Khmer Dictionary: សំវរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សង្រួម
( កិ.កិរិយាសព្ទ )
(សំវរ; ស. ប្រើជា សាំរ្វម អ. ថ. --រួម) បិទ, ប្រយ័ត្នមិនឲ្យអារម្មណ៍អាក្រក់ចូលមកបាន; ប្រយ័ត្នមិនឲ្យអារម្មណ៍ដែលកើតតាមទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្តាត, កាយ, ចិត្ត ក្លាយទៅជាអភិជ្ឈាទោមនស្ស : បព្វជិតត្រូវសង្រួមឥន្រ្ទិយ ឲ្យស្រគត់ស្រគំ; ការសង្រួមឥន្រ្ទិយជាគុណនាំឲ្យបានសុខស្រួលជានិច្ច (ប្រើជា សំរួម ក៏មានខ្លះ) ។
-
សង្វរ
( ន.នាមសព្ទ )
[សង់-វ៉ៈរ៉ៈ ឬ--វ៉ ]
(សំវរ) ការសង្រួម : មានសង្វរ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ងវ៉ៈរ៉ៈ, ច្រ. ប្រ. សំវរ ជាង :
- សំវរសុទ្ធិ បរិសុទ្ធិព្រោះការសង្រួម ។
- ឥន្រ្ទិយសំវរ (ឥន-ទ្រិយៈស័ង-វ៉ៈរ៉ៈ ឬ--វ៉) ការសង្រួមឥន្រ្ទិយ ។ល។
-
សមណសក្ដិ
( ន.នាមសព្ទ )
[សៈម៉ៈណៈស័ក]
(សមណ + សត្តិ; ឝ្រមណ + ឝក្តិ) ស័ក្ដិសម្រាប់សមណៈ គឺឋានន្តរស័ក្ដិសម្រាប់បព្វជិតក្នុងប្រទេសនីមួយៗ ។ តាមបវេណីក្នុងកម្ពុជរដ្ឋ មានសមណស័ក្ដិទីស្ដេចសង្ឃ, ទីសង្ឃនាយក, ទីរាជាគណៈ, ទីឋានានុក្រម, ទីមហា; ចែកជា ៤ សម្រាប់គឺ ឯក, ទោ, ត្រី, ចត្វា (ធៀបដោយឋានន្តរស័ក្ដិមន្រ្តីខាងអាណាចក្រក្នុងបុរាណសម័យ)។ សមណស័ក្ដិទីរាជាគណៈ (ក្នុងតំណែង) មាន ៣២ គឺសម្រាប់ឯកមាន ១១ គឺ ១-ព្រះសុគន្ធ (ទីអគ្គមហាសេនា), ប៉ុន្តែចួនកាលព្រះករុណាជាម្ចាស់ជីវិត ទ្រង់តាំងជាស្ដេចសង្ឃទីសម្ដេចព្រះសង្ឃរាជឬទីដូចជាឧបរាជរងបន្ទាប់ពីសម្ដេចព្រះមហាសង្ឃរាជមក, ហៅថា សម្ដេចព្រះសុគន្ធាធិបតី...; ២-ព្រះមង្គលទេពាចារ្យ (ទីយោមរាជ); ៣-ព្រះពោធិវ័ង្ស (ទីវាំងវរវៀងជ័យ) : ៤-ព្រះធម្មលិខិត (ទីក្រឡាហោម); ៥-ព្រះវនរ័ត (ទីចក្រី) --ទីឱភាសមន្រ្តី (រឿនហ្លួង) មាន ២ គឺ ១-ព្រះមហាព្រហ្មមុនី (ទីមហាមន្រ្តី); ២-ព្រះមហាវិមលធម្ម (ទីមហាទេព) --ទីឃ្លាំងធម៌មាន ៤ គឺ ១-ព្រះពុទ្ធឃោសាចារ្យ; ២-ព្រះធម្មឃោសាចារ្យ; ៣-ព្រះឃោសធម្ម; ៤-ព្រះធម្មឧត្តម ។ រាជគណៈសម្រាប់ឯកទាំងនេះត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ក្រហម ។ រាជាគណៈសម្រាប់ទោមាន ៧ គឺ ១-ព្រះសិរីសម្មតិវង្ស (ទីសម្ដេចចៅពញា); ២-ព្រះពុទ្ធវង្ស (ទីវង្សាអគ្គរាជ); ៣-ព្រះសាក្យវង្ស (ទីស្រីធម្មាធិរាជ); ៤-ព្រះធម្មកវីវង្ស (ទីវិបុលរាជ); ៥-ព្រះអរិយវង្ស (ទីរាជតេជៈ) --ទីឱភាសមន្រ្តីមាន ២ គឺ ១-ព្រះអរិយកស្សប (ទីអធិរាជវង្សា); ២-ព្រះឧបាលិវង្ស (ទីអធិកវង្សា); ទាំង ៧ រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិពណ៌បៃតង ។ រាជាគណៈសម្រាប់ត្រីមាន ៧ គឺ ១-ព្រះញាណរង្សី (ទីជេដ្ឋាមន្រ្តី); ២-ព្រះញាណវីរិយៈ (ទី... ឯករាជ); ៣-ព្រះធម្មប្បញ្ញាញាណ (ទី...បទេសរាជ); ៤-ព្រះសិរីវិសុទ្ធិញ្ញាណ (ទីស្រីទិព្វវ័ង); ៥-ព្រះញាណកោសល (ទីនរិន្ទនាយក); --ទីឱភាសមន្រ្តីមាន ២ គឺ ១-ព្រះទេពមុនី (ទីវិសេសមន្រ្តី); ២-ព្រះទេពសត្ថា (ទីមន្រ្តីនាយក); ទាំង ៧ រូបនេះ ត្រូវប្រើផ្លិតសមណស័ក្ដិព័ណ៌ស្វាយ ។ រាជាគណៈសម្រាប់ចត្វាមាន ៧ គឺ ១-ព្រះធម្មវិបស្សនា (ទីអធិបតីសេនា); ២-ព្រះធម្មវីរិយៈ (ទីវង្សានុរក្ស); ៣-ព្រះធម្មវិសុទ្ធិ (ទីវង្សាភិមន្ត); ៤-ព្រះសមាធិធម្ម (ទីបវររាជ); ៥-ព្រះធម្មនិរោធរង្សី (ទីវង្សាធិបេស) --ទីឱភាសមន្រ្តីមាន ២ គឺ ១-ព្រះញាណសំវរ (ទីមហាធិរាជ); ២-ព្រះវិន័យសំវរ (ទីទេពនាយក); ទាំង ៧ រូបនេះត្រូវប្រើផ្លិតសមណស័ក្ដិពណ៌ខៀវ ។ ទាំងបព្វជិតជាឋានានុក្រមទី បាឡាត់, វិន័យធរ, ធម្មធរ, ព្រះគ្រូ, ធម្មកថិក, សមុហ៍ របស់រាជាគណៈទាំង៤ សម្រាប់នេះ ក៏ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមលំដាប់សម្រាប់នោះដែរ; ឯរាជាគណៈនិងឋានានុក្រមក្រៅពីនេះ ហៅថា ឋានន្តរពិសេស ឬ សមណស័ក្ដិពិសេស បើតាំងក្នុងសម្រាប់ណា (ឯក ឬ ទោ, ត្រី, ចត្វា) ត្រូវប្រើផ្លិតសមណស័ក្ដិមានព័ណ៌តាមសម្រាប់នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ១ ន. និង ទ្រទូង, រាជាគណៈ, ឋានានុក្រម ផង) ។ សមណស័ក្ដិទាំង ៤ ថ្នាក់ ដូចខាងលើនេះ ជារបៀបក្នុងសម័យមុន ។ លុះដល់មក គ. ស. ១៩៤៣ មានការកែប្រែបន្ថែមបន្ថយខ្លះ ហើយតមកដល់ គ. ស. ១៩៤៨ បានរៀបចំកែប្រែម្ដងទៀត (ព្រះរាជក្រមលេខ ១២ នស. ចុះថ្ងៃទី ៩-២-៤៣, លេខ ៦៨ នស. ចុះថ្ងៃទី ១៨-៩-៤៣ និងលេខ ១ រវ. ចុះថ្ងៃទី ២៦-៥-៤៨) មានរបៀបដូចតទៅនេះគឺ ព្រះសង្ឃនាយកគណៈមហានិកាយ មានឋានន្តរជា (ព្រះមហាសុមេធាធិបតី; ព្រះសង្ឃនាយកគណៈធម្មយុត្តិកនិកាយ មានឋានន្តរជា ព្រះសុធម្មាធិបតី ។ ឋានន្តរទាំងពីរនេះ ជាសមណសក្ដិពិសេសខ្ពស់បំផុត សម្រាប់តែព្រះសង្ឃនាយកទាំងពីរគណៈ ហើយចួនកាលឡើងដល់ទី សម្ដេច ផង ក៏មាន, ចួនកាលឡើងជា សម្ដេចព្រះសង្ឃរាជ ក៏មាន ។ ឯសមណសក្ដិទីរាជាគណៈក្នុងតំណែងខាងគណៈមហានិកាយថ្នាក់ឯកមាន ៣ គឺ ១-ព្រះធម្មលិខិត; ២-ព្រះពោធិវ័ង្ស; ៣-ព្រះវនរ័ត (ទាំង ៣ នេះ ចួនកាលឡើងជាទី សម្ដេច) ។ ថ្នាក់ទោមាន ៦ គឺ ១-ព្រះមហាវិមលធម្ម; ២-ព្រះពុទ្ធឃោសាចារ្យ; ៣-ព្រះធម្មឃោសាចារ្យ; ៤-ព្រះឃោសធម្ម; ៥-ព្រះសាសនមុនី; ៦-ព្រះមុនីកោសល ។ ថ្នាក់ត្រីមាន ៦ គឺ ១-ព្រះសិរីសម្មតិវង្ស; ២-ព្រះពុទ្ធវង្ស; ៣-ព្រះសាក្យវង្ស; ៤-ព្រះឧបាលិវង្ស; ៥-ព្រះញាណវង្ស; ៦-ព្រះសុមេធវង្ស ។ ថ្នាក់ចត្វាមាន ២០ គឺ ១-ព្រះធម្មវិបស្សនា; ២-ព្រះសមាធិធម្ម; ៣-ព្រះញាណកោសល; ៤-ព្រះសិរីសង្គាមមុនី; ៥-ព្រះសិរីវិសុទ្ធិ; ៦-ព្រះធម្មវង្សា; ៧-ព្រះញាណសំវរ; ៨-ព្រះវិន័យសំវរ; ៩-ព្រះឥន្ទមុនី; ១០-ព្រះទេពមុនី; ១១-ព្រះវិន័យមុនី; ១២-ព្រះទេពសត្ថា; ១៣-ព្រះសីលសំវរ; ១៤-ព្រះគម្ភីរត្ថេរ; ១៥-ព្រះអរិយមគ្គញ្ញាណ; ១៦-ព្រះវិភទ្ទញ្ញាណ; ១៧-ព្រះបវរសត្ថា; ១៨-ព្រះញាណវិសុទ្ធិវង្ស; ១៩-ព្រះធម្មវិសុទ្ធិវង្ស; ២០-ព្រះបិដកធម្ម ។ សមណសក្ដិទីរាជាគណៈក្នុងតំណែងខាងគណៈធម្មយុត្តិកនិកាយ ថ្នាក់ឯកមាន ២ គឺ ១-ព្រះមង្គលទេពាចារ្យ; ២-ព្រះពុទ្ធាចារ្យ ។ ថ្នាក់ទោមាន ៣ គឺ ១-ព្រះមហាព្រហ្មមុនី; ២-ព្រះធម្មឧត្តម; ៣-ព្រះអរិយកស្សប ។ ថ្នាក់ត្រីមាន ៤ គឺ ១-ព្រះអរិយវង្ស; ២-ព្រះធម្មកវីវង្ស; ៣-ព្រះញាណរង្សី; ៤-ព្រះមហាវីរវង្សាចារ្យ ។ ថ្នាក់ចត្វាមាន ១២ គឺ ១-ព្រះបទុមវង្សា; ២-ព្រះធម្មមុនី; ៣-ព្រះវជិរមេធា; ៤-ព្រះអរិយមុនី; ៥-ព្រះទេពមោលី; ៦-ព្រះធម្មត្ថេរ; ៧-ព្រះអមរាភិរក្ខិត; ៨-ព្រះមហារាជធម្ម; ៩-ព្រះរតនមុនី; ១០-ព្រះធម្មត្រ័យលោកាចារ្យ; ១១-ព្រះធម្មវរោត្តម; ១២-ព្រះញាណវីរិយៈ ។ រួមសមណសក្ដិព្រះរាជាគណៈក្នុងតំណែងទាំង ៤ ថ្នាក់ គឺខាងគណៈមហានិកាយ៣៥, ខាងគណៈធម្មយុត្តិកនិកាយ មាន ២១ ត្រូវជា ៥៦ ។ ព្រះសង្ឃនាយក ឬ សម្ដេចព្រះសង្ឃរាជ ទាំងពីរព្រះអង្គនិងព្រះរាជាគណៈក្នុងតំណែងទាំង ៥៦ អង្គនេះ សុទ្ធតែព្រះមហាក្សត្រិយ៍ទ្រង់ប្រោសព្រះរាជទានតែងតាំងដោយព្រះរាជក្រឹត្យ ។
-
សម្ពរ
( ន.នាមសព្ទ )
[សំ-ពៈរៈ ឬ--ព ]
(សំវរ ឬ ប្រើជា សម្ពរ ក៏មានខ្លះ) ការសង្រួម, ការស្ងៀមស្ងប់, ស្រគត់ស្រគំ, រម្យទម (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីអ្នកត្រេកអរ ចំពោះសីលធម៌ ត្រូវមានសម្ពរ ឥន្រ្ទិយប្រាំមួយ ជាត្រួយសំវរ ទើបមានអំណរ ទាំងខ្លួនទាំងគេ ។
-
សំវរ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្វរ) ។
-
អាទិ
( ន.នាមសព្ទ )
[--ទិ]
(អាទិ) ដើម, ខាងដើម; ដើមដំបូង; ការផ្តួចផ្តើមមុន : មានដូច្នេះជាអាទិ មានដូច្នេះជាដើម ។
- ដើមអាទិ៍ ដើមដំបូង, ដើមចម ។
- នាំអាទិ៍ នាំផ្តើមមុន; ផ្ដួចផ្ដើមសេចក្ដីមុន; ផ្តើមហេតុឬផ្តើមដំណើរមុន (ប្រើជា អាទ្យ ក៏បាន, អ. ថ. អាត) ។ ខ្មែរប្រើពាក្យនេះជា កិ. ផងក៏មានខ្លះ “ផ្តើម, ផ្តួចផ្តើម, តាំងផ្តើមមុន; រៀបរបមុន” : កាលគេអាទិ៍ កាលគេផ្ដួចផ្ដើម, កាលគេរៀបរប : ធម្មតាអ្នកជាជាតិ កាលគេអាទិ៍ឲ្យគិតគូរ កុំខ្ជិលដេកទទូរ ដល់ថ្ងៃរះពេញពន្លឺ (សាស្រ្តាច្បាប់កេរ្តិ៍កាល) ។
- អាទិកម្មិក ឬ
- --កម្មិកបុគ្គល បុគ្គលដើមបញ្ញត្តិ ។
- អាទិករ អ្នកផ្តើមធ្វើមុន ។ អ្នកសាងលោក គឺព្រហ្មឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍) ។
- អាទិកល្យាណ (--កល់-យ៉ាន) លម្អឬពីរោះខាងដើម; ដែលមានលម្អឬពីរោះខាងដើម ។
- អាទិការណ៍ ឬ
- --មូល ហេតុដើមឬដើមហេតុ, ហេតុដំបូង, មូលហេតុ, ប្រថមហេតុ ។
- អាទិកាល កាលខាងដើម, កាលពីដើម ។
- អាទិគរុ អក្សរគរុនៅខាងដើម; ដែលមានអក្សរគរុនៅខាងដើម (ព. វ.) ។
- អាទិគុរុ គ្រូដើម; សេនាបតីទី ១ ។
- អាទិទេព ទេញ្តខាងដើម, ទេញ្តមុនបង្អស់ ។ ពាក្យសន្មតហៅអនុត្តរបុគ្គលដែលគេជឿសម្គាល់ទុកថា ជាព្រះជាអ្នកបង្កើតទឹកដីនិងសត្វលោក, ជាអ្នករក្សាការពារនិងឲ្យសុខទុក្ខដល់មនុស្សលោក : ព្រះអាទិទេព; ព្រះពុទ្ធមិនមែនជាព្រះអាទិទេពទេ ព្រះអង្គក្រាន់តែជាមនុស្សអស្ចារ្យ ។
- អាទិបរិយោសាន (--ប៉ៈរ៉ិ យ៉ោ--) ខាងដើមនិងខាងចុង ។
- អាទិបុរស បុព្វបុរស; វិស្ណុ ។
- អាទិប្រយោគ ប្រយោគដើម, ប្រយោគមុន ។
- អាទិពុទ្ធ ព្រះពុទ្ធដើម គឺព្រះពុទ្ធដែលបង្កើតព្រះពុទ្ធនិងពោធិសត្វគ្រប់ព្រះអង្គ : ព្រះអាទិពុទ្ធ (តាមលទ្ធិពុទ្ធសាសនិកខាងមហាយានដែលធៀបគ្នានឹងលទ្ធិព្រាហ្មណ៍) ។
- អាទិព្រហ្មចរិយធម៌ ព្រហ្មចរិយធម៌ដែលត្រូវសិក្សាមុនដំបូង; បាតិមោក្ខសំវរសីល ។
- អាទិព្រហ្មចរិយសិក្ខា ការសិក្សាអាទិព្រហ្មចរិយធម៌; សិក្ខាបទក្នុងបាតិមោក្ខ ។
- អាទិរាជ ព្រះរាជាដើមវង្សនៃក្សត្រិយ៍ក្នុងលោក, ប្រថមក្សត្រិយ៍ (ព្រះបាទមនុ)។
- អាទិមជ្ឈិម ឬ
- --មធ្យម ខាងដើមនិងកណ្ដាល ។
- អាទិលុប ឬ
- --លោប (ព. វ.) ការលុបអក្សរដើមនៃពាក្យមួយៗចេញ, ដូចជា ឧបាសក ជា បាសក, ឧបាសិកា ជា សិកា, ឧបាធ្យាយ ជា បាធ្យាយ ជាដើម (ក្នុងវេយ្យាករណ៍សំស្រ្កឹតនិងបាលីមានន័យប្លែកៗ ពីនេះទៅទៀត) ។
- អាទិវាចា ឬ
- --វាទ សម្ដីដើម ។
- អាទិសង្កេត អក្សរសង្ខេបដែលដកយកតែមួយតួៗខាងដើមពីក្នុងពាក្យមួយៗមកប្រើ, ដូចជា កិ. គឺកិរិយាសព្ទ; គុ. គឺគុណសព្ទ; ន. គឺនាមសព្ទ; ពុ. ស. ឬ ព. ស. គឺពុទ្ធសករាជ; ភ. ព. គឺភ្នំពេញ ជាដើម : អក្សរអាទិសង្កេត (ហៅ អក្សរសង្ខេប ក៏បាន) ។
- អាទិសព្ទ សព្ទដែលជាដើម គឺសព្ទមានចំនួនច្រើន ប៉ុន្តែយកតែចំនួនប៉ុណ្ណោះៗមកប្រាប់ថា “មាននេះមួយៗ ជាដើម”, ដូចជា សង្ហារិមទ្រព្យមានចាន, ឆ្នាំង, កែវ, គោម ជាដើម (ចាន, ឆ្នាំង, កែវ, គោម ជាដើម ជា អាទិសព្ទ) ។
- អាទិសម្ភាស ឬ
- --សម្ភាសន៍ ការនិយាយរាក់ទាក់ទៅរកមុនឬមករកមុន, សម្ដីរួសរាយរកមុន ។ល។
-
ឥន្រ្ទិយ
[អិន-ទ្រី]
ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួមឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំតាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួលអារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ ស្ត្រី ហៅ ឥត្ថិន្រ្ទិយ; បុរស ហៅ បុរិសិន្រ្ទិយ (ព្រោះជាធំដោយមានបែបភាពទីទៃពីគ្នា)។ ជីវិត ហៅ ជីវិតិន្រ្ទិយ (ព្រោះជីវិតជាធម្មជាតធំមួយយ៉ាងរបស់សត្វលោក) ។ សេចក្ដីសុខ ហៅ
- សុខិន្រ្ទិយ; សេចក្ដីទុក្ខ ហៅ
- ទុក្ខិន្រ្ទិយ; សោមនស្ស ហៅ
- សោមនស្សិន្រ្ទិយ; ទោមនស្ស ហៅ
- ទោមនស្សិន្រ្ទិយ; ឧបេក្ខា ហៅ
- ឧបេក្ខិន្រ្ទិយ (ព្រោះធម្មជាតទាំងនេះ សុទ្ធតែមាននាទីជាធំដោយឡែកពីគ្នា) ។ សទ្ធា ហៅ សទ្ធិន្រ្ទិយ; វីរិយៈ :ហៅ វីរិយិន្រ្ទិយ; សតិ ហៅ សតិន្រ្ទិយ; សមាធិ ហៅ សមាធិន្រ្ទិយ; បញ្ញា ហៅ បញ្ញិន្រ្ទិយ (ព្រោះធម៌ទាំងនេះសុទ្ធតែមាននាទីទីទៃពីគ្នា) ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឥន្រ្ទិយ អ. ថ. អិន ឬ អ៊ិន-ទ្រិយៈ, ដូចជា ឥន្រ្ទិយ គោចរ ដំណើរ, ខេត្តនៃអារម្មណ៍ឬនៃការដឹង ។
- ឥន្រ្ទិយាង្គ ឬ - អង្គេន្រ្ទិយ អង្គនៃឥន្រ្ទិយឬឥន្រ្ទិយដែលចែកជាពួក, មាន ៣ យ៉ាងគឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, ស្បែក ហៅ ជ្ញានេន្រ្ទិយ (< ជ្ញាន “ការដឹង” + ឥន្រ្ទិយ “ភាវៈជាធំ”); ក, ដៃ, ជើង, វច្ចមគ្គ, បស្សាវមគ្គ ហៅ កម៌េន្រ្ទិយ (< កម៌ “កិច្ចការ, ការងារ” + ឥន្រ្ទិយ); ចិត្ត ហៅ អន្តរេន្រ្ទិយ (< អន្តរ “វិញ្ញាណ” + ឥន្រ្ទិយ); រួមជាអង្គនៃឥន្រ្ទិយ ៣ យ៉ាងឬប្រភេទនៃឥន្រ្ទិយ ១១ យ៉ាង (តាមលទ្ធិព្រាហ្មណិក) ។ ឥន្រ្ទិយសង្វរ ឬ --សំវរៈ (--សង់-វ៉ ឬ --ស័ង-វ៉ៈរ៉ៈ)
- ការសង្រួមឥន្រ្ទិយ គឺការប្រុងប្រយ័ត្នអាយតនៈខាងក្នុងទាំង៦ មានភ្នែកជាដើម ។
- ឥន្រ្ទិយសំវរសីល (--ស័ង-វ៉ៈរ៉ៈសិល) សីលដែលបរិសុទ្ធព្រោះការប្រុងប្រយ័ត្នអាយតនៈខាងក្នុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បារិ-សុទ្ធិសីល ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ឥន្រ្ទីយ៍ ដើម្បីឲ្យស្រួលអានក៏បាន, ជាកាព្យថា :
- សង្រួមឥន្រ្ទីយ៍ ពាក្យចាស់អំពី បុរាណហៅថា ស្រគត់ឥន្រ្ទីយ ជាទីជ្រះថ្លា ទោះបីជនណា ក៏តែងពេញចិត្ត ។ សង្រួមឥន្រ្ទីយ៍ តាជីដូនជី និងបព្វជិត ស្រគត់ស្រគំ សមរម្យមែនពិត ចេញចរឆ្ងាយជិត គេរែងគោរព ។
Headley's Khmer-English Dictionary Full Text Search
-
សំវរ
- detail »
See:សង្វរ