Khmer Dictionary: រតូវ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
រតូវ
( ន.នាមសព្ទ )
[ រដូវ ]
(ឫតុ; ឧតុ) ទេសកាល, កាលកំណត់ដែលចែកជា ភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល (ច្រើនសរសេរ រដូវ ជាង) : រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ ៤ គឺ ១-និទាឃៈ ឬ និទាឃរដូវ “រដូវក្ដៅ” ត្រូវគ្នានឹងរដូវប្រ័ងតង់ប្ស៍ Printemps ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី ២១ ខែមិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។ ២-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” (ត្រូវគ្នានឹងរដូវ អេតេ Eté ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែមិថុនា (យូវ៉ាំង) ដល់ថ្ងៃទី ២២ ខែកញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។ ៣-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; រដូវលំហើយ” (ត្រូវគ្នានឹងរដូវ អូតូន Automne ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២៣ ខែកញ្ញា (សេបតមប្រិ៍) ដល់ថ្ងៃទី ២១ ខែធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។ ៤-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” ត្រូវគ្នានឹងរដូវ ហ៊ីវែរ Hiver ប្រទេសបារាំងសែស) មាន ៣ ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែធ្នូ (ដេសមប្រ៏) ដល់ថ្ងៃទី ២០ ខែមីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬចួនកាល ៩០ ថ្ងៃ ។ រួមទាំង ៤ រដូវ ត្រូវជា ១២ ខែ, មានថ្ងៃ ៣៦៥ ឬចួនកាល ៣៦៦ ជាមួយឆ្នាំនៃសុរិយគតិ (មិនមានវិធីលើកខែទេ) ។ តាមចន្ទគតិ, ក្នុងឆ្នាំមួយៗនិយមប្រើរដូវ ៣ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ៤ ខែ, រាប់ពីត្រឹមថ្ងៃ ១ រោចខែកត្តិក ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ១១៨ ថ្ងៃ ។ ២-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែផល្គុន ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ១១៨ ថ្ងៃ; បើឆ្នាំដែលមានអធិកវារៈ មាន ១១៩ ថ្ងៃ; ឆ្នាំដែលមាន អធិកមាស មាន៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ៤ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ១១៨ ថ្ងៃ ។ រួមទាំង ៣ រដូវ មានខែ ១២ ឬ ចួនកាល ១៣ ខែ, មានថ្ងៃ ៣៥៤ ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ជាមួយឆ្នាំនៃចន្ទគតិ (លទ្ធិពុទ្ធសាសនានិយមប្រើរដូវ ៣ នេះ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចន្ទគតិកាល ផង) ។ តាមលទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ “រដូវមានទឹកសន្សើម, រដូវរងា” មាន ២ ខែ, រាប់ពីថ្លៃ ១រោច ខែកត្តិកដល់ថ្ងៃ ១៥ កើតខែបុស្ស, មាន ៥៩ ថ្ងៃ ។ ២-សិសិរៈ ឬ សិសិររដូវ “រដូវរងាខ្លាំង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោច ខែបុស្ស ដល់ថ្ងៃ ១៥ កើតខែផល្គុន, មាន ៥៩ ថ្ងៃ ។ ៣-វសន្តៈ ឬ វសន្តរដូវ “រដូវឈើជ្រុះលាស់ស្លឹក” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែ ផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន៥៩ថ្ងៃ (គួរកុំច្រឡំ វស្សាន និង វសន្ត នេះ) ។ ៤-គិម្ហៈ ឬ គិម្ហរដូវ “រដូវក្ដៅ” មាន ២ ខែ, រាប់ពី ១ រោចខែពិសាខ ដល់ថ្ងៃ ១៥ កើតខែអាសាឍ, មាន ៥៩ ថ្ងៃ (បើឆ្នាំ ដែលមានអធិកវារៈ មាន៦០ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣ ខែ មានថ្ងៃ ៨៩ (?) ព្រោះប្រើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវ ៣ ដែរ) ។ ៥-វស្សានៈ ឬ វស្សានរដូវ “រដូវភ្លៀង” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែអាសាឍ ដល់ថ្ងៃ ១៥ កើតខែភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦-សរទៈ ឬ សរទរដូវ “រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ” មាន ២ ខែ, រាប់ពីថ្ងៃ ១ រោចខែភទ្របទដល់ថ្ងៃ ១៥ កើតខែកត្តិក, មាន ៥៩ថ្ងៃ ។ រួមទាំង ៦ រដូវមានខែ ១២ (ឬចួនកាលមាន ១៣ ខែ ?) មានថ្ងៃ ៣៥៤ (ឬ ៣៥៥ ឬក៏ចួនកាល ៣៨៤ ថ្ងៃ ?) ត្រូវជាមួយឆ្នាំ ។ រដូវ ៦ នេះ លទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឲ្យប្រើតែរដូវ ៣ តាមចន្ទគតិ ដោយដាច់ខាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង ព្រោះមានប្រាប់ឈ្មោះខែសម្រាប់សុរិយគតិ និងចន្ទគតិនៅនោះ) ។
-
រតូវ
( ន.នាមសព្ទ )
(ឫតុ; ឧតុ) កាលកំណត់នៃដំណើរធ្លាក់លោហិតរបស់ស្ត្រី (ច្រើនសរសេរ រដូវ ជាង) : ស្ត្រីមានរដូវ, រាំងរដូវ, ធ្លាក់រដូវមិនស្រួល ។
-
រាសី
( ន.នាមសព្ទ )
(រាសិ; រាឝិ) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រារង្វាស់ចម្ងាយល្វែងផ្ទៃមេឃ ដែលជាផ្លូវចរនៃព្រះអាទិត្យព្រះចន្រ្ទ; តាមហោរាសាស្រ្តថា ល្វែងមួយៗមានចម្ងាយ ៣០ អង្សា ហៅថា មួយរាសី សម្រាប់សុរិយគតិ, មាន ១២ គឺ ១-មេសៈ ឬ មេសរាសី “រាសីចៀម ឬពពែ” (បារ. អាវ្រិល ឬ អាវរិល Avril រាសីទី ៤) មាន៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភរាសី “--គោឈ្មោល” (បារ. ម៉េ Mai –ទី ៥) មាន ៣១ ថ្ងៃ; ៣-មិថុនៈ ឬ មិថុនរាសី “--គូបុរសនិងស្ត្រី” (បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin --ទី៦) មាន ៣០ ថ្ងៃ; ៤-កក្កដៈ ឬ កក្កដរាសី “--ក្តាម” (បារ. ហ៊្សុយេ្យត៍ ឬ ស៊ូយេត Juillet –ទី៧)” មាន ៣១ ថ្ងៃ; ៥-សីហៈ ឬ សីហរាសី “--សីហៈ” (បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÛt --ទី ៨) មាន ៣១ ថ្ងៃ; ៦-កញ្ញា ឬ កញ្ញារាសី “--ស្រីក្រមុំ” (បារ. សេបតមប្រិ៍ Septembre –ទី ៩) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលារាសី “--ជញ្ជីង” (បារ. ឲកតូប្រិ៍ Octobre --ទី ១០) មាន ៣១ ថ្ងៃ; ៨-វិចិ្ឆកៈ ឬ វិច្ឆិករាសី “--ខ្ទួយ” (បារ. ណូវ៉មប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre –ទី ១១) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុរាសី “--ធ្នូ” (បារ. ដេសមប្រិ៍ Décembre –ទី ១២) មាន ៣១ ថ្ងៃ; ១០-មករៈ ឬ មកររាសី “--មករ” (បារ. ស៊្សង់វិយេរ ឬ យ៉ាំងវិយេរ Janvier --ទី១) មាន ៣១ ថ្ងៃ; ១១-កុម្ភៈ ឬ កុម្ភរាសី “--ក្អម” (បារ. ហ្វេវ្រិយេរ ឬ ហ្វេវរិយេរ Février --ទី២) មាន២៨ ឬ ចួនកាលមាន ២៩ថ្ងៃ; ១២-មីនៈ ឬ មីនរាសី “--ត្រី” (បារ. ម៉ារ្ស Mars –ទី ៣) មាន ៣១ ថ្ងៃ; ជាមួយឆ្នាំនៃសុរិយគតិមាន ៣៦៥ ថ្ងៃ ឬចួនកាលមាន ៣៦៦ ថ្ងៃ ។ មាត្រារង្វាស់នៃចន្ទគតិមិនមានកំណត់អង្សាទេ ហៅថា ឫក្ស ឬ នក្សត្រឫក្ស, មាន ១២ គឺ ១-មិគសិរ ឬមិគសិរឫក្ស “ឫក្សក្តាន់” មាន ២៩ ថ្ងៃ; ២-បុស្ស ឬ បុស្សឫក្ស “--ក្តាម” មាន ៣០ ថ្ងៃ; ៣-មាឃ ឬ មាឃឫក្ស “--ស្វាព្រាហ្មណ៍” មាន ២៩ ថ្ងៃ; ៤-ផគ្គុណ ឬ ផល្គុនឫក្ស “--គោ” មាន ៣០ ថ្ងៃ; ៥-ចេត្រ ឬ ចិត្រឫក្ស “--ខ្លា” មាន ២៩ ថ្ងៃ; ៦-ពិសាខ ឬ វិសាខឫក្ស “--ក្របី” មាន ៣០ ថ្ងៃ; ៧-ជេស្ឋ ឬ ជេដ្ឋឫក្ស “--ពពែ” មាន ២៩ ថ្ងៃ ឬចួនកាលមាន ៣០ ថ្ងៃ; ៨-អាសាឍ ឬ អាសាឡ្ហឫក្ស “--សីហៈ” មាន ៣០ ថ្ងៃ; ៩-ស្រាពណ៍ ឬ ស្រាវណឫក្ស, សាវណឫក្ស “--ផ្កាយឈើ” មាន២៩ ថ្ងៃ; ១០-ភទ្របទ ឬ ភទ្របទាឫក្ស “--រមាស” មាន ៣០ ថ្ងៃ; ១១-អស្សុជ ឬ អស្សយុជឫក្ស “--សេះ” មាន ២៩ ថ្ងៃ; ១២-កត្តិក ឬ កត្តិកឫក្ស “--កូនមាន់” មាន ៣០ ថ្ងៃ; ជាមួយឆ្នាំនៃចន្ទគតិ មាន ៣៥៤ ថ្ងៃ, ឆ្នាំដែលមានចន្រ្ទាធិមាស (អធិកវារៈ) មាន ៣៥៥ ថ្ងៃ, ឆ្នាំដែលមានអធិកមាស មាន ៣៨៤ ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ និង មាស ន. ១ និង រាសិចក្រ ផង) ។ លើករាសី តាំងប្រសិទ្ធីតាមក្បួនតម្រាសូត្ររំលើករាសីដែលអាប់ឲ្យត្រឡប់រុងរឿងឡើង ។ ខ្មែរប្រើពាក្យ រាសី នេះសំដៅសេចក្ដីថា “លំអ; មានលំអ, ស្រស់បស់សមរម្យ; ចម្រើន” ផងក៏បាន (ចំពោះតែមនុស្សឬសត្វ) : មនុស្សមានរាសី, កំពុងឡើងរាសី, អាប់រាសី, ចុះរាសី ។ល។
-
វសន្តរដូវ
[វៈសន់-តៈរដូវ]
(វសន្ត + ឫតុ; វសន្ត + ឧតុ > វសន្តោតុ) រដូវឈើជ្រុះលាស់ស្លឹក ឬរដូវឈើលាស់ស្លឹកបញ្ចេញផ្កា, មាន ២ ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន ៥៩ ថ្ងៃ (គួរកុំច្រឡំ វសន្ត និង វស្សាន, កុំសរសេរ វស្សន្ត-- ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ១ ន. ផង ។
-
វស្សានៈ
( ន.នាមសព្ទ )
[វ័ស-សាន៉ៈ ]
(វស្សាន) រដូវភ្លៀង ។
- វស្សានកាល ឬ - --សម័យ កាលឬសម័យមានភ្លៀង; រដូវភ្លៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ១ ន. ផង) ។
-
សរទៈ
( ន.នាមសព្ទ )
[សៈរ៉ៈទៈ ]
(សរទ; ឝរទ៑) រដូវចុះអ័ព្ទឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ; ហៅ សរទកាល ឬ សរទរដូវ; ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ>រតូវ ឬ រដូវ ត្រង់ រដូវទី ៣ ដែលនិយាយពីរដូវ ៤ និងត្រង់ រដូវទី ៦ ដែលនិយាយពីររដូវ ៦) ។
-
សិសិរៈ
( គុ.គុនសព្ទ )
(សិសិរ; ឝិឝិរ) ត្រជាក់ខ្លាំង, រងា, រងាខ្លាំង ។ ន. រដូវរងាខ្លាំង; ឈ្មោះរដូវទី ៤ ក្នុងបែបចែករដូវ ៤ ឬឈ្មោះរដូវទី ២ ក្នុងបែបចែករដូវ ៦; ហៅ សិសិររដូវ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ១ ន. ផង) ។
- សិសិរកាល ឬ
- --សម័យ កាលឬសម័យដែលរងាខ្លាំង, វេលារងាខ្លាំង, រដូវរងាខ្លាំង ។
- សិសិរមាស ខែរងាខ្លាំង ។ល។
-
ហេមន្ត
( ន.នាមសព្ទ )
[--ម៉ន់-តៈ ឬ --ម៉ន់ ]
ឈ្មោះរដូវមានទឹកសន្សើម, រដូវរងា : រដូវហេមន្ត; ហៅ ហេមន្តកាល, --រដូវ, --សម័យ ក៏បាន “កាល, រដូវ, សម័យមានទឹកសន្សើម” (មើលក្នុងពាក្យ រតូវ ឬ រដូវ ទៀតផង) ។
-
ឫតុ
( ន.នាមសព្ទ )
(ឧតុ) រដូវ ។ ប្រើជាបទសមាស : ឫតុកាល ឬ ឧតុ-- សម័យក្នុងរដូវ, គ្រាដែលសមតាមរដូវ, ដែលមានទំនងស្រួល; សម័យធ្លាក់រដូវនៃស្ត្រី (ហៅថា ឫតុសម័យ ឬ ឧតុ-- ក៏បាន) ។
- ឫតុនិយម ឬ - ឧតុ-- (--យំ) ការកំណត់តាមរដូវ; ធម្មតារបស់រដូវ (ហៅថា ឫតុនិយាម ឬ ឧតុ-- ក៏បាន) ។
- ឫតុបរិណាមជាពាធ ឬ
- ឧតុ-- (--ប៉ៈរ៉ិណាមៈជាពាត) ជំងឺដែលកើតព្រោះការប្រែឬផ្លាស់រដូវ ។
- ឫតុរាជ សេ្ដចរដូវ គឺរដូវស្លឹកឈើលាស់ (វសន្តរដូវ) ។
- ឫតុសន្ធិ (--សន់-ធិ) តំណរដូវ គឺវេលាត្រង់ចន្លោះរដូវពីមួយទៅមួយ, វេលាផ្លាស់រដូវ ។
- ឫតុសាត្ម្យ៍ (--សាត) អាហារដែលឆ្ងាញ់តាមរដូវ; ដំណើរឆ្ងាញ់ពិសាតាមរដូវ ។
- ឫតុស្នាន ការងូតទឹកជម្រះខ្លួនក្នុងថ្ងៃដាច់រដូវ; ការងូតទឹកជម្រះកាយរបស់ស្ត្រីក្នុងវេលាដែលធ្លាក់រដូវរួចហើយឬក្នុងវេលាកន្លងមក ៤ ថ្ងៃ អំពីថ្ងៃដែលមានរដូវជាដំបូងបំផុត (ងូតដើម្បីឲ្យកើតស្រីសួស្ដី, តាមលទ្ធិព្រាហ្មណ៍ឬលទ្ធិបុរាណ) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
រតូវ
- detail »
See:រដូវ