Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដៃស្វា
( ន.នាមសព្ទ )
ឈើមានសណ្ឋានទាំងខាងចុងទាំងខាងដើមស្រដៀងនឹងចង្កេះស្លឹកសីមា សម្រាប់ចាប់ទាមឈើ ដែលបែកដែលប្រេះកុំឲ្យបែកដាច់ពីគ្នា : ចាប់ដៃស្វា ។
-
ដោក
( ន.នាមសព្ទ )
ជាលរាងធំត្បាញជិតមាំ សម្រាប់ដាក់ស្រូវ : ស្រូវមួយដោក ។
-
ដោច
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យដាច់ : ដាច់ដោច គឺដាច់ជាចម្រៀក ឬជាកំណាត់តូចធំ ។ ដាច់ដោចគ្នា ឬដាច់ដោចប្ដីប្រពន្ធ គឺលែងលះប្ដីប្រពន្ធដាច់ស្រឡះ ។
-
ដោត
( កិ.កិរិយាសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តោទ ន. < តុទ កិ. “ចាក់, ចោះ”) ចាក់ដោយដែកឬដោយឈើ, ឫស្សីស្រួចជាដើម ឲ្យធ្លុះឲ្យជាប់នៅអ្វីៗ : ដោតត្រី, ដោតសាច់ ជាដើម ។ ជេរដោយសម្ដីទ្រគោះ : អាគេដោតអំបែងក្បាល !
-
ដោប
( គុ.គុនសព្ទ )
ដែលនៅមិនទាន់បើក មិនទាន់រីក, ដែលនៅក្ដោប : ផ្កាដោប (មិនសូវប្រើ; ច្រើនប្រើថា ផ្កាក្ដោប, ផ្កានៅក្ដោប) ។
-
ដោម
( ន.នាមសព្ទ )
កំពូលប្រាសាទ, គ្រឹហា មានសណ្ឋានក្រឡូមច្រឡោ, ស្រដៀងនឹងរាងដោក, ខ្ពស់ត្រដែត : ក្រឡេកទៅឃើញដោមប្រាសាទ ប្រសើរស្អាងស្អាតខ្ពស់ត្រដឹម មើលពីចម្ងាយឃើញសន្លឹមលន្លឹមស្រងាត់ក្នុងមេឃា។ បារ. ដូម (dÔme )។ ពាក្យនេះខ្មែរប្រើតាំងពីក្នុងសម័យបុរាណព្រេងនាយយូរអង្វែងហើយ ។
-
ដោម
( គុ.គុនសព្ទ ) or ដោមដុង
ខ្ពស់, ខ្ពស់ស្រោង, ខ្ពស់ត្រដួចត្រដឹម, (ច្រើនប្រើក្នុងតែពាក្យកាព្យ) : លើកករប្រណម្យ ដោមដាក់សិរសា ក្រួញក្រាបវន្ទា ឆ្ពោះព្រះត្រៃរ័ត្ន ។ ដោមដុងផុតចុងព្រឹក្សា ចុចជាប់មេឃា មើលឃើញលឹមៗ ។ (សាស្ត្រាល្បែងមានច្រើនច្បាប់) ។
-
ដោយ
( កិ.កិរិយាសព្ទ )
ព្រមតាម, ប្រតិបត្តិតាម : កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ ។ ជាប់តាម, ជាប់ទៅជាមួយ : អ្នករើយកអីវ៉ាន់ទៅ ដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង ។ សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី : គោដោយញីឈ្មោល ។ ស្រឡាញ់ស្នេហ៍ស្និទ្ធ : បងឯងនេះ គ្មានស្រីណាគេដោយទេ !
-
ដោយ
( អា. និ.អាយតនិបាត )
នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាមនាម, ដូចពាក្យថា : ធ្វើការដោយដៃ, ដើរដោយជើង ។ល។
-
ដោយនូវ
( អា. និ.អាយតនិបាត ) [--នៅ]
តាម, តាមដោយ : វាធ្វើដោយនូវទំនើងចិត្តវា ។
<< Prev 1 ... 15 16 17 18 19 20 Next >>