Khmer Dictionary: កំភួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពួត
( កិ.កិរិយាសព្ទ )
ចាប់គួត, ដុសកួតក្រឡឹងជុំវិញ : ពួតដំបង, ដុសក្អែលពួត ។
- ពួតភ្លើង យកកូនពំនួតដាក់ផ្ទប់ពីលើមេពំនួតរុញទាញៗ ដោយប្រឹងសង្កត់ពេញកម្លាំង ដើម្បីឲ្យក្ដៅកើតភ្លើង; (ហៅថា កួតភ្លើង ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែបើហៅ កួត គួរប្រើ ន. ជា កំនួត) ។
- ពួតដៃស្ទុះចូល យកបាតដៃម្ខាងចាប់រឹតក្រឡឹងកដៃឬកំភួនដៃ ស្ទុះចូលដោយបម្រុងនឹងដាល់ឬទះ, តប់ ។ ព. ប្រ.
- ពួតដៃគ្នា ចូលគំនិតស្រុះគ្នាធ្វើការប្រណាំងប្រជែងយកឈ្នះ ។ល។
-
រមួលក្រពើ
( គុ.គុនសព្ទ )
ដែលរមួលសសៃកំភួនជើង (ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង ។ ព. ប្រ. កិ. ទញ់ទ័លឆ្លើយដោយដោះស្រាយអាថ៌ប្រស្នាមិនរួច ក៏ខំប្រឹងត្រដរឆ្លើយពានត្រោកពានត្រាំងដោយអាការរមួលខ្លួនក្អេលក្អូលៗ ឬអែនអនៗ : ត្រូវគេសួរប្រស្នាតែមួយមក ក៏ស្រាប់តែរមួលក្រពើបែកញើសជោគខ្លួន ។ (ព. ទ. បុ.) : ស៊ីបាយដោយពន្លឺភ្លើងទៀន, និយាយនឹងអ្នកចេះរបៀនពន្ធិត្វា, ជម្នះដោយការប្រឡង, បើមានគេចេះផង ឯងរមួលក្រពើ, បើមានគេធំលើ ឯងក្អេលក្អូល មានអត្ថន័យថា ភ្លើងទៀនតើនឹងភ្លឺប៉ុន្មាន ?, និយាយជាមួយនឹងអ្នកចេះរបៀនអាគម (ពន្ធិត្វា ត្រូវចង គឺត្រូវខ្សឹបៗ), ដឹងឈ្នះដឹងចាញ់ដោយសារការប្រឡង, កាលបើមានគេចេះច្រើននៅជិត អ្នកចេះតិចតែងតែរមួលខ្លួន, កាលបើមានអ្នកធំនៅជិត អ្នកតូចតែងតែក្អេលក្អូលៗច្រិមច្រុម ។
-
លញ់
( កិ.កិរិយាសព្ទ )
ធ្វើវត្ថុទន់ជ្រាយឲ្យមូលដោយយកបាតដៃប្រមៀលទៅប្រមៀលមករឿយៗ : លញ់ទៀន, លញ់ដី ។ ពពៀចដីជ្រាយវីវាចរឿយៗឲ្យស្មើឲ្យស្អាត : លញ់លាន ។ អង្អែលឈ្លីរឿយៗ : លញ់កំភួនជើង, លញ់សរសៃ ។ ឈូសឈើឲ្យមូលឲ្យស្អាត : លញ់សសរ ។
- សសរលញ់ សសរមូលដែលឈូសសម្អាតរួចហើយ ។ ព. ប្រ. ធ្វើការស្ទើរៗមិនពេញដៃមិនពេញកម្លាំង : ធ្វើការលញ់ៗ ។
-
លេស
( គុ.គុនសព្ទ )
(លេឝ) តិច, តិចតួច; តូច, ឆ្មារ ។ ន. ហេតុបន្តិចបន្តួច; ការតូចតាច; ពុត; កិច្ចកល, ឧបាយ, ហេតុជាគ្រឿងអាង : យកជំងឺបន្តិចបន្តួចជាលេស ឈប់មិនទៅធ្វើការ; អាងកូនក្មេងជាលេស ។
- លេសភាព (លេសៈភាប) ភាវៈនៃលេស, ដំណើរលេស ។
- លេសមត្ត ឬ
- --មាត្រ (លេសៈម៉ាត់ ឬ--មាត) ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស ។
- លេសាបទេស (--ប៉ៈទេស; < លេស + អបទេស “ការអាង”) ការអាងលេស, ដំណើរយកលេសជាអាង ។ល។
-
ល្បុក្កតោ
( ន.នាមសព្ទ )
[ល្បុក-កៈ--]
ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃ ជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន ។ ឈ្មោះស្នៀតគុនដែលមានល្បុក្កតោជាគ្រឿងការពារ : គុនល្បុក្កតោ (ច្រើនមានតែពីក្នុងសម័យបុរាណ) ។
-
សាច់
( ន.នាមសព្ទ )
អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនឹងសត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ: សាច់មនុស្ស, សាច់សត្វ ។ តួផ្លែឈើក្នុងសំបកក្រៅពីគ្រាប់, ក្រៅពីលលាដ៏ : សាច់ផ្លែមៀន, សាច់ដូង ។ តួដើមឈើខាងក្នុងសំបក : ឈើសាច់រឹង ។ បឋវីធាតុដែលជារូបរបស់ឬវត្ថុផ្សេងៗ : សំពត់សាច់ម៉ដ្ឋ, សាច់ប្រាក់សុទ្ធ, សាច់ដែក, សាច់ស្ករ ។
- សាច់ក្រក : សាច់ដែលចិញ្រ្ចាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ (ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក) ។
- សាច់ឈាម សាច់និងឈាម; សាច់ញាតិ ។
- សាច់ញាតិ ឬ - ញាតិសាច់ អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ ។
- សាច់ដុំកំភួន ញាតិជិត ។
- សាច់ថ្លៃ បងថ្លៃឬប្អូនថ្លៃ ។
- សាច់ធម៌ អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌ ។
- សាច់បញ្ញើ ឬ - សាច់ផ្ញើសាំ កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត ។
- សាច់សន្ដាន ញាតិសន្ដាន ។
- សាច់សាលោហិត បងប្អូន ។ល។ ព. ទ. បុ. សាច់មិនបានស៊ី យកឆ្អឹងព្យួរ-ក អត់បើអត់ នាំឲ្យមានវល់ឥតប្រយោជន៍ឬប្រយោជន៍បានទៅគេ ខ្លួនបានតែខាងទទួលទុក្ខទោស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខំប្រឹងវក់វី សាច់ពុំបានស៊ី យកឆ្អឹងព្យួរ-ក ចាស់ទុំប្រាប់ថា បែបនុះពុំល្អ នាំឲ្យខ្លួនក្រ រងទុក្ខផងទៀត ។
-
សាក់
( ន.នាមសព្ទ )
ស្នាមក្បាច់ក្បួរឬរូប, យ័ន្ត, អក្សរដែលចាក់នឹងម្ជុលឬដែកស្រួច បញ្ចូលទឹកខ្មៅឬទឹកក្រហមដិតជាប់នៅក្នុងសាច់ : មនុស្សនុ៎ះមានសាក់រូបហនុមានត្រង់កំភួនដៃធ្វេង ។