Khmer Dictionary: ឧ
Chuon Nath's Khmer-Khmer Dictionary
-
ឧទ្ធរណ៍
( ន.នាមសព្ទ )
[អ៊ុត-ធ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧទ្ធរណ) ការរើឡើង; ការរើសើ, ការរើធ្វើជាថ្មីទៀត ។ ខ្មែរប្រើពាក្យនេះជាឈ្មោះសាលាឬសាលតុលាការទី ២ សម្រាប់រើជំនុំជម្រះអធិករណ៍ដែលគូក្តីម្ខាងពុំសុខចិត្តនឹងសេចក្ដីវិនិច្ឆ័យនៃចៅក្រមសាលាដំបូង ហើយប្តឹងសុំឲ្យរើជំនុំកាត់សេចក្ដីម្តងទៀត : សាលាឧទ្ធរណ៍, ប្តឹងឧទ្ធរណ៍ ។ ប្រើជា កិ. ក៏មាន “សើរើ, រើប្តឹងជាថ្មីទៀត” : សុំឧទ្ធរណ៍ទៀត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សាលាដំបូងវិនិច្ឆ័យ កាត់ក្តីត្រឹមត្រូវដោយយុត្តិធម៌ ប៉ុន្តែអ្នកចាញ់ឡើងឧទ្ធរណ៍ នាំវរឲ្យខូចឈ្មោះចៅក្រម ។ ឧទ្ធរណ៍រើសើជម្រះទៅ ឃើញនៅដូចមុនឥតច្រឡំ ប៉ុន្តែអ្នកក្តីថាពុំសម ក៏ខំឡើងសាលវិនិច្ឆ័យ ។
-
ឧទ្យាន
( ន.នាមសព្ទ )
[អ៊ុត-ទ្យាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< ឧត៑ > ឧទ៑ + យាន; បា. ឧយ្យាន “ទីសម្រាប់កម្សាន្តមានដើមឈើខ្ពស់ៗ ដែលគេចូលដល់ គេដើរបណ្តើរងើយមើលលើបណ្តើរ”) សួនដែលមានឈើខ្ពស់ៗ មានផ្កាផ្លែនិងលម្អគួរឲ្យចង់ដើរមើលកម្សាន្តចិត្ត, សួនមានឈើជាម្លាប់សម្រាប់ដើរលេងកែអផ្សុក (ខ្មែរច្រើនប្រើក្លាយជា ឱទ្យាន) ។
- ឧទ្យានបាល (អ៊ុត-ទ្យានៈបាល) អ្នករក្សាឬអ្នកថែឧទ្យាន (បើស្ត្រីជា ឧទ្យានបាលី ឬ--បាលិកា អ. ថ. --ប៉ាល៉ី ឬ ប៉ាល៉ិកា) ។
- ឧទ្យានព្រឹក្ស ឬ - --ទ្រុម ឈើក្នុងឧទ្យាន ។ល។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧយ្យាន ទៀតផង ។
-
ឧទ្យោគ
( ន.នាមសព្ទ )
[អ៊ុត-ទ្យោក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ឧត្សាហៈ, ព្យាយាម, សេចក្ដីខំប្រឹង, សេចក្ដីខ្មីឃ្មាត : មានឧទ្យោគរឹងប៉ឹង ។
- ឧទ្យោគភាព (--គៈភាប) ភាពនៃឧទ្យោគ ។
-
ឧន្មាគ៌ា
( ន.នាមសព្ទ )
[អ៊ុន-មារ-គា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧន្មាគ៌; បា. ឧម្មគ្គ) ផ្លូវខុស, ផ្លូវអាក្រក់, ផ្លូវទុច្ចរិត; ផ្លូវឆ្វេង; មារយាទអាក្រក់ : រីឧន្មាគ៌ា ចូរអ្នករាល់គ្នា ចៀសវាងកុំដើរ ព្រោះជាផ្លូវខុស ពុំគាប់ប្រសើរ ប្រសិនបើដើរ នឹងភ្លាត់ជើងដួល ។
-
ឧបករណ៍
( ន.នាមសព្ទ )
[អ៊ុប៉ៈក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបករណ) សេចក្ដីទំនុកបម្រុង, ការជួយទប់ទល់គ្នា : មានឧបករណ៍ ទៅវិញទៅមក ។ គ្រឿងទប់ទល់, គ្រឿងប្រុង, គ្រឿងប្រកបផ្សំគ្នា : ឧបករណ៍រទេះ គ្រឿងរទេះ ។ គ្រឿងចិញ្ចឹមជីវិត, មុខការរបរ, ផ្លូវធ្វើការរកស៊ី : ខំប្រឹងរកឧបករណ៍ផ្គត់ផ្គង់បម្រុងអាត្មានិងគ្រួសារ ។ គ្រឿងប្រើប្រាស់ជិតដៃ (គ្រឿងដៃ), គ្រឿងប្រដាប់សម្រាប់ធ្វើការ, គ្រឿងហត្ថកម្ម : ខ្វះខាតឧបករណ៍ប្រើប្រាស់ ។ គ្រឿងចក្រឬគ្រឿងម៉ាស៊ីនដែលប្រើក្នុងសម័យបច្ចុប្បន្ននេះក៏ចាត់ជា ឧបករណ៍ ដែរ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មុខការរបរ ត្រូវមានឧបករណ៍ ទុកជាជំហរ បើខ្វះឧបករណ៍ អំណរសាទរ ក៏ពុំបវរ ផុតមុខផុតក្រោយ ។ មាននេះខ្វះនោះ មុខការលេះលោះ ពុំផ្តល់អំណោយ ទោះបីផ្តល់ខ្លះ ទ្រព្យធនក៏ខ្សោយ គួរជនកុំធ្លោយ ឲ្យខ្វះឧបករណ៍ ។
-
ឧបការ
( ន.នាមសព្ទ )
[អ៊ុប៉ៈការ]
or ឧបការៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧបការ) ការទំនុកបម្រុង, ការផ្គត់ផ្គង់, ការផ្ចុងផ្តើម; ការអនុលោមតាម; ប្រយោជន៍, គុណប្រយោជន៍ : មាតាបិតាមានឧបការៈច្រើនចំពោះបុត្រធីតាៗ ត្រូវធ្វើបដិការៈចំពោះមាតាបិតាវិញ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុប៉-ការៈ, ដូចជា ឧបការកិច្ច ឬ --ក្រឹត្យ កិច្ចទំនុកបម្រុង ។ ឧបការគុណ គុណដែលមានព្រោះបានទំនុកបម្រុង (ហៅ គុណូបការៈ ក៏បាន) ។ ឧបការធម្ម ឬ --ធម៌ ធម៌ជាឧបការៈ, ធម៌មានគុណប្រយោជន៍ ។ល។
-
ឧបការ --
(មើលក្នុងពាក្យ ឧបការ) ។
-
ឧបការិណី
(មើលក្នុងពាក្យ ឧបការី) ។
-
ឧបការី
( ន.នាមសព្ទ )
[អ៊ុប៉ៈការ៉ី]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧបការិន៑) អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង់ឬផ្ចុងផ្តើម (បើស្ត្រីជា ឧបការិណី ឬ ឧបការិនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឧបការី ឧបការិណី គួរជនកុំធ្លោយ បំភ្លេចគុណគេ ក្រែងខ្លួននឹងខ្សោយ ត្រូវធ្វើអំណោយ តបគុណគេវិញ ។ អ្នកលុបគុណគេ កន្តើយធ្វេសទ្វេពុំដែលចំណេញ ច្រើនតែហិនហោច ទ្រព្យធនប្រាសចេញ ទើបនឹកទន្ទេញ ដោយក្តីស្តាយក្រោយ ។
-
ឧបកិច្ច
( ន.នាមសព្ទ )
[អ៊ុប៉ៈកិច]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧប “ចូលជិត” + កិច្ច “ការដែលត្រូវធ្វើ”; ឧប + ក្ឫត្យ) កិច្ចដែលត្រូវធ្វើភ្លាមៗ; កិច្ចផ្ទាល់ខ្លួន ។ ខ្មែរប្រើសំដៅសេចក្ដីថា “ការបំប្លែងដំណើរ, បំប្លែងកិច្ច; ការបំបៀតបំបែរកិច្ច; ការនិយាយបញ្ឆៀងតម្រូវតាមដំណើរដែលត្រូវការ, ការធ្វើដោយសន្មតិ, សន្មតិតាមត្រូវការ” : ធ្វើឧបកិច្ចស្ទោះសំបកឈើធ្វើថ្នាំ ។ ប្រើជា កិ. ក៏មាន : មុននឹងជីកយកឫសឈើនុះ ត្រូវតែឧបកិច្ចសិន; និយាយឧបកិច្ចយកអ្នកតាធ្វើសម្លាញ់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧបក្រឹត្យ ក៏បាន) ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ពាក្យ ឧបកិច្ច និងពាក្យ ឧបក្រឹត្យ ថា : ឧបកិច្ចនិងពាក្យឧបក្រឹត្យ អ្នកប្រើពេញចិត្តប្រើពាក្យណា ទាំងពីរនេះមានន័យដូចគ្នា ចង់ប្រើពាក្យណាក៏ប្រើចុះ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>