Khmer Dictionary: ទន្លេ
Chuon Nath's Khmer-Khmer Dictionary
-
ទន្លេ
( ន.នាមសព្ទ )
មហានទី, ផ្លូវទឹកធំហូរចុះពីភ្នំ និងធ្នារទឹកផ្សេងៗ ប្រជុំមូលមកហូរចេញទៅសមុទ្រ : ទន្លេតូច, ទន្លេធំ ។ ម.ព. ទន្លេសាប ផង ។
-
ទន្លេរពៅ
( ន.នាមសព្ទ )
ឈ្មោះខែត្រចាស់មួយនៅទិសខាងជើងក្នុងប្រទេសកម្ពុជា ទីរួមខែត្រស្ទឹងត្រែង, សព្វថ្ងៃនេះតាំងជាតំបន់វិញ : តំបន់ទន្លេរពៅ ។
-
ទន្លេតូច
( ន.នាមសព្ទ )
ឈ្មោះនទីមួយ ដែលហូរចេញមកចួបនឹងទន្លេធំ នៅទីមួយអន្លើឈ្មោះ ពាមផ្កាយម្រេច ។
-
ទន្លេធំ
( ន.នាមសព្ទ )
ឈ្មោះទន្លេយ៉ាងធំមួយ មានដើមកំណើតនៅភ្នំទីបេត៍ ក្នុងប្រទេសចិនប៉ែកខាងលិច ដែលហូរកាត់ប្រទេសលាវ, ខ្មែរ, កូសាំងស៊ីន ចុះទៅសមុទ្រ; ហៅតាមផែនទីសម័យសព្វថ្ងៃនេះថា ទន្លេមេកុង, សព្វថ្ងៃនេះ អ្នកខ្លះសរសេរជា មេគង្គ ព្រោះគេយល់ថាទន្លេនោះជាមេគង្គា គឺជាមេទឹកធំជាងទន្លេឯទៀតក្នុងប្រទេសកម្ពុជា ។
-
ទន្លេបាទី
( ន.នាមសព្ទ )
ឈ្មោះបឹងមួយក្នុងស្រុកបាទី; មានប្រាសាទបុរាណមួយនៅពីខាងត្បូងហៅថា ប្រាសាទតាព្រហ្ម ។
-
ទន្លេសាប
( ន.នាមសព្ទ )
ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រ តែមានទឹកសាប ។ ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញ ជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក ។ បើស្រាវជ្រាវរកដើមកំណើតពាក្យ ទន្លេសាប នេះ គួរយល់ថា សៀមហៅសមុទ្រថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរថា “មិនប្រៃ”, សៀមថា ចឺត (អ.ថ. ជឺត “មិនប្រៃ”), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រសាប”, មិនដូច្នោះទៅជា ទះលេសាប , ទះលេ ជាពាក្យសៀម, សាប ជាពាក្យខ្មែរ, សៀមថា ទះលេ “សមុទ្រ”, ខ្មែរថា ទន្លេ “មហានទី”, ទន្លេសាប ថា “ទន្លេមិនប្រៃ” គឺទន្លេមានទឹកសាប, តើមាន ទន្លេប្រៃ នៅឯណាដែរឬទេ?--គ្មានទេ, បើគ្មានទន្លេប្រៃទេ ម៉េចក៏មាន ទន្លេសាប ? --បើខ្មែរហៅបឹងធំនោះថា សមុទ្រសាប, សៀមថា ទះល៉េចឺត យ៉ាងនេះវិញទើបសម ។ ប៉ុន្តែយើងកែពាក្យនេះឲ្យទៅជា សមុទ្រសាប ឬ ទះលេចឺត វិញពុំកើតទេ ព្រោះពាក្យថា ទន្លេសាប នេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថា ទន្លេសាប ឬ ទះលេសាប អស់ទៅហើយ, ត្រូវតែទុកឲ្យនៅដូចដដែល ពុំគួរកែឡើយ ។
Headley's Khmer-English Dictionary
-
ទន្លេ
( n )
[tʊənlei]
- detail »
(large) river (larger than ស្ទឹង )