Khmer Dictionary: អាទិត្យ
Chuon Nath's Khmer-Khmer Dictionary
-
អាទិត្យ
( ន.នាមសព្ទ )
[--ទិត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បា. អាទិច្ច) ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ : ព្រះអាទិត្យរះ (ថ្ងៃរះ); ព្រះអាទិត្យអស្តង្គត (ថ្ងៃលិច) ។ តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យ ឬ អាទិច្ច ថា “បុត្រនៃនាងអទិតិ”, ជានាមនៃទេវតាពួកមួយជាបុត្រនាង អទិតិ, បណ្តាបុត្រទាំងនោះ មានបុត្រមួយឈ្មោះ អាទិត្យ ឬ សូរ្យាទិត្យ ជាទេវបុត្រអ្នកបំភ្លឺលោក ហៅ ព្រះអាទិត្យ (គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ) ។ ឈ្មោះនក្សត្រនព្វគ្រោះទី ១ ក្នុងពួកផ្កាយនព្វគ្រោះ ៩ : ផ្កាយអាទិត្យ ។ ឈ្មោះថ្ងៃទី ១ នៃសត្តាហៈ ហៅថា ថ្ងៃអាទិត្យ (អាទិត្យពារឬអាទិច្ចវារៈ)។ ខ្មែរប្រើជាឈ្មោះនៃសប្តាហៈ គឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង ៧ : មួយអាទិត្យ, ពីរអាទិត្យ (គួរហៅ សត្តាហៈ ឬ សប្តាហៈ ឬក៏ សប្តាហ៍ ដូច្នេះវិញ (មួយសត្តាហៈ; ចាំដល់សប្តាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី ១ ទៅគ្រប់ ៧ ត្រឹម ថ្ងៃសៅរ៍; ខ្មែរសម័យបុរាណហៅ មួយព្រះចន្រ្ទ ព្រោះរាប់ថ្ងៃចន្រ្ទជាថ្ងៃទី ១, លុះចំណេរកាលតៗមក មួយព្រះចន្រ្ទ ប្រើជាសព្ទអារក្សទៅវិញ) ។ ពាក្យ អាទិត្យ នេះ, តាមវិធីវេយ្យាករណ៍សំស្រ្កឹត, បើរៀងភ្ជាប់ពីខាងដើមឬពីខាងចុងសព្ទដទៃបានតាមការគួរដល់ការប្រកប, ដូចជា អាទិត្យពន្ធុ, អាទិត្យមាលា, វរុណាទិត្យ, សូរ្យាទិត្យ, ឥន្រ្ទាទិត្យ ជាដើម (មើលក្នុងពាក្យ សុរិយ, សូរ្យ, អាទិច្ច ផង) ។
Headley's Khmer-English Dictionary