Khmer Dictionary: ទស្សនវិស័យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទស្សន
( ន.នាមសព្ទ )
[ទ័ស សៈ ន៉ៈ]
(ទស្សន; ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។
- ទស្សនកិច្ច (--កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុដែលមានការឃើញជានិច្ច ឬជាមុខការ ។
- ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ : ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។ ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា : ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។
- ទស្សនវិស័យ (--វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេស ឬទីឱកាសដែលមើលឃើញ គឺចម្ងាយភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក)។
- ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ) អាការនៃការឃើញ, លក្ខណៈនៃការឃើញ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន : ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ, ទ្រង់ទតឃើញ ។ ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក : លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។ ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។
- ទស្សនាវដ្ដី (ទ័ស-សៈ-ន៉ាវ៉ាត់-ដី) ន. (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្តាហ៍ ឬប្រចាំខែ : ទស្សនាវដ្ដីវិទ្យាសាស្ត្រ, ជាវទស្សនាវដ្ដី, អានទស្សនាវដ្ដី ។
- ទស្សនីយភាព (ទ័ស-សៈន៉ីយ៉ៈ--) ន. (បា.) ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ : ទស្សនីយភាពនៃជើងភ្នំ, ទស្សនីយភាពនៃវាលស្រែ ។ ទស្សនូ-បចារ (ទ័ស-សៈ ន៉ូប៉ៈចារ) ន. (បា. ទស្សន + ឧបចារ > ទស្សនុ-បចារ ឬទស្សនូបចារ ឬក៏ ទស្សនោបចារ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស្សនវិស័យ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
ទស្សនូបចារ
- detail »
See:ទស្សនវិស័យ