Khmer Dictionary: ក្លិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្ញែរ
( ន.នាមសព្ទ )
ឈ្មោះល្ហុងមួយប្រភេទ ធាងវែង ស្លឹកធំ ឆែកៗ មានប្រហោងក្នុងធាង ក្លិនក្រពុល ផ្លែចង្កោមៗ កួរផ្លែមួយៗ ទំហំប៉ុនផ្លែពុទ្រា ឬ ផ្លែកន្ទួត, មានរោមនៅសំបកដូចផ្លែសាវម៉ាវ, គ្រាប់ធ្វើជាប្រេង : ល្ហុងខ្ញែរ ។
-
កញ្ជើបាយដាច
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមមានបន្លាខ្លីៗ ស្លឹកស្រដៀងនឹងស្លឹកសុរភី មានផ្លែក្លិនហាងបន្តិចៗ ប៉ុន្តែគេអាចបរិភោគផ្លែទុំបាន : ដើមកញ្ជើបាយដាចមានម្លប់ជិតល្អណាស់ ។
-
កណិការ
( ន.នាមសព្ទ )
ឈ្មោះឈើផ្កាមួយប្រភេទមានផ្កា-ស សណ្ឋានប្រហែលនឹងផ្កាម្លិះក្លិនក្រអូប ។
-
កប៌ូរ
( ន.នាមសព្ទ )
[ក័រ្បូ]
ជ័រមួយយ៉ាងមានក្លិនប្រហើរឆួល សម្រាប់ប្រើជាថ្នាំឈឺក្បាល, តឹងច្រមុះ ។ល។
-
កន្ទ្រោក
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ស្លឹកផ្លែមានក្លិនប្រហើរប្រើធ្វើជាគ្រឿងសម្ល; ត្រួយខ្ចីប្រើជាអន្លក់ក៏បាន ។
-
កន្លាត
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ មានក្លិនឆ្អេះអាក្រក់ ច្រើនកើតនៅនឹងទីកៀនកោះក្នុងផ្ទះលំនៅ ជាសត្វឲ្យទុក្ខម្នេញដល់មនុស្ស ដោយហេតុកាត់សំពត់អាវ និងក្រដាសជាដើម ។ កន្លាតមួយយ៉ាងទៀត មានស្លាប ហៅថា កន្លាតស្លាប ។
-
កល្បសព្ទ
( ន.នាមសព្ទ )
[ក័ល-ប៉ៈ-សាប់]
(កល្ប “ដូចគ្នា” + ឝព្ទ “សូរ, សំឡេង”; កប្ប+សទ្ទ) ពាក្យដែលមានសូរដូចគ្នា ប៉ុន្តែមានអត្ថន័យផ្សេងគ្នា ដូចជា ក (ក មនុស្ស សត្វ); ក (សាង, សង់); កល (ល្បិច); កល់ (ដាក់ទ្រពីក្រោម...); ខារ (ក្លិនឬរសខារ); ខារ (ខារឈើហុប); ខិត (កកិលចូល...); ខិត (សូត្រមួយខិត); គ (ដើមគ); គ (មនុស្សគ); មៀន (ដើមមៀន); មៀន (មៀនកាំបិត) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទិសសព្ទ, វិសទិសសព្ទ, វេវចនៈ ផង) ។
-
កាម
( ន.នាមសព្ទ )
សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា ។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ. ថ.
- កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។
- កាមគុណ ដំណើរចំរើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
- កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដីពេញចិត្តក្នុងកាម ។
- កាមតណ្ហា ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម ។
- កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡីងព្រោះកាម ។
- កាមបង្កៈ (--ប៉័ង-កៈ) ភក់គឺកាម ឬកាមដូចជាភក់ ។
- កាមបរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។
- កាមភព ភពគឺកាម ឬភពដែលប្រកបដោយកាមគុណទាំង ៥ , បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។
- កាមភោគិសេយ្យា (--សៃ-យ៉ា) ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម ។ ឥត្ថី.
- កាមភោគិនី ។ កាមយោគ សេចក្ដីប្រកប ឬព្យាយាមក្នុងកាម ។
- កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្ដាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។
- កាមវិតក្ក (--វិ-តាក់-កៈ) សេចក្ដីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាស់និរាសចាកកាម ។
- កាមសិនេហៈ ឬ កាមស្នេហា សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។
- កាមសុខ សុខក្នុងកាម ឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម ។
- កាមសុខល្លិកានុយោគ ការប្រកបរឿយៗ ក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ ។
- កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោសនៃកាម, ទោសដែលកើតអំពីកាម ។
- កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាង មានរូបារម្មណ៍ជាដើម ។
- កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬដែលចុះស៊ប់កាន់កាមភព ។
- កាមាសវៈ (--សៈ-វ៉ៈ) អាសវៈគឺកាម ។
- កាមុបាទាន (-ប៉ា-) សេចក្ដីប្រកាន់មាំក្នុងកាម ។
- កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។
- កាមោឃៈ (--ឃៈ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ល។
-
ក្ដឹះ
( គុ.គុនសព្ទ )
[ជើង ដ]
ឆ្អេះម្ហេះៗ : ធុំក្លិនក្ដឹះ, បែកញើសធុំក្លិនក្ដឹះ ។
- ស្រែកបែកក្ដឹះ គឺស្រែកលុះដល់ចេញញើសពីខ្លួនធុំក្លិនម្ហេះៗ; តែតាមទម្លាប់អ្នកស្រុកប្រើធម្មតា គឺសំដៅត្រង់ក្មេងស្រែកយំខ្លាំងថា ស្រែកបែកក្ដឹះ ។
-
ក្រវាន់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូបឈ្ងុយ ស្រដៀងគ្នានឹងក្លិនចេកនួនទុំ ។