Khmer Dictionary: អាម
Chuon Nath's Khmer-Khmer Dictionary
-
អាមាតិសារ
( ន.នាមសព្ទ )
[--ម៉ា-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< អាម “ឆៅ” + អតិសារ “ជំងឺមួល, ជំងឺមួលឈាម”) ជំងឺមួល (ព្រោះទាស់ចំណីណាមួយមានអាហារឆៅជាដើម) ។
-
អាមាត្យ
( ន.នាមសព្ទ )
[--ម៉ាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដូចគ្នានឹង អមាត្យ ១ ន. ដែរ ។ សំ. ជា អមាត្យ ក៏បាន, អាមាត្យ ក៏បាន ។
-
អាមាសយ
( ន.នាមសព្ទ )
[--ម៉ាសៈយ៉ៈ ]
or អាមាស្រ័យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាមាឝយ ឬ អាមាឝ្រយ < អាម “ឆៅ; ស្រស់; អាហារថ្មី” + អាឝយ ឬ អាឝ្រយ “ទីអាស្រ័យ, ទីនៅ, លំនៅ”; អាម + អាសយ) ក្រពះអាហារ, ក្រពះបាយ ។
- អាមាសយរោគ ឬ - អាមាសយាពាធ រោគក្រពះ, ជំងឺបណ្តាលពីក្រពះ (ព. ខ្ព. ឬ រ. ស.) ។
-
អាមាសយរោគ
( ន.នាមសព្ទ )
[--ម៉ាសៈយ៉ៈ រោក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាមាឝយ “ក្រពះអាហារ, ក្រពះបាយ” + រោគ) ជំងឺក្រពះគឺជំងឺដែលកើតនៅក្រពះ, ជំងឺក្រពះពិការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាមាសយ ឬ អាមាស្រ័យ ផង) ។
-
អាមិស
( ន.នាមសព្ទ )
or អាមិសៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាមិស; អាមិឞ) សាច់ (ដែលប្រើជាអាហារ); នុយ; របស់ជាគ្រឿងទាក់ចិត្តឬជាគ្រឿងជន្លជន្លេញចិត្ត; លាភៈ, សក្ការៈ ឬលាភសក្ការៈ; ទាន, ទេយ្យទាន ឬទេយ្យវត្ថុ; ចតុប្បច្ច័យ; អាហារ ។ល។ : ខំប្រឹងសម្លឹងឃើញអាមិសៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាមិស (អ. ថ. --មិសៈ), ដូចជា អាមិសទាន ការឲ្យអាមិសៈ; ការឲ្យចតុប្បច្ច័យ (ជាគូគ្នានឹង ធម្មទាន) ។
- អាមិសទាយក (--យក់) អ្នកឲ្យអាមិសៈ (បើស្ត្រីជា អាមិសទាយិកា) ។
- អាមិសបូជា បូជាដោយអាមិសៈ ។
- អាមិសសន្និច័យ ការសន្សំអាមិសៈ, ការលាក់សុំអាមិសៈ ។
- អាមិសហេតុ ព្រោះហេតុតែអាមិសៈ; ដោយសារតែអាមិសៈ គឺដោយសារសម្លឹងឃើញលាភឬផលប្រយោជន៍នៅមុខ ។ល។
-
អាមិស--
(មើលក្នុងពាក្យ អាមិស) ។
-
អាមុកុលិត
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មុកុលិត ឬ អាមុកុលិត; មកុលិត ឬ មកុឡិត) ដែលទើបរីកបានពាក់កណ្ដាល : ផ្កាអាមុកុលិត (ប្រើជា អាមុកុលិតបុស្ប ក៏បាន, អ. ថ. --តៈបុស) ។
-
អាមេណ្ឌន
( ន.នាមសព្ទ )
[--មេន-ឌន់]
or អាមេណ្ឌនៈ (--មេន-ឌៈនៈ)
( បា.បាលី ( បាលីភាសា ) )
(អាមេណ្ឌន; សំ. អាម្រេឌន) ពាក្យពោលផ្ទួន, សម្ដីផ្ទួន, ដូចជា ទីទៃៗ, ផ្សេងៗ, ចាស់ៗ, ក្មេងៗ; អ្នកៗ, នាងៗ, ជាដើម : បងៗ ឲ្យខ្ញុំទៅដោយសារផងបង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាមេណ្ឌិត>អាមេណ្ឌិត ទៀតផង) ។
-
អាមេណ្ឌិត
( គុ.គុនសព្ទ )
[--មេន-ឌិតៈ ឬ--មេន-ឌិត]
( បា.បាលី ( បាលីភាសា ) )
(សំ. អាម្រេឌិត) ដែលផ្ទួនពីរដង, ដែលផ្ទួនៗ, ថែមៗ, ដែលថាដដែលៗ, ច្រំដែល (ប្រើចំពោះតែសម្ដី : ពាក្យថា ផ្សេងៗ, ទីទៃៗ, តូចៗ, ធំៗ, កុំៗ, ទេៗ ជាដើមជាសម្ដីអាមេណ្ឌិត) ។ ប្រើជា ន. ក៏បាន “ពាក្យផ្ទួន” (ដូចគ្នា នឹង អាមេណ្ឌន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --មេន-ឌិតៈ, ដូចជា អាមេណ្ឌិតពាក្យ ឬ--វាចា, --វាទ ពាក្យផ្ទួន, សម្ដីថែមៗ ដូចយ៉ាង ទៅៗ !, កុំៗ, បងៗ ជាដើម (ហៅ អនុលាប ក៏បាន) ។
- អាមេណ្ឌិតលេខ ឬ - អាមេណ្ឌិតសញ្ញា លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន ។ ខ្មែរប្រើជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានខាងក្បាលឬខាងលើជាលេខ ២ ប៉ុន្តែខាងកន្ទុយឬខាងក្រោមទាញចុះ (ៗ) នេះ សម្រាប់សរសេររៀងពីខាងមុខពាក្យ ដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម, ប៉ុន្តែពាក្យ បា. ដូចយ៉ាង អាបោ អាបោ ជាដើមកុំប្រើ អាបោៗ ត្រូវប្រើ អាបោ អាបោ តាមរូបដើម (ហៅ លេខទោ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ទៀតផង) ។
- អាមេណ្ឌិតវាទី អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជា លោកៗ, អ្នកៗ, តាៗ, យាយៗ ជាដើម (បើស្ត្រីជា អាមេណ្ឌិតវាទិនី) ។
- អាមេណ្ឌិតសព្ទ សព្ទផ្ទួនៗ, ដូចជា បា. អាបោ អាបោ “ទឹកៗ”; ភិយ្យោ ភិយ្យោ, សំ. ភូយស៑ ភូយស៑ “ច្រើនៗ (ច្រើនក្រៃលែង)” ជាដើម; ខ្មែរដូចជា ផ្សេងៗ, ទីទៃៗ; ច្រើនៗ; តិចៗ; ដដែលៗ ជាដើម ។ល។
-
អាមេណ្ឌិត--
(មើលក្នុងពាក្យ អាមេណ្ឌិត) ។