Khmer Dictionary: ស្វាមី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ការ
( កិ.កិរិយាសព្ទ )
រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា : ការកូន, ការក្មួយ, ស៊ីការ...។
-
ទាសី
( ន.នាមសព្ទ )
ខ្ញុំស្រី ។
- ទាសីធីតា (--ធីដា) ន. (បា.; សំ. ទាសីទុហិត្ឫ) កូនស្រីនៃទាសី, កូនស្រីដែលកើតអំពីទាសី ។
- ទាសីបុត្រ (--បុត) ន. (សំ.; បា. ទាសីបុត្ត) កូនប្រុសនៃទាសី, កូនប្រុសដែលកើតអំពីទាសី ។
- ទាសីបុត្រី ន. (សំ.) ដូចគ្នានឹង ទាសីធីតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
- ទាសីភរិយា ន. (បា.; សំ. ទាសីភាយ៌ា) ស្រីដែលប្រុសជាម្ចាស់ទ្រព្យ ប្រើប្រាស់ជាទាសីផង យកជាភរិយាផង (មេខា); ភរិយាដូចជាទាសីគឺភរិយាដែលយកចិត្តទុកដាក់បម្រើស្វាមីដូចជាទាសី ។
- ទាសីភោគ ឬ - ទាសីភោគៈ ន. (សំ. បា.) ការប្រើប្រាស់ដូចជាទាសី គឺការប្រើប្រាស់ស្ត្រីដែលមិនមែនជាទាសី ឲ្យធ្វើការងារញក់ញីដូចជាទាសី ។
- ទាសីភោគកម្ម (--ភោគៈក័ម) ន. (បា.) ដូចគ្នានឹង ទាសីភោគ ដែរ ។
-
និមិត្តរូប
( ន.នាមសព្ទ )
[--មិត-តៈ--]
រូបជាគ្រឿងកំណត់សម្គាល់ គឺវត្ថុជាតំណាងអ្វីមួយដែលគ្មានរូប ដូចជាជញ្ជីងទុកជាតំណាងនៃសុចរិតយុត្តិធម៌ជាដើម : ជញ្ជីងជានិមិត្តរូបនៃយុត្តិធម៌, អំបោះចងដៃគូស្វាមីភរិយាថ្មី ទុកជានិមិត្តរូបនៃពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ (បារ. Symbole) ។
-
គម្ដែង
( ន.នាមសព្ទ )
[គំម្ដែង ជើង ដ ឬ គំ-ម៉ៈ ដែង ]
(ក្លាយឃ្លាតមកពីពាក្យខ្មែរ ក្នុងសម័យបុរាណព្រេងនាយថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មានន័យថា ព្រះតេជព្រះគុណ; លោកជាម្ចាស់ ។ លុះចំណេរកាលតៗមក ខ្មែរយើងប្រើពាក្យនេះ សំដៅសេចក្ដីថា លោកអ្នកមានបុណ្យច្រើនគួរជាទីគោរព គួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្តិយសខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី, ប្ដី ។ គម្ដែងផ្ទៃក្រោម ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ (មើលក្នុងពាក្យ ផ្ទៃ ទៀតផង) ។ គម្ដែងសង្ឃ ព្រះភិក្ខុសង្ឃជាទីគោរព : បពិត្រព្រះគម្ដែងសង្ឃ.... ។
-
បញ្ញាណ
( ន.នាមសព្ទ )
[ប៉ាញ់-ញ៉ាន]
សម្ដីបញ្ជាក់; គ្រឿងបញ្ជាក់; វត្ថុតាង, ព័ស្តុតាង (ភ័ស្តុតាង), តឹកតាង : ទង់ជ័យជាបញ្ញាណនៃរាជរថ, ផ្សែងជាបញ្ញាណនៃភ្លើង, ព្រះរាជាជាបញ្ញាណនៃរដ្ឋ, ស្វាមីជាបញ្ញាណនៃស្រ្តីជាភរិយា (ម. ទានកណ្ឌ) ។
-
បវេណី
( ន.នាមសព្ទ )
[ប៉ៈវេនី ឬប្រពៃនី ]
(បវេណិ ឬ បវេណី; ប្រវេណិ ឬ ប្រវៃណី) ទំនៀម; ពូជពង្ស, តំណវង្សត្រកូល : រក្សាបវេណី, ធ្វើបុណ្យទានតាមប្រពៃណី ។
- បវេណីទេវតា ទេវតាដែលគេរាប់អានតាមតំណវង្សត្រកូលតៗមក ។
- រួមបវេណី រួមសុខទុក្ខរបស់ស្វាមីភរិយា ។
-
ប្ដី
( ន.នាមសព្ទ )
[ជើង ដ ]
(បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្រ្តីជាភរិយា”) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ ។
- ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី (?) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ ? (ព. សា.) ។ យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកទុកជាព្រះកេរ្តិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់ពាក្យថ្លែងអំពីគតិ ៥យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ កតមេហិ បញ្ចគតី- ហិ សាមិកា ភរិយាស- ង្គហាធម្មា ប្រែតាមអត្ថា- ធិប្បាយបាលី ។ ថាប្រុសឯណា នឹងមានភរិយា លោកឲ្យចេះក្ដី ទាំងប្រាំចំពោះ សង្គ្រោះចិត្តស្រី ប្រពន្ធប្រក្រតី ដូចធម៌សម្ដែង ។ បើប្ដីឯណា ពុំកាន់កិរិយា ទាំងប្រាំនេះឯង ហៅប្ដីទុជ៌ន ជួលន់ក្រៃលែង ចេះតែកំហែង ចិត្តប្រពន្ធពិត ។ បើប្ដីកាន់ច្បាប់ ទាំងប្រាំនេះខ្ជាប់ ហៅប្ដីសុចរិត បម្រុងភរិយា ដោយនាក្រមក្រឹត្យ ប្រសើរពេកពិត ឥតអ្វីផ្ទឹមឡើយ ។ អស់ប្រុសទាំងឡាយ ចូរចាំអធិប្បាយ ច្បាប់នេះជាត្រើយ ទុកគ្រប់ប្រុសប្រាណ កុំមានកន្ដើយ មានប្រពន្ធហើយ ជាសុខសម្រាន្ត ។ មួយគឺហៅប្ដី ឲ្យប្រើសំដី នឹងប្រពន្ធមាន ពាក្យទន់ពីរោះ ស្មើស្មោះដោយក្សាន្ត សរសើររាប់អាន តាមសព្ទវាចា ។ មួយគឺប្រពន្ធ ខុសឆ្គងស្រាលធ្ងន់ កុំជេរផ្ដាសា ទាត់ធាក់ដៀលដំ ដូចខ្ញុំអាត្មា កុំស្ដីដើមថា ឲ្យឮសាយស័ព្ទ ។ មួយគឺបានធន ប្រគល់ប្រពន្ធ ទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារ ជាការស្រីផ្គាប់ រៀបចំសម្រាប់ ថែទាំរក្សា ។ មួយគឺកុំផ្ចង់ កុំខំតែប- ង្កើតកូនហើយថា ប្រពន្ធសុខចិត្ត ឲ្យគិតប្រាថ្នា រួសរកទ្រព្យា សម្រាប់ឲ្យផង ។ មួយគឺឲ្យចាប់ ស្រឡាញ់ឲ្យខ្ជាប់ កុំជិនណាយហោង បើមានប្រពន្ធ- ទៀតកុំប៉ុនប៉ង ស្រឡាញ់ស្នេហ៍ស្នង ឲ្យស្មើមុខឡើយ ។ សម្ដែងសេចក្ដី គ្រប់ប្រាំវិថី ចែងចប់ស្រេចហើយ ឲ្យអស់ប្រុសផង ចាំចងជាត្រើយ ផ្ចង់កុំកន្តើយ ចោលច្បាប់បុរាណ ។ បើប្រុសឯណា ពុំផ្ចង់ចិន្តា ដូចធម៌ទូន្មាន នៅនឹងភរិយា គ្មានជាសុខសាន្ត ហិនហោចធនធាន ទាស់ទែងលែងគ្នា ។ ឯវិស័យចិត្ត អស់ស្រីផងពិត មានប្ដីប្រាថ្នា អំពើទាំងប្រាំ នេះចាំចិន្តា គ្រប់ចិត្តភរិយា នៅនាលោកិយ ។ បើខ្វះអំពើ- ណាមួយហើយតើ ប្រពន្ធថាប្ដី ចិត្តពុំត្រូវត្រង់ ពុំគង់មេត្រី តូចចិត្តស្វាមី អាក់អន់ពុំស្មោះ លោកឲ្យប្រុសផង គន់គិតស្ងួនគ្រង ផ្ចង់ចិត្តសង្គ្រោះ- ប្រពន្ធឲ្យពិត ដោយក្រឹត្យប្រាំនោះ ប្រពន្ធក៏ស្មោះ- ចិត្តចូលមូលឯង ។ កុំគិតតែយក- ប្រពន្ធបានមក គ្រាន់ឱបប្រលែង បង្កើតតែកូន សោះសូន្យធនធេង លោកឲ្យគិតក្រែង ដំណៀលនិន្ទា ។ ធម្មតាជាប្ដី បានទ្រព្យធនអ្វី ឬយសសក្ដា តែងនៅសុខសឹង- ទីពឹងផងគ្នា ព្រោះដ្បិតភរិយា កាន់ក្ដីសុចរិត ។ អំពើច្នេះហោង ឲ្យអស់ប្រុសផង ចងចាំក្នុងចិត្ត តាមធម៌ទូន្មាន គ្រប់ប្រាណប្រុសពិត ទុកជាក្រមក្រិត្យ ច្បាប់ច្បាស់តទៅ ។ អង្គអញរចនា សេចក្ដីកាព្យា តាមច្បាប់ទុកនៅ ក្នុងព្រះបាលី សេចក្ដីជ្រាលជ្រៅ ពុំហ៊ានសៅដៅ លើកលែងងាយដាយ ។ ឧស្សាហ៍ខំប្រុង ប្រែរករើសក្នុង គម្ពីរនិកាយ អដ្ឋកថា ដីកាបរិយាយ និបាតទាំងឡាយ មកផ្សំស្រដី ។ ជាច្បាប់ទុកត ដំណឹងតំណ ដំណើរស្ត្រី ឲ្យជាក់ប្រាកដ ដោយបទបាលី គ្រាន់អស់ប្រុសស្រី រើសរៀនរកផ្លូវ ។ ច្បាប់នេះប្រសើរ ដំណឹងដំណើរ ទំនងនេះកូវ ជាច្បាប់ប្រាកដ ដោយបទត្រឹមត្រូវ គួរយើងឥឡូវ ប្រតិបត្តិរក្សា ។ គួររៀនឲ្យស្ទាត់ ឲ្យចាំរត់មាត់ ដាក់ក្នុងចិន្តា គ្រាន់នឹងប្រិតប្រៀន បង្រៀនអាត្មា តាមដោយគាថា នេះឯងតទៅ ។ ចែងចប់អភិប្រាយ ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍ ប្រាំបីរោចឯ នាខែមាឃនៅ ឆ្នាំរកាត្រូវ នព្វស័កស្រេចហោង ។៚ (បើពេញចិត្ត គួរទន្ទេញឲ្យចាំមាត់) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រពន្ធ ទៀតផង) ។
-
បុព្វេសន្និវាស
( ន.នាមសព្ទ )
[បុប-ពេសន់-និវាស]
ដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុន គឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមក : បុរសស្ត្រីដែលមានបុព្វេសន្និវាស, កាលបើបានជួបគ្នា, រមែងតែចាប់ចិត្តប្រតិព័ទ្ធស្នេហារកគ្នាយ៉ាងមាំ ត្រូវអធ្យាស្រ័យគ្នាជាដរាប (គូនៃបុរសស្ត្រីនុះ ហៅថា គូព្រេង) ។
-
ប្រដំប្រសង
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ស្របាលគ្នា, មុនក្រោយគ្នាបន្តិចបន្តួច, អាយុស្រករគ្នា, ដែលប្រហាក់ប្រហែលគ្នា ស្រដៀងគ្នា, ជិត្មើគ្នា, ដែលលូតលាស់ ឬមានសន្ទះល្បឿនស្ទើរស្មើគ្នា ។ ឧ. ត្រកូលសេដ្ឋីទាំងពីរនេះមានទ្រព្យប្រដំប្រសងគ្នា ។ ទូកប្រណាំងទាំងពីរនេះមានល្បឿនប្រដំប្រសងគ្នា ។ គូស្វាមីភរិយាដែលមានអាយុប្រដំប្រសងគ្នា ។
-
ប្រទាស់កាំកី
( ន.នាមសព្ទ )
ដំណើរមានភរិយាស្វាមីទាស់នឹងប្រពៃណីសម្រាប់ប្រជាជន គឺប្រទាស់ខ្វែងមិនស្របថ្នាក់គ្នា...។