Khmer Dictionary: ភ័ន្ត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ព្រលឹង
( ន.នាមសព្ទ )
ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន...។
- ព្រលឹងព្រលះ ព្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព. សា.) ។
- បបក់ព្រលឹង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បបក់, ទាំងជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង) ។
- បាត់ព្រលឹង ដូចគ្នានឹង បាត់វិញ្ញាណ, បាត់ស្មារតី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាត់) ។
- មានព្រលឹង ធាត់, មានសាច់, មានសាច់មានឈាម ។ ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច : ព្រះបាទម្ចាស់ឥឡូវមានព្រលឹងជាងពីដើម ។ល។ ក្មួយអញឥឡូវមានព្រលឹងណាស់ !; (តែបើនិយាយពីក្សត្រិយ៍ធាត់ ត្រូវថា មានព្រះអង្គ, ទាំងបព្វជិតដែលគួរគោរពក៏ថា មានព្រះអង្គ បានដែរ) ។ លស់ព្រលឹង ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង ។
- ហៅព្រលឹង និយាយបូរបាច់ដង្ហោយហៅព្រលឹងឲ្យចូលមកកាន់រូបកាយវិញ (ធ្វើតាមតម្រាព្រាហ្មណ៍) ។ល។
-
ភាន់
( កិ.កិរិយាសព្ទ )
(ភន្ត “ភ្ញាក់, ភ្ញាក់ផ្អើល; ច្រឡំ, ស្រឡាំងកាំង, មិងមាំង”) ជ្រួស, ច្រឡំ, ទាស់ខុសផ្លូវខុសទំនង (ភ័ន្ត មិនសូវប្រើ ច្រើនប្រើតែ ភាន់ មកយូរហើយ) : ភាន់គំនិត, ភាន់ស្មារតី, ភាន់ដំណើរ, ភាន់ផ្លូវ ។
- ភាន់ច្រឡំ ច្រឡំដោយភាន់ ។
- ភាន់ប្រែ កើតចលាចលភ្ញាក់ផ្អើលដោយធ្វើសង្គ្រាមនឹងគ្នាឯង ដរាបដល់ប្រែកិច្ចរាជការផែនដី, ប្រែផែនដី ឬខូចទឹកដីព្រោះភាន់គំនិត : ស្រុកកើតភាន់ប្រែ ។
- ភាន់ភាំង ភាំង, ស្រឡាំងកាំង ព្រោះភាន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភប់ ផង) ។
-
ភប់
( កិ.កិរិយាសព្ទ )
(ពប អ. ថ. ផុប) ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា ភប់ប្រសព្វ គឺបានគ្នាជាគូស្រករ, នៅរួមសុខរួមទុក្ខ ។
- ភប់ភាន់ ឬ - ភប់ភ័ន្ត ប្រព្រឹត្តល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្មករ ។
-
ភ័ន្ត
[ភ័ន ]
(មើលពាក្យ ភាន់) ។
-
មោហៈ
( ន.នាមសព្ទ )
[មោហៈ ]
(មោហ) អវិជ្ជា, សេចក្ដីវង្វេង, សេចក្ដីល្ងង់ ឬភ័ន្តស្មារតីមិនយល់ការណ៍ពិត, មិនស្គាល់ខុសត្រូវ ។ និយាយថា មោហ៍ ឬ មោហា ក៏មាន :
- មោហ៍គ្រប, មោហ៍បាំង, មោហោគ្រប គឺងងឹតវិងស៊ុងភ្លេចស្មារតីភ័ន្តច្រឡំ ពុំយល់ការខុសត្រូវបណ្ដាលឲ្យធ្វើអំពើអាក្រក់ឥតញញើត ។
- មោហចិត្ត (មោហៈចិត) ចិត្តដែលលាយឡំដោយមោហៈ, ចិត្តងងឹតល្ងង់ ។
- មោហប្រព័ន្ធន៍ (មោហ៍ប-ប្រព័ន) ចំណងមោហៈ, មោហៈដែលចងឆ្វាក់; អ្នកដែលមានមោហៈចងឆ្វាក់ ។
- មោហមូល (មោហៈ--) មោហៈដែលជាឫសអកុសល ។ល។
-
រាង
( ន.នាមសព្ទ )
ផ្ទាំងរនាបឫស្សីពាសស្រទបចេក ដាក់លើគែមទូកម្ខាងបន្ទេរឲ្យផ្អៀងមកខាងក្នុងទូក ប៉ែកខាងក្រោមឲ្យរះនឹងទឹក ដើម្បីចែវឬអុំទូកទៅឲ្យត្រីភ័ន្តស្លន់លោតចូលក្នុងទូក, គេធ្វើតែក្នុងវេលាយប់មានខែភ្លឺ ហៅថា ដេញរាង ។
-
រលាក់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រលើ, រលែក ថា :
- រលាក់រលើ រលើដោយភ័ន្តស្មារតី, ភ័ន្តផ្លូវ; ពភ្លាក់ពភ្លើ : ដើររលាក់រលើ ។ រលាក់រលែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រលាក់ ១ កិ.)។
-
ល
( កិ.កិរិយាសព្ទ )
ល្បង, លង : លឲ្យដឹង; កុំអាល ចាំលមើលសិន ! ។ ជន្លល្បងមើល : លកាប់ ។
- លលើកាប់ក្រោម កិ. វិ. ឬ គុ. (ព. ប្រ.) ដែលនិយាយលូកលរាវរកផ្លូវ រកទំនង ហាក់ដូចគេលើកគ្រឿងសស្រ្តាជន្លខាងលើឲ្យភ័ន្តហើយលូកកាប់ខាងក្រោម : និយាយលលើកាប់ក្រោម; សម្ដី-- ។
- លលេង ល្បងលេង, ជន្លលេង : និយាយលលេង; សម្ដី-- ។
- លលែងៗ លហើយលែងៗហើយលរឿយៗ ។ល។ ព. ទ. បុ. យកកទៅលអន្ទាក់ ហុចទំនងឲ្យជាប់កុនជាប់ដំណើរ... ។
-
វង្វាន់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ វង្វេង ថា : វង្វេងវង្វាន់ វង្វេងភ័ន្តស្មារតីឬភ័ន្តគំនិត, វង្វេងងេងងោង : ចាស់វង្វេងវង្វាន់ ។
-
វង្វេង
( កិ.កិរិយាសព្ទ )
ភ្លេចឬភ័ន្តស្មារតី, ភ័ន្តផ្លូវ; ភ័ន្តដំណើរគ្នា; ច្រឡំចាំពុំបាន; ស្រវឹងចិត្តជ្រប់ : វង្វេងកាម ស្រវឹងកាមគុណ ។ វង្វេងគ្នា បែកមិនចួបគ្នាក្នុងវេលាដើរដំណើរ ព្រោះភ័ន្តច្រឡំផ្លូវ ។ វង្វេងចិត្ត ភ័ន្តចិត្ត ។ វង្វេងជាតិ ភ័ន្តកំណើតទៅកើតតាមយថាកម្ម ខុសបំណង ។ វង្វេងទិស ភ័ន្តច្រឡំទិស ។ វង្វេងផ្លូវ ភ័ន្តច្រឡំផ្លូវ ខុសបំណងដែលត្រូវទៅ ។ វង្វេងស្មារតី ភ័ន្តស្មារតីចាំៗភ្លេចៗ ឬបាត់ៗ ឃើញៗ ។ល។