Khmer Dictionary: សមុហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាឡាត់
( ន.នាមសព្ទ )
ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤ គឺ ឯក, ទោ, ត្រី, ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខែត្រ ក៏មានឋានានុក្រមទី បាឡាត់ ដែរ ។ សម្រាប់សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក មានឋានានុក្រមទី បាឡាត់ ពីរៗរូប ស្ដាំ ១ រូប ឆ្វេង ១ រូប; ក្នុងសម័យពីដើមហៅ បាឡាត់ទូលឆ្លង មាននាទីជាអ្នកទទួលភារកិច្ចផ្សេងៗ ជាជំនួសឬជាជំនួយសម្ដេចព្រះសង្ឃរាជឬសម្ដេចព្រះសង្ឃនាយក ក្នុងការទទួលភ្ញៀវនិងការពិតទូលអំពីកិច្ចការនានារបស់ភ្ញៀវសាធារណៈ ដែលមានការប្រាស្រ័យទាក់ទងជាការចាំបាច់ ។ ខាងមន្ត្រីគ្រហស្ថសម្រាប់ខែត្រនិងស្រុកក៏មាន បាឡាត់ ដែរ ហៅថា បាឡាត់ខែត្រ, បាឡាត់ស្រុក ...។ ខ្មែរបុរាណសរសេរ បាល័ដ្ឋ ប្រហែលជាសំដៅអត្ថន័យថា “អ្នកមាននាទីខាងការថែរក្សា” ទេដឹង ? (សៀមសរសេរ ប៉ល័ត អ. ថ. ប្ល័ត, មានអត្ថន័យថាអ្នកផ្លាស់មុខការនាទីជាជំនួយឬជាជំនួសរងពីអធិបតីរបស់ខ្លួនមក...) ។
-
បៃដីកា
( ន.នាមសព្ទ )
(ស. បៃ “ស្លឹក, អ្វីៗដែលមានសណ្ឋានសំប៉ែត... ”; បៃដីកា អ. ថ. បៃឌីកា “សំបុត្រនិមន្តព្រះសង្ឃក្នុងការធ្វើបុណ្យផ្សេងៗ”); សមណស័ក្តិទីឋានានុក្រមថ្នាក់ទី ២ បន្ទាប់ពីសមុហ៍មក, មានមុខងារជាអ្នកចាត់ចែងសំបុត្រនិមន្តព្រះសង្ឃ ឬចែកស្លាកក្នុងការនិមន្តធ្វើបុណ្យផ្សេងៗ : លោកបៃដីកា ។ ខ្មែរពីដើមប្រើពាក្យនេះខ្លះដែរ លុះចំណេរកាលតមក ក៏ឈប់លែងប្រើពាក្យនេះ ។
-
សហ
( និ.និបាតសព្ទ )
[សៈហៈ ]
មួយអន្លើ, ព្រម, ព្រមដោយ, ព្រមទាំង, ជាមួយ, ជាមួយគ្នា, ជាមួយនឹង, រួមគ្នា, រួមជាមួយ, ដំណាលគ្នា ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមគួរដល់ការប្រកប :
- សហករណ៍ មានអត្ថន័យដូចគ្នានឹង សហកម្ម ដែរ ប៉ុន្តែសព្វថ្ងៃប្រើសំដៅយកក្រុមហ៊ុនឬអង្គការដែលប្រមូលផ្តុំជនអ្នកបង្កើតផលផ្សេងៗ ឬអ្នកទទួលទិញ ដើម្បីយកកម្រៃមកចែកគ្នាតាមសមគួរដល់ប្រាក់ដើម ដែលបានចូលហ៊ុន ឬតម្លៃដែលសមាជិកម្នាក់ៗបានទិញ (ពុំមែនជាជំនួញទេ) : បង្កើតសហករណ៍, ទិញអីវ៉ាន់នៅសហករណ៍ ។
- សហការី អ្នកធ្វើការជាមួយគ្នា, អ្នកព្រួតគ្នាជួយធ្វើកិច្ចការណាមួយ; ភ្នាក់ងារក្នុងមុខតំណែងរាជការជាដើម : នាយការិយាល័យ និង លេខាធិការ ជាសហការីនៃនាយកក្រសួង; លោករដ្ឋមន្រ្តីព្រមទាំងសហការីបានអញ្ជើញទៅជួបជុំជាអធិបតី ក្នុងពិធីបុណ្យនោះដែរ; ព្រះបាឡាត់គណ, ព្រះវិន័យធរគណ, ព្រះធម្មធរគណ, ព្រះសមុហ៍គណនិងលេខាធិការគណ ជាសហការីនៃព្រះមេគណ, ព្រះមេគណគ្រប់ខែត្រ អាចមានឋានានុក្រមទីព្រះគ្រូជាសហការីផងដែរក៏បាន ។ (ឥត្ថី, សហការិនី) ។
- សហកីឡា ការលេងជាមួយគ្នា, ការរួមល្បែងជាមួយ ។
- សហគមន៍ (--គំ) ការទៅជាមួយ, ដំណើរជាមួយគ្នា ។ ប្រជុំភូមិឬតំបន់អ្នកស្រុកប្រកបមុខរបរចូលគ្នា,... : បង្កើតឲ្យមានសហគមន៍ ។
- សហគមនាគមន៍ (--គៈ-មៈនាគំ) ការទៅមកជាមួយ ។
- សហគាមី អ្នកដែលទៅជាមួយ (បើស្ត្រីជា សហគាមិនី) ។
- សហគ្រាស គ្រឹះស្ថានឬអង្គការជារបស់រាជការឬរបស់ឯកជន សម្រាប់ទទួលធ្វើការធំៗ ដូចជាស្ថាបនាស្ពាន, ថ្នល់ជាដើម : សហគ្រាសទទួលធ្វើស្ពាន, ប្រគល់មុខសំណង់នោះទៅឲ្យសហគ្រាស ។
- សហគ្រិន ម្ចាស់សហគ្រាស, ជនអ្នកកាន់កាប់សហគ្រាស ។
- សហចរ អ្នកដើរជាមួយ, អ្នកដែលជាគ្នាក្នុងការដើរផ្លូវ (បើស្ត្រីជា សហចារិកា) ។
- សហចារី អ្នកប្រព្រឹត្តធម៌ឬច្បាប់ជាមួយ, អ្នកមានការប្រព្រឹត្តត្រូវគ្នា (បើស្ត្រីជា សហចារិនី) ។
- សហជៈ ដែលកើតនៅពេលជាមួយគ្នាឬដំណាលគ្នា; អ្នកកើតរួមផ្ទៃជាមួយ (បងប្អូនបង្កើត បើស្ត្រីជា សហជា) ។
- សហជាត អ្នកដែលកើតក្នុងថ្ងៃខែឆ្នាំដំណាលគ្នា (បើស្ត្រីជា សហជាតា) ។
- សហជីវិន ឬ - សហជីវី អ្នកដែលមានអាយុស្របគ្នា, គូកន; ជនអ្នកចូលសមាគមជាមួយគ្នា (បើស្ត្រីជា សហជីវិនី) ។
- សហធម្មចារី អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកកាន់ច្បាប់ត្រូវគ្នា (សហចារី); បើស្ត្រីជា សហធម្មចារិនី ។
- សហធម្មិក អ្នកប្រព្រឹត្តធម៌ជាមួយ, អ្នកប្រព្រឹត្តធម៌ត្រូវគ្នា ។ ភិក្ខុ, ភិក្ខុនី, សិក្ខមានា, សាមណេរ, សាមណេរី ទាំង ៥ ពួកនេះ ហៅ សហធម្មិក ឬ សហធម្មិកា, ប៉ុន្តែក្នុងសម័យឥឡូវនៅមានតែភិក្ខុនិងសាមណេរ (ព. ពុ.) ។
- សហធម៌ ធម៌ឬច្បាប់សម្រាប់កាន់ត្រូវគ្នា ។
- សហបាន ការផឹកជាមួយគ្នា ។
- សហបាលន៍ ឬ --បាលី (--បាល ឬ--ប៉ាល៉ី) ការរួមរក្សា, ការគ្រប់គ្រងរួមគ្នា ។
- សហបាលីប្រទេស ឬ --រដ្ឋ ប្រទេសឬដែនផ្សេងៗគ្នា ដែលរួបរួមការគ្រប់គ្រងរាជការជាមួយគ្នា ។
- សហបុត្ត ឬ --បុត្រ ព្រមទាំងកូន, ជាមួយនឹងកូន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បិតាសហបុត្រ ចិត្តបរិសុទ្ធទាំងពីរនាក់ កាន់សីលប្រាំជៀងជាក់ ឥតរអាក់រអួលឡើយ ។
- សហប្បវេណី ឬ--ប្រពៃណី បវេណីជាមួយគ្នា, ទំនៀមទម្លាប់ត្រូវគ្នា; ស្រុកឬប្រទេសដែលមានទំនៀមទម្លាប់ត្រូវគ្នា ។
- សហប្រតិបត្តិការ ការបំពេញកិច្ចការរួម ការពួតដៃគ្នាយ៉ាងជិតស្និទ្ធជួយធ្វើកិច្ចការណាមួយ : ធ្វើសហប្រតិបត្តិការ ។
- សហពន្ធន៍ ឬ --ព័ន្ធន៍ (--ពន់ ឬ--ពាន់) ការចងភ្ជាប់ជាមួយគ្នា ។
- សហពន្ធុ (--ព័ន-ធុ) ព្រមទាំងផៅពង្ស; ផៅពង្សជាមួយគ្នា ។ សហភាព ភាពជាមួយគ្នាឬត្រូវគ្នា, ការរួបរួមឬប្រមូលផ្តុំជាមួយគ្នា ។
- សហភោជ ការបរិភោគជាមួយគ្នា ។
- សហវាស ការនៅជាមួយ, ការនៅផ្ទះ ឬ ភូមិជាមួយ ។
- សហវាសី អ្នកដែលនៅជាមួយ, អ្នកនៅផ្ទះឬភូមិជាមួយ (បើស្ត្រីជា សហវាសិនី) ។
- សហសយ្យា ឬ --សេយ្យា (--សៃយ៉ា) ការដេកជាមួយ ។
- សហហាសនៈ (--សៈន៉ៈ) ការសើចសប្បាយជាមួយគ្នា ។
- សហាលាប (--ល៉ាប; សំ. បា. < សហ + អាលាប “ការចរចា”) ការនិយាយរកគ្នា, ការនិយាយរាក់ទាក់ទៅវិញទៅមករកគ្នា ។
- សហោទរ (សំ. បា. < សហ + ឧទរ “ផ្ទៃ”) បង-ប្អូនរួមឧទរជាមួយ, បងឬប្អូនរួមមាតាមួយ ។ល។
-
សមណសក្ដិ
( ន.នាមសព្ទ )
[សៈម៉ៈណៈស័ក]
(សមណ + សត្តិ; ឝ្រមណ + ឝក្តិ) ស័ក្ដិសម្រាប់សមណៈ គឺឋានន្តរស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ ។ តាមបវេណីក្នុងកម្ពុជរដ្ឋ មានសមណស័ក្ដិទីស្ដេចសង្ឃ, ទីសង្ឃនាយក, ទីរាជាគណៈ, ទីឋានានុក្រម, ទីមហា; ចែកជា ៤ សម្រាប់គឺ ឯក, ទោ, ត្រី, ចត្វា (ធៀបដោយឋានន្តរស័ក្ដិមន្រ្តីខាងអាណាចក្រក្នុងបុរាណសម័យ)។ សមណស័ក្ដិទីរាជាគណៈ (ក្នុងតំណែង) មាន ៣២ គឺសម្រាប់ឯកមាន ១១ គឺ ១-ព្រះសុគន្ធ (ទីអគ្គមហាសេនា), ប៉ុន្តែចួនកាលព្រះករុណាជាម្ចាស់ជីវិត ទ្រង់តាំងជាស្ដេចសង្ឃទីសម្ដេចព្រះសង្ឃរាជឬទីដូចជាឧបរាជរងបន្ទាប់ពីសម្ដេចព្រះមហាសង្ឃរាជមក, ហៅថា សម្ដេចព្រះសុគន្ធាធិបតី...; ២-ព្រះមង្គលទេពាចារ្យ (ទីយោមរាជ); ៣-ព្រះពោធិវ័ង្ស (ទីវាំងវរវៀងជ័យ) : ៤-ព្រះធម្មលិខិត (ទីក្រឡាហោម); ៥-ព្រះវនរ័ត (ទីចក្រី) --ទីឱភាសមន្រ្តី (រឿនហ្លួង) មាន ២ គឺ ១-ព្រះមហាព្រហ្មមុនី (ទីមហាមន្រ្តី); ២-ព្រះមហាវិមលធម្ម (ទីមហាទេព) --ទីឃ្លាំងធម៌មាន ៤ គឺ ១-ព្រះពុទ្ធឃោសាចារ្យ; ២-ព្រះធម្មឃោសាចារ្យ; ៣-ព្រះឃោសធម្ម; ៤-ព្រះធម្មឧត្តម ។ រាជគណៈសម្រាប់ឯកទាំងនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ក្រហម ។ រាជាគណៈសម្រាប់ទោមាន ៧ គឺ ១-ព្រះសិរីសម្មតិវង្ស (ទីសម្ដេចចៅពញា); ២-ព្រះពុទ្ធវង្ស (ទីវង្សាអគ្គរាជ); ៣-ព្រះសាក្យវង្ស (ទីស្រីធម្មាធិរាជ); ៤-ព្រះធម្មកវីវង្ស (ទីវិបុលរាជ); ៥-ព្រះអរិយវង្ស (ទីរាជតេជៈ) --ទីឱភាសមន្រ្តីមាន ២ គឺ ១-ព្រះអរិយកស្សប (ទីអធិរាជវង្សា); ២-ព្រះឧបាលិវង្ស (ទីអធិកវង្សា); ទាំង ៧ រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិពណ៌បៃតង ។ រាជាគណៈសម្រាប់ត្រីមាន ៧ គឺ ១-ព្រះញាណរង្សី (ទីជេដ្ឋាមន្រ្តី); ២-ព្រះញាណវីរិយៈ (ទី... ឯករាជ); ៣-ព្រះធម្មប្បញ្ញាញាណ (ទី...បទេសរាជ); ៤-ព្រះសិរីវិសុទ្ធិញ្ញាណ (ទីស្រីទិព្វវ័ង); ៥-ព្រះញាណកោសល (ទីនរិន្ទនាយក); --ទីឱភាសមន្រ្តីមាន ២ គឺ ១-ព្រះទេពមុនី (ទីវិសេសមន្រ្តី); ២-ព្រះទេពសត្ថា (ទីមន្រ្តីនាយក); ទាំង ៧ រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ស្វាយ ។ រាជាគណៈសម្រាប់ចត្វាមាន ៧ គឺ ១-ព្រះធម្មវិបស្សនា (ទីអធិបតីសេនា); ២-ព្រះធម្មវីរិយៈ (ទីវង្សានុរក្ស); ៣-ព្រះធម្មវិសុទ្ធិ (ទីវង្សាភិមន្ត); ៤-ព្រះសមាធិធម្ម (ទីបវររាជ); ៥-ព្រះធម្មនិរោធរង្សី (ទីវង្សាធិបេស) --ទីឱភាសមន្រ្តីមាន ២ គឺ ១-ព្រះញាណសំវរ (ទីមហាធិរាជ); ២-ព្រះវិន័យសំវរ (ទីទេពនាយក); ទាំង ៧ រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិពណ៌ខៀវ ។ ទាំងបព្វជិតជាឋានានុក្រមទី បាឡាត់, វិន័យធរ, ធម្មធរ, ព្រះគ្រូ, ធម្មកថិក, សមុហ៍ របស់រាជាគណៈទាំង៤ សម្រាប់នេះ ក៏ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមលំដាប់សម្រាប់នោះដែរ; ឯរាជាគណៈនិងឋានានុក្រមក្រៅពីនេះ ហៅថា ឋានន្តរពិសេស ឬ សមណស័ក្ដិពិសេស បើតាំងក្នុងសម្រាប់ណា (ឯក ឬ ទោ, ត្រី, ចត្វា) ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមសម្រាប់នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ១ ន. និង ទ្រទូង, រាជាគណៈ, ឋានានុក្រម ផង) ។ សមណស័ក្ដិទាំង ៤ ថ្នាក់ ដូចខាងលើនេះ ជារបៀបក្នុងសម័យមុន ។ លុះដល់មក គ. ស. ១៩៤៣ មានការកែប្រែបន្ថែមបន្ថយខ្លះ ហើយតមកដល់ គ. ស. ១៩៤៨ បានរៀបចំកែប្រែម្ដងទៀត (ព្រះរាជក្រមលេខ ១២ នស. ចុះថ្ងៃទី ៩-២-៤៣, លេខ ៦៨ នស. ចុះថ្ងៃទី ១៨-៩-៤៣ និងលេខ ១ រវ. ចុះថ្ងៃទី ២៦-៥-៤៨) មានរបៀបដូចតទៅនេះគឺ ព្រះសង្ឃនាយកគណៈមហានិកាយ មានឋានន្តរជា (ព្រះមហាសុមេធាធិបតី; ព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយ មានឋានន្តរជា ព្រះសុធម្មាធិបតី ។ ឋានន្តរទាំងពីរនេះ ជាសមណសក្ដិពិសេសខ្ពស់បំផុត សម្រាប់តែព្រះសង្ឃនាយកទាំងពីរគណៈ ហើយចួនកាលឡើងដល់ទី សម្ដេច ផង ក៏មាន, ចួនកាលឡើងជា សម្ដេចព្រះសង្ឃរាជ ក៏មាន ។ ឯសមណសក្ដិទីរាជាគណៈក្នុងតំណែងខាងគណៈមហានិកាយថ្នាក់ឯកមាន ៣ គឺ ១-ព្រះធម្មលិខិត; ២-ព្រះពោធិវ័ង្ស; ៣-ព្រះវនរ័ត (ទាំង ៣ នេះ ចួនកាលឡើងជាទី សម្ដេច) ។ ថ្នាក់ទោមាន ៦ គឺ ១-ព្រះមហាវិមលធម្ម; ២-ព្រះពុទ្ធឃោសាចារ្យ; ៣-ព្រះធម្មឃោសាចារ្យ; ៤-ព្រះឃោសធម្ម; ៥-ព្រះសាសនមុនី; ៦-ព្រះមុនីកោសល ។ ថ្នាក់ត្រីមាន ៦ គឺ ១-ព្រះសិរីសម្មតិវង្ស; ២-ព្រះពុទ្ធវង្ស; ៣-ព្រះសាក្យវង្ស; ៤-ព្រះឧបាលិវង្ស; ៥-ព្រះញាណវង្ស; ៦-ព្រះសុមេធវង្ស ។ ថ្នាក់ចត្វាមាន ២០ គឺ ១-ព្រះធម្មវិបស្សនា; ២-ព្រះសមាធិធម្ម; ៣-ព្រះញាណកោសល; ៤-ព្រះសិរីសង្គាមមុនី; ៥-ព្រះសិរីវិសុទ្ធិ; ៦-ព្រះធម្មវង្សា; ៧-ព្រះញាណសំវរ; ៨-ព្រះវិន័យសំវរ; ៩-ព្រះឥន្ទមុនី; ១០-ព្រះទេពមុនី; ១១-ព្រះវិន័យមុនី; ១២-ព្រះទេពសត្ថា; ១៣-ព្រះសីលសំវរ; ១៤-ព្រះគម្ភីរត្ថេរ; ១៥-ព្រះអរិយមគ្គញ្ញាណ; ១៦-ព្រះវិភទ្ទញ្ញាណ; ១៧-ព្រះបវរសត្ថា; ១៨-ព្រះញាណវិសុទ្ធិវង្ស; ១៩-ព្រះធម្មវិសុទ្ធិវង្ស; ២០-ព្រះបិដកធម្ម ។ សមណសក្ដិទីរាជាគណៈក្នុងតំណែងខាងគណៈធម្មយុត្តិកនិកាយ ថ្នាក់ឯកមាន ២ គឺ ១-ព្រះមង្គលទេពាចារ្យ; ២-ព្រះពុទ្ធាចារ្យ ។ ថ្នាក់ទោមាន ៣ គឺ ១-ព្រះមហាព្រហ្មមុនី; ២-ព្រះធម្មឧត្តម; ៣-ព្រះអរិយកស្សប ។ ថ្នាក់ត្រីមាន ៤ គឺ ១-ព្រះអរិយវង្ស; ២-ព្រះធម្មកវីវង្ស; ៣-ព្រះញាណរង្សី; ៤-ព្រះមហាវីរវង្សាចារ្យ ។ ថ្នាក់ចត្វាមាន ១២ គឺ ១-ព្រះបទុមវង្សា; ២-ព្រះធម្មមុនី; ៣-ព្រះវជិរមេធា; ៤-ព្រះអរិយមុនី; ៥-ព្រះទេពមោលី; ៦-ព្រះធម្មត្ថេរ; ៧-ព្រះអមរាភិរក្ខិត; ៨-ព្រះមហារាជធម្ម; ៩-ព្រះរតនមុនី; ១០-ព្រះធម្មត្រ័យលោកាចារ្យ; ១១-ព្រះធម្មវរោត្តម; ១២-ព្រះញាណវីរិយៈ ។ រួមសមណសក្ដិព្រះរាជាគណៈក្នុងតំណែងទាំង ៤ ថ្នាក់ គឺខាងគណៈមហានិកាយ៣៥, ខាងគណៈធម្មយុត្តិកនិកាយ មាន ២១ ត្រូវជា ៥៦ ។ ព្រះសង្ឃនាយក ឬ សម្ដេចព្រះសង្ឃរាជ ទាំងពីរព្រះអង្គនិងព្រះរាជាគណៈក្នុងតំណែងទាំង ៥៦ អង្គនេះ សុទ្ធតែព្រះមហាក្សត្រិយ៍ទ្រង់ប្រោសព្រះរាជទានតែងតាំងដោយព្រះរាជក្រឹត្យ ។
-
សមុហ៍
( ន.នាមសព្ទ )
[សៈមុ]
(សមូហ) ការប្រជុំ; ពួក, បន, ក្រុម, គណៈ, ហ្វូង ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសម្រាប់បព្វជិត ទីឋានានុក្រមចុះរងបន្ទាប់ពីទីបាឡាត់មក, មានមុខងារជាអ្នកកាន់បញ្ជីសង្ឃ : លោកសមុហ៍... ។
-
សមុហបញ្ជី
( ន.នាមសព្ទ )
[សៈមុ-ហៈប័ញ-ជី]
(សមូហ + បញ្ជិ ឬ បញ្ជិកា) ខ្មែរយើងប្រើជាឋានន្តរមន្រ្តីអាណាចក្រខាងតុលាការក្នុងកម្ពុជរដ្ឋសម័យពីដើម, មានមុខងារជាអ្នកកាន់បញ្ជីផ្សេងៗ, សម័យសព្វថ្ងៃនេះប្រែហៅថា ក្រឡាបញ្ជី វិញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ជិកាក្រឹត>បញ្ជិកាក្រឹត និង សមុហ៍, សមូហ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
សមុហ៍
( n )
[saʔmuʔ]
- detail »
archivist monk (rank of monk, below ទីបាឡាត់, whose function is to take care of records)
-
សមុហ៍
( n )
[saʔmuʔ]
- detail »
herd, flock; assembly, gathering, party, group (of people)