាងចុងពាក្យបដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន,... ដូចជា : កុំឡើយ, កុំឲ្យឡើយ; គ្មានអ្វីសោះឡើយ, ពុំបានឡើយ; មិនដែលឃើញឡើយ; អង្គឺខ្ញុំឡើយ (ព. បុ.) : ឥតមានអ្នកណាម្នាក់ទៅឡើយ; ឥតអង្គឺមានឡើយ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ
- ឡើយណា ទេណា, សោះណា ។
- ឡើយនៃ ទេនៃ ។
- ឡើយហោង សោះហោង ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពាក្យកាព្យថា ឡើយនៃ, ឡើយណា និងពាក្យឡើយហោង កវីប្រើផ្សំកុំឲ្យចួនឆ្គង បើឲ្យហ្មត់ហ្មង គួរកុំសូវប្រើ ។
-
ឡើយនីលែង
( អា. និ.អាយតនិបាត )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
(ពាក្យជា និទ្ធារណៈ គឺដកយកពីក្នុងចំនួនមកនិយាយ) បណ្តា, ជំនុំ, លាំ : ខ្ញុំមានកូនប្រាំនាក់សុទ្ធតែប្រុស, ឡើយនីលែងកូនទាំងនោះ កូនម្នាក់មិនចេះអក្សរ (សម័យឥឡូវមិនដែលប្រើ, ប្រើញឹកញយតែពាក្យ
- បណ្តា; ឯពាក្យ
- ជំនុំ ប្រើរង្វើលៗ) : នារី ២០ នាក់នាំគ្នាទៅងូតទឹកទន្លេ, បណ្តានារីទាំង ២០ នាក់នោះ, ក្រពើគោះម្នាក់ស្លាប់ទៅ, នារី ១៩ នាក់ត្រឡប់មកផ្ទះវិញ ដោយសំណោកខ្លាំងក្រៃ ព្រោះអាឡោះអាល័យនាងដែលស្លាប់ (បណ្ដា នេះជា អា. និ. និទ្ធារណៈ ប្រើជាជំនួស ឡើយនីលែង និង ជំនុំ, លាំ ដែលបុរាណធ្លាប់ប្រើ, ព. វ.; កុំប្រើ ក្នុងបណ្ដា, ក្នុងជំនុំ, ក្នុងលាំ, ក្នុងឡើយនីលែង ព្រោះពាក្យ ក្នុង ក៏ជា អា. និ. ដែរ, បើប្រើ ក្នុង ផ្សំផងទៅជា អា. និ. ពីរដងប្រគរគ្នា; បារ. Parmi) ។
-
ឡេមឡាម
( គុ.គុនសព្ទ )
ដែលក្រឡេកក្រឡៅដោយអាការភ័យរឡេមរឡាម : ភ្នែកឡេមឡាម (ម. ប្រ., ច្រ. ប្រ. រឡេមរឡាម ជាង) ។
-
ឡេមឡឺម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលឡឺមចុះឡឺមឡើងរឿយៗ; ដែលរណេបរណឺបឡឺបៗ ឈរឡេមឡឺម; មនុស្សឡេមឡឺម ។ ព. ទ. បុ. ប្រាជ្ញពុំស្មើប្របបាក់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអម អ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ចពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្តងៗ (ចំពោះតែការលម្អៀង, បើមិនលម្អៀង ពុំពិតដូច្នោះទេ) ។
-
ឡេវ
( ន.នាមសព្ទ )
ដុំតូចមូលក្រាស់ឬមូលសំប៉ែត មានរន្ធឬក៏ក្រវិល សម្រាប់ដាក់ភ្ជាប់នឹងអាវជាដើម : ឡេវអាវ, ឡេវខ្យង, ឡេវចាន, ឡេវមាស, ឡេវប្រាក់, ពាក់អាវចំហឡេវ, ឡេវក្ឌុមចីពរ ឬ ឡេវក្ឌុមសង្ឃាដី។
<< Prev 1 ... 5 6 7 8 9 10 Next >>