Khmer Dictionary: ឱដ្ឋជៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប
ព្យញ្ជនៈទី ១ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ។ ព្យញ្ជនៈ ប នេះមានសំឡេងជា ៣ យ៉ាងគឺ ប ប៉ ប៊ ។ តួ ប៉ បើជាភាសាសំស្ក្រឹត-ភាសាបាលី និងតួផ្ញើជើង-គ្រវាត់ មិនបាច់ប្រើមូសិកទន្ត ( ៉) ពីលើទេ ។ តួ ប៉ កាលបើមានស្រៈ ិ ី ឹ ឺ ើ នៅពីខាងលើត្រូវយកមូសិកទន្តតែម្ខាងមកភ្ជាប់ពីខាងក្រោមវិញ ដូចជា ប៉ិន, ប៉ី, ប៉ឹង, ប៉ឺង ប៉ើង ជាដើម ។ ឯតួ ប៊ ទោះបីមានស្រៈទាំងប៉ុន្មាននេះនៅពីខាងលើ ក៏ត្រូវតែប្រើត្រីសព្ទ ( ៊) នេះពីខាងលើជាដរាប ដូចជាឈ្មោះ ប៊ិន, ប៊ី ជាដើម កុំសរសេរជា ប៉ិន, ប៉ី ដូច្នេះឡើយ ។ ប, ប៉ ជាសិថិល-អឃោសៈ, ឯ ប៊ ជាសិថិល-ឃោសៈ; ប៉ សំ. បា. អ. ថ. ប៉ៈ ។
-
ផ
ព្យញ្ជនៈទី ២ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ជាធនិត-អឃោសៈ ខាងសំស្រ្កឹតនិងបាលីមានសំឡេងជា ប៉្ហៈ ។
-
ព
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់, ជាសិថិល-ឃោសៈ, សំស្ក្រឹតនិងបាលីមានសំឡេងជា ពៈ ។
-
ម
ព្យញ្ជនៈទី ៥ ក្នុងវគ្គទី៥ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ ឬជាសកដ្ឋាននាសិកជៈ មានសំឡេងកើតតាមឋានរបស់ខ្លួន (ត្រង់រឹមបបូរមាត់និងច្រមុះ ហៅថា ទ្វិដ្ឋានជៈ “មានសំឡេងកើតក្នុងឋានពីរ” ដូច្នេះវិញក៏បាន), ជាព្យញ្ជនៈគម្រប់២៥តាមលំដាប់នៃព្យញ្ជនៈនវវគ្គដែលរាប់តាំងពី ក, ខ... រៀងមក ។ សំស្ក្រឹតនិងបាលីអានថា មៈ, ខ្មែរប្រើជាសំឡេងពីរ គឺ ម និង ម៉ តាមគួរដល់សូរសម្ដីរបស់ជាតិ; ម នេះជាព្យញ្ជនៈអាចតម្រួតលើព្យញ្ជនៈ៤តួក្នុងវគ្គទី ៥ របស់ខ្លួនផង លើតួឯងផងដូចជា ចម្បាំង, សម្ផស្ស, កម្ពុជា, ជម្ពូ, សម្ភព, សម្ភាស, កម្មការ, ធម្មតា ជាដើម; អាចតម្រួតលើព្យញ្ជនៈនវវគ្គឯងទៀតក៏បាន ដូចជា សម្កូវ, សម្ងាច, ម្ចាស់, អម្ចាស់, សម្ញាញ, សម្ញែង, សម្ដី, សម្ដេច, សម្ដោក, សម្ទាញ, សម្ទូង, សម្ទើញ ជាដើម; អាចតម្រួតលើព្យញ្ជនៈក្នុងសេសវគ្គក៏បានទៀតផង ដូចជា ម្យ៉ាង, បម្រាម, ម្រាមដៃ, ម្រ៉ាងឡើយ, ម្លប់, ម្លូ, ម៉្លា, ម៉្លេះ, ម្សៅ, ម្ហូប, ម្ហេះៗ ជាដើម, ជាព្យញ្ជនៈមានសិទ្ធិទូលំទូលាយ ក្នុងការប្រើសម្រាប់ភាសាខ្មែរ ។
-
ភ
ព្យញ្ជនៈទី ៤ ក្នុងវគ្គទី ៥ ជាឱដ្ឋជៈ មានសំឡេងកើតត្រង់រឹមបបូរមាត់ជាធនិត-ឃោសៈ ។ ខាងសំស្ក្រឹតនិងបាលីមានសំឡេងជា ព្ហៈ ។
-
ឱដ្ឋជ
( ន.នាមសព្ទ )
[អោត-ឋៈជៈ ]
(ឱដ្ឋជ; សំ. ឱឞ្ឋ្យ) អក្សរដែលមានសូរសំឡេងកើតត្រង់រឹមបបូរមាត់ គឺមានសូររះបបូរមាត់ចេញមក, មាន ៧ តួគឺ ឧឩ, បផពភម; រួម ប៉, ប៊ និង ហ្វ ត្រង់ដែលមានសូរសំឡេងជា F ដូចជា ហ្វឹក, ហ្វូង នេះផងជា ១០ តួ (អក្សរ វ ជា ទន្តោដ្ឋជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់) ។
Headley's Khmer-English Dictionary Full Text Search
-
ឱដ្ឋជៈ
( n )
[ʔaottʰaʔceaʔ]
- detail »
labial consonant; rounded vowel