Khmer Dictionary: ត
Chuon Nath's Khmer-Khmer Dictionary
-
តិរច្ឆានកថា
( ន.នាមសព្ទ )
[តិរ៉័ចឆាន៉ៈកៈថា]
( បា.បាលី ( បាលីភាសា ) )
សម្ដីទទឹងផ្លូវធម៌របស់សប្បុរស... : ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធប្បញ្ញតិ្តហាមពួកបព្វជិតមិនឲ្យពោលតិរច្ឆានកថា ។
-
តិរិ្ថយ
( ន.នាមសព្ទ )
[តិរ៉ៈថី ឬ ដិរ៉ៈថី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(តិត្ថិយ) មនុស្សចំពួកខ្លះ ដែលប្រព្រឹត្តកាន់សាសនា តាមលទ្ធិឆ្វេងទីទៃពីព្រះពុទ្ធសាសនា ដូចយ៉ាងខំប្រឹងដេកននៀលលើគំនរដីខ្សាច់កំពុងក្ដៅ, បរិភោគភោជនាហារត្របាក់ដូចសុនខជាដើម ដោយប្រកាន់អាងថា វត្តប្រតិបត្តិដែលខ្លួនប្រព្រឹត្តនោះ អាចនឹងចម្លងខ្លួនឯងនិងអ្នកដែលជឿកាន់តាមឲ្យបានដល់ត្រើយ គឺសេចក្ដីសុខ ប្រហែលដូចជាកំពង់សម្រាប់ឆ្លង... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្យតិរ្ថិយ ផង) ។
-
តិរោកុឌ្ឌសូត្រ
( ន.នាមសព្ទ )
[តិរ៉ោកុត-ឌៈ សូត]
( បា.បាលី ( បាលីភាសា ) )
(--សុត្ត) ឈ្មោះសូត្រ ១ ក្នុងព្រះសុត្តន្តបិដក; ហៅថា តិរោកុឌ្ឌកណ្ឌ ក៏បាន, ឬហៅដោយខ្លីតាមទម្លាប់ស្រួលមាត់ត្រឹមតែ តិរោក ប៉ុណ្ណេះក៏បាន; ក្នុងប្រទេសខ្មែរយើង ប្រើជាធម៌សម្រាប់សូត្រដារឧទ្ទិសចំណែកបុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដារ ផង) ។
-
តិលក
( ន.នាមសព្ទ )
[តិលៈកៈ ឬ តិល៉ក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដើមល្ង; ចំណុចខ្មៅៗ ដែលមានតាមរាងកាយ (អាចម៍រុយ); ការប្រោះព្រំ, ក្បិតចិញ្ចើមដោយម្សៅក្រអូបជាមង្គល (ចឺម)...។ គុ. ដែលជាឆ្នើម, ខ្ពង់ខ្ពស់, ប្រសើរ, លើសលែង : តិលកលោកា... ដែលជាឆ្នើមក្នុងលោក... ។
-
តិះ
( កិ.កិរិយាសព្ទ )
និយាយរិះគន់, និន្ទា ពេបជ្រាយនៅមុខ ឬកំបាំង ។ ច្រើនតែផ្សំជាមួយនឹងពាក្យ ដៀល ថា តិះដៀល “តិះផង ដៀលផង” គឺពោលរិះគន់, និន្ទា ឬ ពេបជ្រាយផ្សេងៗ ពិតខ្លះមិនពិតខ្លះ ឬខុសទាំងស្រុងក៏មាន ។ កាលពីក្នុងបុរាណសម័យព្រេងនាយ, ដោយសារប្រទេសមានព្រំដែនជាប់គ្នា, ខ្មែរនិងសៀម ធ្លាប់តែទៅមកប្រាស្រ័យរកគ្នា, ជនជាតិទាំងពីរនេះ ក៏តែងតែយកសម្ដីគ្នា ពីជាតិមួយទៅជាតិមួយទៅប្រើឬយកមកប្រើពុំប្រកែប្រកាន់អ្វីឡើយ; ឯខ្មែរយកសម្ដីសៀមមកប្រើក៏ក្រែលដែរ, ដូចជាសម្ដីសៀមថា ហ្មត គេអានថា ហ្មុត “អស់”, ខ្មែរយកមកប្រើ សរសេរជា ហ្មត់ , ឬអ្នកខ្លះសរសេរជា ម៉ត់ “អស់” ដែរ; សៀមថា ហ្មតចត អ. ថ. ហ្មុតចុត “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង...”, ខ្មែរយកមកប្រើជា ហ្មត់ចត់ ឬអ្នកខ្លះសរសេរជា ម៉ត់ចត់ ក៏មាន “ស្អាត, បរិសុទ្ធ, ឥតសៅហ្មង...” ដែរ, ឬ “ប្រដិតប្រជី, ម៉ឺងម៉ាត់ ...”; សៀមថា េខេ៏ង េរេង អ. ថ. ខែ៎ង់រ៉ែង ឬ ខែ៏ងរ៉ែង “រឹងប៉ឹង, មាំមួន; ដែលប្រឹងប្រែងម៉ឺងមាត់”, ខ្មែរយកមកប្រើជា ខែងរ៉ែង (មានអត្ថន័យដូចសៀមដែរ) ។ល។ សៀមយកសម្ដីខ្មែរទៅប្រើច្រើនជាអនេក, ដូចជា ខ្ទម, ជា ករះទ់្ចម អ. ថ. ក្រៈថម់; ខែ ជា េខេ អ. ថ. ខែ៎ “ព្រះចន្ទ” ; ខ្នែង ជា េខេនង អ.ថ. ខ្នែ៎ង; តិះ ជា តិ អ. ថ. ទិ; តំណិះ ជា តាំហ្និ; តិះដៀល ជា តិតើ្យន អ. ថ. ទិតៀន (មានអត្ថន័យដូចខ្មែរដដែល ផ្សេងពីខ្មែរខ្លះបន្ដិចបន្ដួច) ។ល។ ខ្មែរដែលចេះសៀម, ធ្លាប់និយាយប្រាស្រ័យជាមួយនឹងសៀម, សៀមថា ទិ, ថា តាំហ្និ; ថា ទិតៀន ក៏ថាតាមសៀមដែរទៅ ។ មិនត្រឹមតែនិយាយជាមួយនឹងសៀមប៉ុណ្ណោះឡើយ, ទោះបីនិយាយនឹងខ្មែរគ្នាឯង ក៏ថា ទិតៀន ដែរ, ថែមទាំងយល់ថាពាក្យ ទិតៀន មិនសូវធ្ងន់ខ្លាំងស្មើនឹងពាក្យ តិះដៀល, ថែមទាំងអ្នកខ្លះសរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេងគ្នាទៅទៀត, ព្រោះមានទម្លាប់ផ្សេងៗគ្នា ។ សៀមថាសម្ដីខ្មែរមិនច្បាស់ តាមសំឡេងដើម, គួរតែខ្មែរថាតាមសំឡេងសម្ដីរបស់យើង (ជាការប្រពៃ) ។ នេះ ជាប្រវត្តិនៃពាក្យ តិះ ក្លាយជា ទិ, តំណិះ ជា តាំហ្និ, តិះដៀល ជា ទិតៀន ។
-
តិះដៀល
( កិ.កិរិយាសព្ទ )
(មើលអត្ថន័យរបស់ពាក្យ តិះ និង តំណិះ, ដំណៀល ផង) ។
-
តីរវិថី
( ន.នាមសព្ទ )
[តីរៈ--]
( បា.បាលី ( បាលីភាសា ) )
(--វីថិ) ផ្លូវមាត់កំពង់, ផ្លូវដែលឋិតនៅបណ្ដោយតាមឆ្នេរនៃទន្លេ ឬស្ទឹងជាដើម ។
-
តឹក
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(តឹក អ. ថ. ទឹក “ផ្ទះដែលសង់ដោយឥដ្ឋ ដោយបាយអ”) ខ្មែរយើងប្រើហៅជង្រុកសម្រាប់ដាក់ស្រូវ : តឹកស្រូវ ។
-
តឹក
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ប្រវែង ១០ សង់ទីម៉ែត្រ : ក្ដារប្រវែង ៤ ម៉ែត្រ ៣ តឹក ។
-
តឹកកែ
( ន.នាមសព្ទ )
or តុកកែ
សត្វពួកជីងចក់ តែធំជាងជីងចក់ មានសម្បុរផ្អុចៗ មានជើងស្អិត ចាប់ត្រង់ណាជាប់ត្រង់នោះ យំឮសូរ តឹកកែៗ ឬ តុកកែៗ (បា. ហៅ ឃរគោលិកា; សំ. ហៅ គ្ឫហគោធិកា) ។
<< Prev 1 ... 15 16 17 18 19 20 Next >>