Khmer Dictionary: លោកីយ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
លោកីយ៍
( គុ.គុនសព្ទ )
[--កី ]
ដូចគ្នានឹង លោកិយ :
- សម្បត្តិលោកីយ៍ សម្បត្តិសម្រាប់លោកិយជន ។
- ជំងឺលោកីយ៍ ជំងឺសម្រាប់សត្វក្នុងលោក; ប៉ុន្តែខ្មែរប្រើតាមទម្លាប់សំដៅសេចក្ដីថា អាសន្នរោគ ឬ អហិវាតករោគ ។ ព. សា. រំបល់, រំលែះ : អាលោកីយ៍កាច់ ! អារំបល់កាច់ ! (ពាក្យជេរទ្រគោះ) ។
-
សោភ័ណ
( គុ.គុនសព្ទ )
(សោភន ឬ សោភណ; ឝោភន) ល្អ; ហ្មត់ហ្មង : ប្រសើរសោភ័ន ប្រសើរក្រៃលែង, ល្អកន្លង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ផ្ទះថ្មច្រើនជាន់ រាប់បានច្រើនពាន់ សោភ័នពិសី នៅក្រុងភ្នំពេញ ដែលរៀបចំថ្មី នៅនាលោកីយ៍ ជាក្រុងមួយដែរ ។ ភ្នំពេញយូរទៅ រឹងរឹតត្រឹមត្រូវ ដោយស្នាដៃខ្មែរ សម័យជាន់ក្រោយ ខិតខំបង្វែរ ពង្រីកបំបែរ ឲ្យធំឡើងទៀត ។ ...
-
ស្បែ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្បថ ថា :
- ស្បថស្បែ ឬ - ស្បែស្បថ ស្បថយ៉ាងស្រាល (ឥតមានសូត្រសច្ចាប្រណិធាន) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូនចៅកុំហ៊ាន ស្បែស្បថបំពាន ខុសច្បាប់បញ្ញត្ត ចាស់ទុំហាមប្រាម ថាត្រូវប្រយ័ត្ន ស្បថខុសតែងបាត់ ប្រយោជន៍ឬខ្លួន ។ គួរខ្លាចគួរស្ដាយ ក្រែងក្តីអន្តរាយ កើតតាមគាប់ជួន នៅនាលោកីយ៍ ឥតអ្វីជួយស្ងួន-គ្រងរក្សាខ្លួន រងសុទ្ធតែបាប ។
-
ស្រី
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក); ត្រូវប្រើឲ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវប្រើថា បុរសស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា : ប្រុសស្រីជាប្តីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្តី ។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្តីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់ ។ ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ- ក៏ដោយបើបាន ស្រីមានសន្ដាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចម្រើន ទ្រព្យាកើតកើនព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី ទៀតផង) ។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឲ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត ។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្តី ឫករាបស្រគត់ ផ្គង់ផ្តត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្តាប់ផ្គាប់ចិត្ត ប្តីគ្រប់វេលា ។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្តីផ្តាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្តី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្តា អាចទទួលប្រាណ ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន ។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា ។ ក្តីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង ។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា ។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗ តាមបាន ។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន ម្ដេចៗមិនថា ។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្តីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ ។ សំដែងសេចក្ដី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី ។ ៚ មើលក្នុងពាក្យ ប្រុស, ប្តី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត, គួរទន្ទេញឲ្យចាំរត់មាត់, ជាការប្រពៃពេក) ។
-
ហសិកា
( ន.នាមសព្ទ )
[ហៈ-- ]
សំណើច, សំណើចក្អាកក្អាយសប្បាយភ្លេចខ្លួន : កុំធ្វើហសិការភ្លេចខ្លួន ក្រែងគ្រោះមកជួន នៅនាលោកីយ៍ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: ហៃនាងកញ្ញា ធ្វើហសិកា ត្រូវគិតមុខក្រោយ គិតការណ៍រាក់ជ្រៅ ពុំត្រូវបណ្តោយ ឲ្យចិត្តទន់ខ្សោយ ត្រអាលភ្លេចខ្លួន ។
-
ឡុងសុង
( ន.នាមសព្ទ )
(រ្ចងទ្រង អ. ថ. រ៉ងសុង “រងទ្រង់”) ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូល សណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឲ្យមានភាពវែងក្រពុំ : កាត់សក់ឡុងសុង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សម័យព្រេងនាយ ប្រុសខ្មែរទាំងឡាយ កាត់សក់ឡុងសុង គេរាប់អានថា សមរូបសមទ្រង់ បែបនោះពុំគង់ នៅយូរប៉ុន្មាន ។ មនុស្សប្រុសនិងស្រី នៅនាលោកីយ៍ តាក់តែងខ្លួនប្រាណ តាមកាលសម័យ និយមរាប់អានតាំងពីបូរាណ រៀងដល់ឥឡូវ ។ បណ្ឌិតឃើញថា ការតែងកាយា តាមលោកតម្រូវ ទោះសមទោះឆ្គង ទោះត្រូវពុំត្រូវ ពីដើមឥឡូវ សន្មតថាល្អ ។
-
អគ្នន្យ័ស្រ្ត
( ន.នាមសព្ទ )
[អ័ក-គ្ន័ន-យ័ស]
(< អគ្និ “ភ្លើង” + អន្យ “ដទៃ” + អស្រ្ត “អាវុធ”) កាំភ្លើង ។ សម្រាប់ប្រើតែក្នុងកាព្យ តាមដោយពួកកវីត្រូវការប្រើ, ដូចជាកាព្យថា : រីអគ្នន្យ័ស្រ្ត ជាគ្រឿងប្រើប្រាស់ សម្រាប់ការពារ ស្រុកទេសខ្លួនប្រាណ កើតមានដោយសារ ពួកជនបរិវារ រដ្ឋរាជ្យផ្តួចផ្តើម ។ ប្រសិនបើមនុស្ស ទាំងស្រីទាំងប្រុស មានចិត្តជោកសើម ដោយទឹកមេត្តា រាល់តែដង្ហើម អ្នកណានឹងផ្តើម បង្កើតធ្វើអ្វីៗ ។ អគ្នន្យ័ស្រ្តមាន ព្រោះក្តីឈ្លានពាន នៃជនប្រុសស្រី ដែលដាច់មេត្តាករុណាពិសី នៅនាលោកីយ៍ ទើបមានគ្រឿងនេះ ។
-
ហូតថ្នាក់
( គុ.គុនសព្ទ )
ដែលនៅថ្មោងឥតទាន់សៅហ្មង, បរិសុទ្ធស្អាត, ថ្មីចែស; ដែលនៅកំលោះឬនៅក្រមុំសុទ្ធសាធ : របស់ថ្មីហូតថ្នាក់; កំលោះហូតថ្នាក់, ក្រមុំហូតថ្នាក់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កំលោះហូតថ្នាក់ ត្រូវយល់ឲ្យជាក់ នូវមាត្រាច្បាប់ កូនគេក្រមុំ កុំហ៊ានពាល់ចាប់ ពុំបានទេស្លាប់ ប្រយោជន៍លោកីយ៍ ។ ក្រមុំហូតថ្នាក់ ត្រូវរក្សាលក្ខណ៍ ប្រយ័ត្នអប្រីយ៍ ត្រូវប្រើឫកពា ចរិយាកូនស្រី ទោះនឹងស្រដី ឲ្យត្រូវបែបបទ ។
-
អង្ក្រង
( ន.នាមសព្ទ )
សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ ប្រភេទគឺ អង្រ្កងទឹក ឬ អង្រ្កងផេះ, អង្ក្រងភ្លើង ។
- ស្រុះគ្នាដូចអង្រ្កង ស្រុះគ្នាជាឯកច្ឆន្ទ (មិនមើលបំណាំមិនប្រចាំគ្នា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្រ្កង រ៉ាប់រងនាទី ឲ្យមានវុឌ្ឍី សុខសាន្តបវរ ។ សាមគ្គីភេទបង្កើតជាហេតុ- ការណ៍លម្អក់ព័ណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!