Khmer Dictionary: កោន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កោន
( កិ.កិរិយាសព្ទ )
ជ្រកដោយអាការកំប្រោន; គេច្រើននិយាយភ្ជាប់ថា ជ្រកកោន ។
-
កំណោន
( ន.នាមសព្ទ )
ការកោន, ការជ្រកកោន : ខ្ញុំគ្មានកំណោននឹងគេ ។
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
បដិសរណដ្ឋាន
( ន.នាមសព្ទ )
[--សៈរៈ ណាត់ឋាន]
(បដិស្សរណដ្ឋាន) ទីពឹងពំនាក់, ទីជ្រកកោន, ទីសម្រាប់ពួន ។ សព្វថ្ងៃ ប្រើសំដៅយកគេហដ្ឋានជាសាធារណៈ សម្រាប់ទទួលចិញ្ចឹមបីបាច់ថែរក្សាជនក្រីក្រ, ពិរាពិការ និងចាស់ជរាជាដើម : អ្នកដែលបានបង្កើតបដិសរណដ្ឋានឈ្មោះថា បានបំពេញសង្គហធម៌ដ៏ថ្លៃថ្លា (បារ. Asile) ។
-
បុញ្ញ
( ន.នាមសព្ទ )
[បុញ-ញ៉ៈ]
(បុណ្យ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើដែលជាបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
- បុញ្ញកិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។
- បុញ្ញកិរិយាវត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១-ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២-សីលមយៈ... ព្រោះការរក្សាសីល; ៣-ភាវនាមយៈ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤-អបចាយនមយៈ... ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥-វេយ្យាវច្ចមយៈ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦-ធម្មទេសនាមយៈ... ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្គាល់ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧-ធម្មស្សវនមយៈ... ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨-បត្តិទានមយៈ... ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩-បត្តានុមោទនាមយៈ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្ដានចិត្ត ។
- បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញក្ខេត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។
- បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។
- បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យនិធី) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់ក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។
- បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្ដានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។
- បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធន ឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។
- បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។
- បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។
- បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។
- បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះ ឬអំណាចបុណ្យស័ក្តិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
- បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។
- បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។
- បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។
- បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។
- បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។
- បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
- បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
-
ពឹង
( កិ.កិរិយាសព្ទ )
រកគេជួយ, ស្ដីគេ : ពឹងគេឲ្យសរសេរសំបុត្រ, ពឹងគេឲ្យជួយធ្វើរោង ។ ជ្រកកោន, ធ្វើឲ្យមានអាង : ពឹងបុណ្យគេ, ពឹងគំនិតគេ ។
- ពឹងផ្អែក ធ្វើឲ្យមានអាងហាក់ដូចជាបង្អែក ។
- ពឹងពាក់ ពឹងរកគ្នាទៅវិញទៅមក ។ល។ ប្រឹងចំកោងឬបំពើងខ្លួនផ្ដែកប៉ះផ្ទប់ទៅលើ : គោពឹងទូករទេះ (និយាយថា ពឹត ក៏បាន) ។
-
ពោធិសម្ភារ
( ន.នាមសព្ទ )
[--សំភា]
ការសាងសន្សំឲ្យបានសម្រេចពោធិ គឺការកសាងបម្រុងឲ្យបានត្រាស់ជាព្រះពុទ្ធ : ពោធិសត្វបំពេញពោធិសម្ភារ (ព. ពុ.) ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា តេជះបារមី, ថា អំណាចបុណ្យ ឬថា ទីពឹងពំនាក់ ផងក៏មាន សម្រាប់ថ្លែងសេចក្ដីសរសើតេជះព្រះមហាក្សត្រិយ៍ : សូមជ្រកកោនក្រោមម្លប់ពោធិសម្ភារនៃព្រះករុណាជាម្ចាស់ជីវិតលើត្បូង... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ និង សម្ភារ ផង) ។
-
ម្លប់
( ន.នាមសព្ទ )
ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ : ម្លប់ឈើ, ម្លប់ផ្ទះ, ជ្រកម្លប់ ។ ព. ប្រ. តេជះ, អំណាច, ទីពំនាក់ : សូមជ្រកកោនក្រោមម្លប់ព្រះពោធិសម្ភារបារមីព្រះករុណាជាម្ចាស់ជីវិតលើត្បូង; សូមជ្រកកោនក្រោមម្លប់ព្រះតេជព្រះគុណ; នៅក្នុងម្លប់ចៅហ្វាយនាយ ។ ស្រីចូលម្លប់ ស្ត្រីដែលដល់កាលកំណត់គ្រប់ការហើយ មាតាបិតាបង្ខាំងឲ្យនៅតែក្នុងផ្ទះ មិនឲ្យចេញឲ្យត្រូវថ្ងៃ លុះដល់គ្រប់ថ្ងៃកំណត់ទើបឲ្យចេញពីម្លប់; ពិធីចូលម្លប់នេះរាប់ថាជាមង្គលមួយសម្រាប់ស្រ្តីខ្មែរ, ហៅថា មង្គលចូលម្លប់ ឬ ចូលម្លប់បង្គ្រប់ការ, ប៉ុន្តែមិនមែនសុទ្ធតែធ្វើទាំងអស់គ្នាទេ (ច្រើនតែមិនបាច់ធ្វើ) ក្នុងសម័យសព្វថ្ងៃនេះនៅមានធ្វើតិចគ្នាណាស់ ។
-
សម្ភារ
( ន.នាមសព្ទ )
[សំ-ភា]
ការសន្សំ, ការសាងសន្សំកុសល; ការសាងសន្សំបន្ទុំបារមី (របស់ពោធិសត្វ); តេជះ, អំណាច; សេចក្ដីទំនុកបម្រុង; ការស្រោចស្រង់, សេចក្ដីសង្រ្គោះ; ការរួបរួម; របស់ដែលត្រូវរួបរួម, ដែលត្រូវផ្សំជាមួយគ្នា; គ្រឿងផ្សំ; គ្រឿងផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់ដែលត្រូវតែមានខានពុំបាន, គ្រឿងប្រើប្រាស់;... ។
- គ្រឿងសម្ភារ គ្រឿងផ្សំ; គ្រឿងប្រើប្រាស់ ។
- ដោយសារសម្ភារ ដោយសារអំណាចឬសេចក្ដីទំនុកបម្រុង : យើងខ្ញុំបានសេចក្ដីសុខ ដោយសារសម្ភារព្រះតេជព្រះគុណ ។
- ម្លប់សម្ភារ ម្លប់តេជះ, ម្លប់បុណ្យ : សូមជ្រកកោនក្រោមម្លប់សម្ភារព្រះបាទម្ចាស់ ។
- សម្ភារបារមី បារមីដែលបានសាងសន្សំឬអប់រំទុកមក ។
- គុណសម្ភារ តេជះរបស់គុណ ។
- ទព្វសម្ភារ គ្រឿងប្រុងមានគ្រឿងផ្ទះជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
- ពោធិសម្ភារ ការសាងសន្សំឲ្យបានត្រាស់ជាព្រះពុទ្ធ ។
- រាជសម្ភារ តេជះរបស់ព្រះរាជា ។
- សីលសម្ភារ អង្គសីល; តេជះសីល ។ល។
-
ស្រ័យ
( ប.បរិវារសព្ទ )
[ស្រៃ]
(ឝ្រយ ឬ ឝ្រយណ “ទីអាស្រ័យ, ទីពំនាក់, ទីជ្រកកោន”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ គុណ ថា គុណស្រ័យ គុណជាទីអាស្រ័យ, គុណបំណាច់ ។
- ទារគុណស្រ័យ ទារគុណបំណាច់ (និយាយថា ទារគុណទារស្រ័យ ក៏មាន) ។
- យកគុណស្រ័យ ឬ - យកគុណយកស្រ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យក) ។
Headley's Khmer-English Dictionary Full Text Search
-
កោន
( v )
[kaon]
- detail »
to take refuge / shelter; to seek help / protection