Khmer Dictionary: ឱ
Chuon Nath's Khmer-Khmer Dictionary
-
ឱឡារិក
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឱឌារិក) គ្រោតៗ, គ្រោតគ្រាត; ច្បាស់លាស់ ។ ព. ផ្ទ. សុខុម ។ ធំដុំ, យ៉ាងធំ, ហ៊ឹកហ៊ាក់ : ធ្វើបុណ្យខណ្ឌសីមាដ៏ឱឡារិកអធិកអធម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧឡារ ផង) ។
- ឱឡារិករូប រូបគ្រោតគ្រាត; រូបដែលច្បាស់លាស់ (ព. ផ្ទ. សុខុមរូប) ។
-
ឱឡិគល្ល
( ន.នាមសព្ទ )
[អោឡិគាល់ ]
( បា.បាលី ( បាលីភាសា ) )
ប្រឡាយបង្ហូរទឹកសម្អុយ ឬរណ្ដៅទឹកសម្អុយ : ក្នុងក្រុងធំៗ ត្រូវតែមានឱឡិគល្ល កុំឲ្យមានការស្មោកគ្រោក ។ សម្រាប់ប្រើក្នុងកាព្យ, ដូចជា ក្រុងធំត្រូវមានឧឡិគល្ល ទើបគ្មានកង្វល់ដោយស្មោកគ្រោក បើគ្មានច្រើនតែមានមេរោគ កំចោកពួកជនឲ្យឈឺចាប់ ។ ទោះបីក្រុងតូចៗក៏ដោយ បើធ្លោយពុំមានត្រូវប្រញាប់ ខ្នះខ្នែងធ្វើភ្លាមឲ្យបានឆាប់ កុំឲ្យរោគចាប់ឆ្លងរាលដាល ។
-
ឱះ !
or អោ៎ះ ! ឱះឱ ! អោ៎ះអោ៎ !
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អុះ ! ឬ អុ៎ះ !) ។
-
ឱ្យ
( កិ.កិរិយាសព្ទ )
or ឲ្យ
ជាអញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សាហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព. ស. ២៤៥៩ គ. ស. ១៩១៥ ថាត្រូវប្រើជា ឱ្យ យ៉ាងនេះ មិនយល់ព្រមឲ្យប្រើជា ឱយ ឬ អោយ ឡើយ; មើលក្នុង និទាន Introduction ផង) ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃ : ឲ្យប្រាក់, ឲ្យស្បៀង, ឲ្យទ្រព្យរបស់, ឲ្យគ្រឿងស្លៀកពាក់ ។ ប្រើ, បង្គាប់, ញ៉ាំង : ឲ្យធ្វើ, ឲ្យរៀន, ឲ្យទៅ, ឲ្យមក ។
- ឲ្យកាន់ការ ឲ្យទទួលកាន់មុខការ ។
- ឲ្យការណ៍ ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ : សាក្សីឆ្លើយឲ្យការណ៍តាមពិត ។
- ឲ្យជើង ហុចជើងម្ខាងឲ្យចាប់ : អ្នកចំបាប់ឲ្យជើងគ្នាម្តងម្នាក់ ។ លើកជើងហុចបញ្ជោះឬបញ្ឈឺចិត្តចំពោះមុខដោយសេចក្ដីព្រហើនមើលងាយ : វាហ៊ានឲ្យជើងខ្ញុំ ។
- ឲ្យដៃ បើកដៃឲ្យហ៊ានធ្វើ ។ ហុចដៃបញ្ជោះឬបញ្ឈឺចិត្តដោយសេចក្ដីមើលងាយ ឬក៏ហុចដៃចំអកឡកឲ្យគ្នា : វាហ៊ានឲ្យដៃខ្ញុំ; អ្នកច្រៀងតឲ្យដៃគ្នា (និយាយថា ហុចដៃឲ្យគ្នា ក៏បាន) ។
- ឲ្យដំណឹង ប្រាប់ដំណឹង ។
- ឲ្យតម្រួយ ប្រាប់តម្រួយ ។
- ឲ្យន័យ ពន្យល់ ។
- ឲ្យនាម ឬ - ឈ្មោះ សន្មតនាម ឬ តាំងឈ្មោះ ។
- ឲ្យឧបាយ ប្រាប់ឧបាយ ។
- ឲ្យអំណាច បើកអំណាច, ប្រគល់អំណាច ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក និង ឪ ទៀតផង) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់ អញ្ញត្រសព្ទ ថា: អញ, អ្នក, នេះ, នោះ, ឲ្យ, ហោង កុំឲ្យសរសេរតាមសូរថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា : រីពាក្យអញអ្នក នេះនោះបញ្ជាក់ ដល់ឲ្យនិងហោង ពោលជាពាក្យកាព្យ ឲ្យងាយចាំចង សរសេរម្តងៗ កុំភ្លាត់តាមសូរ ។ ប៉ុណ្ណេះជាអាទិ៍ ប្រើកុំឲ្យឃ្លាត យកផ្សេងជាថ្នូរ អញ្ញត្រសព្ទ មិនត្រូវផ្លាស់ប្តូរ ទោះបីមានសូរ ឮផ្សេងក៏ដោយ ។