Khmer Dictionary: ស្រី
Chuon Nath's Khmer-Khmer Dictionary
-
ស្រី
( ន.នាមសព្ទ )
ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្រ្កឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស (បុរិសៈ ឬ បុរស), ទីទៃពី ខ្ទើយ (បណ្ឌក); ត្រូវប្រើឲ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើង, ត្រូវប្រើថា បុរសស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា : ប្រុសស្រីជាប្តីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្តី ។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្តីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់ ។ ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ- ក៏ដោយបើបាន ស្រីមានសន្ដាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចម្រើន ទ្រព្យាកើតកើនព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី ទៀតផង) ។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឲ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត ។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្តី ឫករាបស្រគត់ ផ្គង់ផ្តត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្តាប់ផ្គាប់ចិត្ត ប្តីគ្រប់វេលា ។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្តីផ្តាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្តី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្តា អាចទទួលប្រាណ ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន ។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា ។ ក្តីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង ។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា ។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗ តាមបាន ។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន ម្ដេចៗមិនថា ។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្តីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ ។ សំដែងសេចក្ដី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី ។ ៚ មើលក្នុងពាក្យ ប្រុស, ប្តី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត, គួរទន្ទេញឲ្យចាំរត់មាត់, ជាការប្រពៃពេក) ។
-
ស្រី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឝ្រី; សិរី) សិរី ។ ខ្មែរច្រើនប្រើជាពាក្យរួមពីខាងដើមសព្ទដទៃ, ដូចជា ព្រះស្រីសព៌េជ្ញ ព្រះសព៌េជ្ញមានសិរី (ព្រះសព្វញ្ញុពុទ្ធ) ។
- ស្រីសួស្ដី សិរីសួស្ដី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិរី ផង) ។ រ. ស.
- ព្រះស្រីខណ្ឌ ស្លាក្រក ។
- ព្រះស្រីចុណ្ណ ស្លាបុក ។
- ព្រះស្រីជីប ម្លូបៀក ។
- ព្រះស្រីតម្ពុល ស្លាតម្ពុល ។ ព្រះស្រីសន្លឹក ម្លូ, ស្លឹកម្លូ ។
- ព្រះស្រីសុក្កា ស្លាស្លឹង ។
- ព្រះស្រីសួង ថ្នាំចុក ។
- ព្រះស្រីហរិត ស្លាខ្លី ។ល។
-
ស្រីប្រសើរ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ : ភ្លេងស្រីប្រសើរ ។
-
ស្រីសោភ័ណ
( ន.នាមសព្ទ )
or ស្រីសោភ័ន
ស្រីល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោភ័ណ>សោភ័ណ ឬ សោភ័ន ផង) ។ ឈ្មោះស្រុកមួយក្នុងទីរួមខែត្របាត់ដំបង (ហៅក្លាយជា ស៊ីសូផុន ក៏មានតាមសំនៀង សៀមដែលសរសេរជា ឝ្រីសោភន អ. ថ. ស៊ីសូផុន ។
-
ស្រីមតី
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រីម័ត) ។
-
ស្រីម័ត
( គុ.គុនសព្ទ )
[--ម៉ាត់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝ្រីមត៑) មានសិរី, មានស្រីសួស្ដី; មានលំអ; មានទ្រព្យ : មនុស្សស្រីម័ត; បើស្ត្រីជា ស្រីមតី (ម៉ៈ--) : នាងស្រីមតី ។
Headley's Khmer-English Dictionary
-
ស្រី
( n )
[srəy]
- detail »
woman
See: ស្ត្រី -
ស្រី
( adj )
[srəy]
- detail »
to be female
-
ស្រី
[srəy]
- detail »
See: សិរី -
ស្រីម័ត
( adj )
[srəymat]
- detail »
to be fine, beautiful, excellent; safe; happy; successful, prosperous