Khmer Dictionary: កថា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គុណ
( ន.នាមសព្ទ )
[គុន ]
សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ...។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់ : គុណព្រះពុទ្ធ-ព្រះធម៌-ព្រះសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គុណៈ ដូចជា
- គុណកថា (--កៈថា) ការថ្លែង, និយាយ, ចរចាអំពីគុណៈ គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។
- គុណកម្ម (--ក័ម) អំពើគឺគុណ, អំពើជាគុណប្រយោជន៍ ។
- គុណជាត ឬ គុណជាតិ (--ជាត) (ប្រើតាម នបុំ. ឥត្ថី.) គុណគ្រប់យ៉ាង : គុណជាតិ ៣ យ៉ាង គឺ សីល, សមាធិ, បញ្ញា ហៅថា ត្រៃសិក្ខា ព្រោះជាដំណើរ, ជាលំអាន គួរបុគ្គលសិក្សាហាត់រៀនបំពេញឲ្យមានបរិបូណ៌ ដើម្បីជាផ្លូវរំងាប់ទុក្ខ; សីលជាគុណជាតញ៉ាំងកាយវាចាឲ្យបរិសុទ្ធ, សមាធិ ជាគុណភាពញ៉ាំងចិត្តឲ្យស្ងប់, បញ្ញា ជាគុណជាតិនាំឲ្យស្គាល់ខុសត្រូវ, ឲ្យស្គាល់ការពិត ។
- គុណធម៌ (--ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើល្អ អាក្រក់ គឺបុណ្យបាបដែលបុគ្គលធ្វើ ។ សេចក្ដីល្អ, សេចក្ដី បរិសុទ្ធិ, សេចក្ដីអាណិត, ប្រណី... ។
- គុណនាម (--នាម) នាមសព្ទដែលប្រាប់ដំណើរនាមនាម ឲ្យឃើញលក្ខណៈផ្សេងៗគ្នា ដូចពាក្យថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់ ជាដើម ។
- គុណបទ (--បត់) បទដែលជាវិសេសនៈរបស់នាម នាម ដូច ពាក្យថា ផ្ទះខ្ពស់, ផ្ទះទាប, ផ្ទះចាស់, ផ្ទះថ្មី ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជាគុណបទរបស់ ផ្ទះ ។
- គុណភាព (--ភាប) ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្តិសិទ្ធិ : ឱសថនេះមានគុណភាពវិសេសណាស់ ។
- គុណវិបត្តិ (--វិបាត់) វិបត្តិនៃគុណ, ការប្រាសចាកគុណ, ការខ្វះសេចក្ដីល្អ, ការគ្មានផលប្រយោជន៍: មនុស្សម្នាក់ៗតែងមានគុណសម្បត្តិខ្លះ, គុណវិបត្តិខ្លះ ។
- គុណវិសេស (--វិសេសៈ ឬ--វិសែស) ដំណើរប្លែករបស់គុណ គឺដំណើរប្រព្រឹត្តល្អដោយកាយវាចាចិត្តឥតសៅហ្មង ។ សេចក្ដីល្អផ្សេងៗ ។ ឈានសមាបត្តិដែលជាធម៌មានដំណើរប្លែកគួរឲ្យស្ងើច : អួតគុណវិសេសដែលពុំមានក្នុងខ្លួន ។
- គុណវុឌ្ឍិ (--វុត-ឍិ) សេចក្ដីចម្រើនដោយគុណ, ដំណើរចម្រើនដោយសេចក្ដីល្អ, ដោយសេចក្ដីរុងរឿង, ដោយសេចក្ដីបរិសុទ្ធិ ។
- គុណសព្ទ (--ស័ប) សំដីដែលប្រាប់ដំណើរនាមនាមឲ្យឃើញលក្ខណៈផ្សេងៗគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុណនាម ផង) ។
- គុណសម្បត្តិ (--ស័ម-ប័ត) សេចក្ដីដល់ព្រមដោយគុណ គឺការបរិបូណ៌ ដោយសេចក្ដីល្អ, ដោយសេចក្ដីបរិសុទ្ធិ; មនុស្សនេះ មានគុណសម្បត្តិគួរឲ្យសរសើរ ។
- គុណសម្បទា (--ស័ម-ប៉ៈទា) ដូចគ្នានឹង គុណសម្បត្តិ ដែរ ។
- គុណាករ (--កៈរ៉ៈ ឬ-ក) (គុណ + អាករ) អណ្ដូង, កំណប់ នៃសេចក្ដីល្អ, នៃសេចក្ដីបរិសុទ្ធិ; ប្រជុំនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិគ្រប់យ៉ាង; បុគ្គលអ្នកបរិបូណ៌ដោយសេចក្ដីបរិសុទ្ធិ ។
- គុណានិសង្ស (--និសង់) (គុណ + អានិសំស) ដំណើរបង្ហូរផលផ្ដល់ឲ្យបានសម្រេចប្រយោជន៍ដោយសារគុណ , ផលនៃសេចក្ដីល្អ, ផលដែលឲ្យតាមដំណើរសេចក្ដីបរិសុទ្ធិ ។
- គុណានុភាព (--ភាប) (គុណ + អានុភាវ) អានុភាពនៃគុណ គឺអំណាច, តេជះ, ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ ។
- គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដីទំនុកបម្រុង, អនុគ្រោះដោយគុណ គឺសេចក្ដីទំនុកបម្រុងឲ្យល្អ, ឲ្យដុះដាលចម្រើន; ហៅថា ឧបការគុណ វិញក៏បាន ។ល។
-
បកិណ្ណក
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ប៉ៈកិន-ណៈ កៈ ]
(បកិណ្ណក; ប្រកិណ៌ក) ដែលជារបស់រាយរង, រាត់រាយ, បន្ទាប់បន្សំ : របស់បកិណ្ណកៈ ។
- បកិណ្ណកកថា កថារាយរង, បន្ទាប់បន្សំ ។
-
បរមត្ថកថា
( ន.នាមសព្ទ )
[បរ៉ៈម៉័តថៈកៈថា ឬ ប៉ៈរ៉ៈ--]
(បរមាថ៌កថា) វាចាសម្ដែងនូវសេចក្ដីពិត ឬវាចាសម្ដែងនូវព្រះអភិធម្ម ។
-
បាឋកថា
( ន.នាមសព្ទ )
[ប៉ាឋៈកៈថា ]
សម្ដីថ្លែងសេចក្ដី (មាត់ទទេ); កថាសម្ដែងរឿងរ៉ាវ; កថាសូត្របាលី ។ (អ្នកប្រទេសឥណ្ឌាហៅសាលារៀនថា បាឋសាលាតាមការយល់របស់គេ) ។
-
បុព្វ
( គុ.គុនសព្ទ )
[បុប-ពៈ]
(បូវ៌) មុន, ខាងដើម, ពីមុន ។ សព្ទនេះប្រើរៀងខាងដើមសព្ទដទៃឲ្យជាបទសមាសដូចជា បុព្វកថា (បុប-ពៈកៈ--) ន. (បា.) ពាក្យនិយាយខាងដើមសៀវភៅ, ពាក្យផ្ដើមជាដំបូង, អារម្ភកថា, អារម្ភបទនៃសៀវភៅ ។
- បុព្វកម្ម (បុប-ពៈ-ក័ម) ន. (បា.; សំ. បូវ៌កម៌ន៑) អំពើពីមុន, អំពើពីព្រេងនាយ, អំពើចាស់ គឺបុណ្យក្ដីបាបក្ដីដែលគេបានធ្វើពីជាតិមុនមកជាប់ជាស្នាមចិត្តតាមឲ្យផលក្នុងជាតិតៗមក ឬក្នុងជាតិនេះ ។
- បុព្វករណ៍ (បុប-ពៈ-ក) ន. (បា. បុព្វករណ; សំ. បូវ៌ករណ) ការរាយរងដែលត្រូវចាប់ធ្វើមុនដើម្បីនឹងសម្រួលការធំឲ្យស្រួលឬឲ្យចុះរបៀប ។
- បុព្វការី (បុប-ពៈការ៉ី) ន. (បា.; សំ. បូវ៌ការិន៑) អ្នកដែលបានធ្វើឧបការៈមុន គឺអ្នកដែលបានធ្វើសេចក្ដីទំនុកបម្រុងផ្ចុងផ្ដើមរួចមកហើយ : មាតាបិតា ជាបុព្វការីរបស់កូន; គ្រូជាបុព្វការីរបស់សិស្ស; ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធសាសនិកជន; ព្រះមហាក្សត្រជាបុព្វការីរបស់ប្រជាជន ព្រោះទ្រង់បានចាត់កិច្ចការគ្រប់គ្រងរក្សាប្រទេសរបស់ព្រះអង្គ ឲ្យអស់ប្រជាជនបានសេចក្ដីសុខស្រួល ។ល។ បើស្ត្រើជា បុព្វការិនី ។
- បុព្វកិច្ច (បុប-ពៈកិច) ន. (បា.; សំ. បូវ៌ក្ឫត្យ) ការរវល់រាយរងដែលត្រូវចាប់ធ្វើមុន ដើម្បីនឹងសម្រួលការធំឲ្យចុះរបៀប ។ វេវ. បុព្វករណ៍ ។
- បុព្វក្រឹត្យ (បុប-ពៈក្រឹត) ន. (បា. សំ. ក្ល.) ដូចគ្នានឹង បុព្វកិច្ច ។
- បុព្វចរិត (បុប-ពៈចៈ-រ៉ិត) ន. (បា.) ចរិតដើម គឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុន ជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចរិត ផង) ។
- បុព្វចរិយា (បុប-ពៈ-ចៈរ៉ិយ៉ា) ន. (បា.; សំ. បូវ៌ចយា) ចរិយាដើម គឺការប្រព្រឹត្ត, សំណាង ឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗ មកជាប់ជាស្នាមតាមមកដល់ជាតិនេះ ។
- បុព្វណ្ហកាល (បុប-ព័ន-ហៈ--) ន. (បា.; សំ. បូវ៌ាណ្ហកាល) ដូចគ្នានឹង បុព្វណ្ហសម័យ ។
- បុព្វណ្ហសម័យ (បុប-ព័ន-ហៈសៈម៉ៃ) ន. (បា.--សមយ; សំ. បូវ៌ាណ្ហសមយ) សម័យជាខាងដើមនៃថ្ងៃ (ក្រោយបន្ទាប់បច្ចូសសម័យ) គឺវេលាព្រះអាទិត្យរះ (ពេលថ្ងៃរះ) ។
- បុព្វទេព ឬ - បុព្វទេវតា (បុប-ពៈ ទេប ឬ--ទេវៈដា) ន. (បា. បុព្វទេវ ឬ បុព្វទេវតា) ទេវតាដើម ឬ ទេវតាមុន (មាតាបិតា); មាតាបិតាបានជាហៅថា បុព្វទេព ព្រោះមានចិត្តមេត្តាប្រណីរីករាយស្មោះស្មើរកកូនប្រហែលដូចចិត្តរបស់ទេវតា...។ ពួកអសុរក៏ហៅ បុព្វទេព ដែរ ព្រោះកាលពីដើមអសុរធ្លាប់នៅក្នុងឋានត្រៃត្រិង្សមុនព្រះឥន្ទ្រនិងពួកទេវតាអ្នកត្រៃត្រិង្ស ។
- បុព្វទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុព្វទេព) ។
- បុព្វនិមិត្ត ឬ - បូព៌និមិត្ត (បុប-ពៈនិមិត ឬ បូ--) ន. (បា. បុព្វ--; សំ. បូវ៌--) ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឲ្យឃើញមុន (អាភេទ, ផ្នួល ឬ ប្រផ្នួល) ។
- បុព្វនិវាស (បុប-ពៈ--) ន. (បា.; សំ. បូវ៌និវាស) ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម (ផ្ទះ, ភូមិ, លំនៅចាស់) ។
- បុព្វន្នជាតិ (បុប-ព័ន-នៈជាត) ន. (បា. < បុព្វ “មុន” + អន្ន “វត្ថុសម្រាប់ស៊ី”+ ជាតិ “កំណើត”; សំ. < បូវ៌ + --) ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុន បានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើម ដែលជារបស់ត្រូវគេបរិភោគមុន (ស្បៀងសម្រាប់ស៊ីមុន) ។ ព. ផ្ទ. អបរន្នជាតិ ។
- បុព្វបទ (បុប-ពៈបត់) ន. (បា.; សំ. បូវ៌បទ “បទដើម”) និបាតសព្ទ ឬអក្សរដែលដាក់ផ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឲ្យមានសេចក្ដីប្រាដកដោយឡែក ឬបំបែរសេចក្ដីឲ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប “ជិត, បន្ទាប់, រង” + រាជ “ស្ដេច” > ឧបរាជ “ស្ដេចបន្ទាប់ គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ”; បរា “សោះសូន្យ;...” + ជយ “ជម្នះ” > បរាជយ “ការចាញ់, ដំណើរចាញ់គេ”; ឧប និង បរា ហៅថា បុព្វបទ ។ល។ ខាងភាសាខ្មែរយើង ច្រើនប្រើតួអក្សរជា បុព្វបទ, ប្រើមួយតួក៏មាន ពីរតួក៏មាន, ដូចជា ទាស់ទែង, ទ្រេតទ្រោត ដាក់អក្សរ ទ(បុព្វបទ) ថែមមកជា ទទាស់ទទែង; ទទ្រេតទទ្រោត; ខូច, ឈប់, ដុះ, ធូរ, បោល ដាក់អក្សរ ប-ង, ប-ញ, ប-ណ, ប-ន, បំ (បុព្វបទ) ថែមមកជា បង្ខូច, បញ្ឈប់, បណ្ដុះ, បន្ធូរ, បំបោស; បុព្វបទទាំងនេះបំបែកសេចក្ដីរបស់សព្ទឲ្យឃ្លាតប្លែកពីប្រក្រតីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ និង អព្ភាស ទៀតផង) ។ល។
- បុព្វបយោគ ឬ - បុព្វប្រយោគ (បុប-ពៈប៉ៈយោក ឬ --ប្រៈ--) ន. (បា. បុព្វប្បយោគ; សំ. បូវ៌ប្រយោគ) សេចក្ដីព្យាយាមដើម គឺព្យាយាមដែលផ្ដើមនឹងធ្វើធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ ។
- បុព្វបុរស (បុប-ពៈបុរ៉ស់) ន. (បា. ក្ល.; បា. បុព្វបុរិស; សំ. បូវ៌បុរុឞ) បុរសជាខាងដើមវង្ស ។ ពួកញាតិទាំងអស់ ទោះប្រុសក្ដីស្រីក្ដីដែលទៅកាន់បរលោកហើយរាប់តាំងពីជីដូន ជីតា ទួត លួត លា ឡើងទៅហៅថា បុព្វបុរស (ដូនតា ឬ ពួកដូនតា) ។
- បុព្វបេតពលី (បុប-ពៈប៉េតៈពៈលី) ន. (បា. បុព្វប្បេតពលិ; សំ. បូវ៌ប្រេតពលិ) ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនា ប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនា ប្រើវិធីសែនព្រេនជូន ។
- បុព្វប្រេត (ត. ទ. បុប-ពៈ ប្រែត) ន. (បា. សំ.; បា. បុព្វប្បេត; សំ. បូវ៌ប្រេត មកអំពី បុព្វ ឬ បូវ៌ + ប ឬ ប្រ + ឥ > ឯ + ត) អ្នកដែលទៅកាន់បរលោកហើយ គឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ (ញាតិដែលស្លាប់បាត់ទៅហើយ) : ធ្វើបុណ្យឧទ្ទិសផលជូនទៅបុព្វប្រេត ។
- បុព្វភាគ (បុប-ពៈភាក) ន. (បា.; សំ. បូវ៌--) ចំណែកខាងដើម ឬប៉ែកខាងដើម ។ ព. ផ្ទ. បច្ឆិមភាគ ។
- បុព្វភាគបដិបត្តិ ឬ - --ប្រតិបត្តិ (បុប-ពៈភាគៈប៉ៈដិប័ត ឬ--ប្រៈតិប័ត) (បា. បុព្វភាគប្បដិបត្តិ; សំ . បូវ៌ភាគប្រតិបត្តិ) ប្រតិបត្តិជាចំណែកខាងដើម គឺការប្រព្រឹត្តកាន់សីលឲ្យបរិសុទ្ធ និងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរព មានមាតាបិតាជាដើម (ហៅថា បុព្វភាគបដិបទា ឬ បុព្វភាគប្រតិប័ទ ដូច្នេះវិញក៏បាន) ។
- បុព្វភាគបដិបទា ឬ - --ប្រតិប័ទ (បុប-ពៈភាគៈប៉ៈដិប៉ៈទា ឬ--ប្រៈតិប័ត) ន. (បា. បុព្វភាគប្បដិបទា; សំ. បូវ៌ភាគប្រតិបទ៑) ដូចគ្នានឹង បុព្វភាគបដិបត្តិ ។
- បុព្វយោគ (បុប-ពៈ-យោក) ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន ។ សព្វថ្ងៃប្រើសំដៅយកពាក្យផ្ដើមរបស់អ្នកនិពន្ធ នៅខាងដើមនៃសៀវភៅ ឬលំនាំសេចក្ដី ដែលផ្ដើមឡើងជាដំបូង ក្នុងការតែងសេចក្ដីរបស់សិស្ស ។ ហៅ និទាន ឬ និទានកថា ក៏បាន ។
- បុព្វលាភ (បុប-ពៈលាប) ន. (បា.) ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង ។ រង្វាន់លើកទឹកចិត្ត ។
- បុព្វវិទេហៈ ឬ - បុព្វវិទេហទ្វីប (បុប-ពៈ--) ន. (បា. “ទ្វីបរបស់ពួកមនុស្សអ្នកវិទេហៈ នៅទិសខាងកើត”) ឈ្មោះទ្វីបធំមួយ រាប់បញ្ចូលក្នុងមហាទ្វីបទាំង ៤ (តាមភូមិសាស្ត្របុរាណ); ខ្មែរយើងហៅថា បូព៌វិទេហទ្វីប (អ. ថ. បូវិទេហៈទ្វីប) ។
- បុព្វសិទ្ធិ (បុប-ពៈសិត) ន. (បា.) ផលប្រយោជន៍ឬអំណាចពិសេសដែលវរជនខ្លះត្រូវបានត្រូវមានតាមមុខតំណែង : ប្រធានរដ្ឋសភា ត្រូវទទួលបុព្វសិទ្ធិ ជាតំណាងប្រមុខរដ្ឋ ក្នុងកាលខ្លះដែលប្រមុខរដ្ឋមានធុរៈ ។
- បុព្វហេតុ (បុប-ពៈហែត) ន. (បា.) ហេតុដើម, ដំណើរដើម គឺហេតុឬដំណើរដែលបណ្ដាលឡើងជាមុន ឬដែលផ្ដើមឡើងជាមុន ។
- បុព្វាចារ្យ (បុប-ពាចា) ន. (បា. សំ.; បា. បុព្វាចរិយ; សំ. បូវ៌ + អាចាយ៌ > បូវ៌ាចាយ៌) អាចារ្យមុន, គ្រូដើម គឺមាតាបិតា ។ មាតាបិតាបានជាហៅថា បុព្វាចារ្យ ព្រោះជាគ្រូបង្ហាត់បង្រៀនកូនឲ្យចេះនិយាយស្ដីនិងសណ្ដាប់ធ្នាប់របៀបរបប ព្រមទាំងកិច្ចការទាំងពួងផង ជាមុនជាងគ្រូទាំងអស់ដែលកូនត្រូវរៀនចំណេះវិជ្ជាផ្សេងៗ ។ ព. ផ្ទ. បច្ចាចារ្យ ។
- បុព្វាបរបទ (បុប-ពាប៉ៈរ៉ៈ--) ន. (បា. បុព្វ + អបរ + បទ > បុព្វាបរបទ) បទដែលភ្ជាប់ខាងដើមនិងខាងចុងនៃសព្ទដទៃ ដើម្បីញ៉ាំងសព្ទនោះៗឲ្យមានន័យខុសពីមុន បានដល់ឧបស័គ្គនិងបច្ច័យ (ព. វ.; បារ. Affixe) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបសគ្គ និង បច្ច័យ ផង ។
- បុព្វាសាឍ (បុប-ពាសាត) ន. (បា. សំ.; បា. បុព្វាសាឡ្ហ; សំ. បូវ៌ាសាឍ ឬ បូវ៌ាសាឍា) ខែអាសាឍមុន គឺខែអាសាឍទី ១ (សម្រាប់ប្រើតែក្នុងឆ្នាំដែលលើកខែអាសាឍពីរដងតាមចន្ទគតិ) ជាគូគ្នានឹង ឧត្តរាសាឍ; ខ្មែរយើងច្រើនហៅ ខែអាសាឍមុនថា បឋមាសាឍ ឬ ប្រថមាសាឍ, ហៅខែអាសាឍក្រោយថា ទុតិយាសាឍ ឬ ទ្វិតីយាសាឍ ។
-
ប្រឋមសម្ពោធិកថា
( ន.នាមសព្ទ )
[ប្រឋមៈសម្ពោធិ កៈថា]
កថាដែលរៀបរាប់អំពីការត្រាស់ដឹងនូវធម៌ជាដំបូងរបស់ព្រះពុទ្ធគោតមបរមគ្រូនៃយើង។
-
ពណ៌នា
( ន.នាមសព្ទ )
[ព័រណៈនា]
(វណ៌នា; វណ្ណនា) ពាក្យពោលរៀបរាប់, ពាក្យអធិប្បាយសេចក្ដី, អដ្ឋកថា; និយាយក្លាយជា ពាណ៌នា; ខ្មែរយើងប្រើជា កិ. ក៏បាន : គេបានពណ៌នាអំពីដំណើរដែលខ្លួន គេបានទៅមើលប្រាសាទបុរាណនៅអង្គរបុរី ។
-
មង្គល
( ន.នាមសព្ទ )
[មង់-គល់ ]
សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឲ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី ។
- មង្គលការ ការជាមង្គល; ខ្មែរហៅចំពោះតែ “ការអាពាហ៍ពិពាហ៍” : មានមង្គលការ, រៀបមង្គលការ ។
- មង្គលវាទ ឬ - មង្គលកថា (ម័ង-គៈលៈវាត ឬ--កៈថា) ពាក្យជាមង្គល, ពាក្យឲ្យពរ ។
- មង្គលសូត្រ (មង់-គៈលៈសូត) ឈ្មោះព្រះសូត្រមួយជាពុទ្ធភាសិតសម្ដែងអំពីមង្គល ៣៨ប្រការ, ពួកពុទ្ធសាសនិកតែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គលណាមួយ (ព. ពុ.)។
- មង្គលាភិសេក (មង់-គៈលាភិសែក) ការស្រោចទឹកជាមង្គល, ការស្រោចទឹកឲ្យមានមង្គល ។ល។
-
មធុរៈ
( គុ.គុនសព្ទ )
[មៈ ធុរៈ ឬ មៈធូ ]
(មធុរ) ផ្អែម; ពីរោះ; ឆ្ងាញ់ ។ ន. រសផ្អែមឬឆ្ងាញ់; សម្ដីពីរោះ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេចបើកមធូរ ប្រកបដោយសូរសព្ទក្រាងក្រអៅ ឥតមានទ្រគោះ ឥតមោះហ្មងសៅ រួសរ៉ាវចៅរ៉ៅ ឆ្ពោះទៅរាស្ត្រផង ។
- មធុរកថា ឬ--វាទ សម្ដីពីរោះ, ពាក្យពីរោះ ។
- មធុរភោជន ភោជនឆ្ងាញ់ ។ល។
-
មនាបៈ
( គុ.គុនសព្ទ )
[មៈនាប៉ៈ]
(មនាប) ដែលជាទីពេញចិត្ត...។ ខ្មែរប្រើចំពោះតែផ្សំជាបទសមាស ដូចជា : មនាបកថា, មនាបវាចា, មនាបវាទ សម្ដីជាទីពេញចិត្ត, សម្ដីពីរោះគួរឲ្យពេញចិត្ត; សម្ដីដែលបំភ្លឺឲ្យយល់ផ្លូវសុចរិត ។
- មនាបភណ្ឌ របស់ដែលជាទីពេញចិត្ត, ទ្រព្យសំឡាញ់ ។
- មនាបវត្ថុ វត្ថុជាទីពេញចិត្ត ។
- មនាបសព្ទ សំឡេងជាទីពេញចិត្ត, សូរសព្ទពីរោះ ។ល។