Khmer Dictionary: សត្តប្បករណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បង្សុកូល
( ន.នាមសព្ទ )
[ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
(បំសុកូល) គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី ។ សំពត់ដែលគេចោលលើគំនរសំរាមជាដើម ប្រឡាក់សៅហ្មងដោយអាចម៍ដី, ដោយធូលីដែលបព្វជិតក្នុងពុទ្ធសាសនា ទស់ដោយសម្គាល់ថាជារបស់ឥតម្ចាស់ ព្រោះគេបោះបង់ចោល លែងត្រូវការហើយទាញយកមកផ្សែផ្សំធ្វើជាចីវរប្រើប្រាស់តាមពុទ្ធានុញ្ញាត (ចំពោះតែសំពត់មានព័ណ៌សឬលឿង ដែលល្មមយកមកជ្រលក់សម្រួលព័ណ៌បាន; រាប់ថាជាសំពត់ថ្លៃថ្លាវិសេស សម្រាប់បព្វជិតអ្នកមានសន្តោសស្ងប់រម្ងាប់) ។ លុះដល់មកក្នុងសម័យសព្វថ្ងៃនេះ សូម្បីសំពត់ដែលទាយកគេពាក់ឬគ្របលើក្ដារមឈូសជាដើម គេនិមន្តឲ្យបព្វជិតទាញយកទៅទីចំពោះមុខគេ ឬកំបាំងពីមុខគេក៏ហៅសំពត់បង្សុកូលដែរ ។ ខ្មែរយើងប្រើតាមទម្លាប់ប្រទេស, ហៅដំណើរដែលគេនិមន្តភិក្ខុសាមណេរ ឲ្យចាប់កាន់អំបោះ ឬផ្ទាំងសំពត់ដែលតភ្ជាប់ពីសាកសព ឬពីអដ្ឋិធាតុមកសូត្រធម៌ អនិច្ចាវត សង្ខារា... ក៏ហៅ បង្សុកូល ដែរ; ច្រើនប្រើជា កិ. ឬ គុ. ថា និមន្តលោកបង្សុកូល, ធម៌បង្សុកូល; បើក្នុងព្រះបរមរាជវាំង ច្រើនប្រើពាក្យថា និមន្តលោកសត្តប្បករណ៍, ជាពាក្យហៅកាត់ខ្លីក្លាយមកពីពាក្យថា និមន្តលោកសូត្រសត្តប្បករណាភិធម្ម គឺនិមន្តលោកសូត្រព្រះអភិធម្ម៧គម្ពីរ (ដោយសង្ខេប) ។ល។
-
ពិស្ដារ
( ន.នាមសព្ទ )
[ជើង ដ, ច្រ. និ. ពឹស-ស្ដា]
(វិស្ដារ; វិត្ថារ) សេចក្ដីទូលាយ, សេចក្ដីវែង; ដំណើរយឺតយូរ : និយាយដោយពិស្ដារ ។ ខ្មែរប្រើជាឈ្មោះធម៌ព្រះអភិធម្មបិដកនិងអដ្ឋកថាព្រះអភិធម្ម យកមករួបរួមចារឹកទុកក្នុងភាណវារបាលីសម្រាប់ព្រះភិក្ខុសង្ឃសូត្រដារ ជាធម៌វែងជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍ : និមន្តលោកសូត្រពិស្ដារ ។ ប្រើជា គុ. ឬ កិ. វិ. ក៏បាន : សេចក្ដីពិស្ដារ គឺសេចក្ដីវែង ឬ ទូលាយ;
- និយាយពិស្ដារ គឺនិយាយរៀបរាប់ដោយសព្វគ្រប់ ។ ព. ផ្ទ. សង្ខេប ។
-
សប្តប្រករណ៍
( ន.នាមសព្ទ )
[ស័ប-ប្តៈប្រៈក ឬ ត. ទ. ស្រ. ស័ប-ប្រ-ក ]
(សប្ត + ប្រករណ; សត្តប្បករណ) គម្ពីរ ៧ ។ ពាក្យហៅធម៌ព្រះអភិធម្ម ៧ គម្ពីរ ដែលស្រង់បាលីសង្ខេបមករៀបរៀង សម្រាប់សូត្រក្នុងពេលខ្លី (ព. ពុ.) : និមន្តលោកដារសប្តប្រករណ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្តប្បករណ៍>សត្តប្បករណ៍ ផង) ។
-
សត្តប្បករណ៍
( ន.នាមសព្ទ )
[ស័ត-ត័ប-ប៉ៈក]
(សត្តប្បករណ; សប្តប្រករណ) គម្ពីរ ៧, សំដៅចំពោះព្រះអភិធម្មទាំង ៧ គម្ពីរ : សូត្រសត្តប្បករណ៍ ។ ខ្មែរប្រើជា កិ. ក៏មាន, សំដៅសេចក្ដីថា “សូត្របាលីព្រះអភិធម្មទាំង ៧ គម្ពីរដោយសង្ខេប នៅវេលាបង្សុកូលក្នុងព្រះរាជនិមន្ត” : និមន្តលោក ១០០ អង្គសត្តប្បករណ៍ក្នុងព្រះរាជវាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្សុកូល ផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!