Khmer Dictionary: ប្ដី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គូ
( ន.នាមសព្ទ )
ចំនួនពីរផ្ទឹមគ្នា, មួយគូ, ពីរគូ, ។
- គូកម្ម គឺបុរសនិងស្ត្រីបានគ្នាជាប្ដីប្រពន្ធ ហើយព្រាត់គ្នាទៅវិញក្នុងកាលរហ័សឆាប់ ។
- គូព្រេង គឺបុរសនិងស្រ្តី ដែលយល់ថាបានកសាងជាមួយគ្នាអំពីអតីតជាតិមកហើយ បានគ្នាជាប្ដីប្រពន្ធ នៅឋិតថេរជាមួយគ្នាជាសុខតទៅហៅថា បុព្វេសន្និវាស ។
- គូស្រករ គឺប្ដីប្រពន្ធដែលមានអាយុស្រករគ្នា : មានគូស្រករ ។
-
គម្ដែង
( ន.នាមសព្ទ )
[គំម្ដែង ជើង ដ ឬ គំ-ម៉ៈ ដែង ]
(ក្លាយឃ្លាតមកពីពាក្យខ្មែរ ក្នុងសម័យបុរាណព្រេងនាយថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មានន័យថា ព្រះតេជព្រះគុណ; លោកជាម្ចាស់ ។ លុះចំណេរកាលតៗមក ខ្មែរយើងប្រើពាក្យនេះ សំដៅសេចក្ដីថា លោកអ្នកមានបុណ្យច្រើនគួរជាទីគោរព គួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្តិយសខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី, ប្ដី ។ គម្ដែងផ្ទៃក្រោម ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ (មើលក្នុងពាក្យ ផ្ទៃ ទៀតផង) ។ គម្ដែងសង្ឃ ព្រះភិក្ខុសង្ឃជាទីគោរព : បពិត្រព្រះគម្ដែងសង្ឃ.... ។
-
បង់ចំណែង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យឆ្នែង ។ ឈ្មោះអំពើអពមង្គលជាអកុសលមួយបែបធ្វើស្ត្រីលីវ មិនឲ្យអ្នកណាត្រូវការដណ្ដឹងជាភរិយាគឺឲ្យជាស្ត្រីព្រៅឥតប្ដីអស់មួយជីវិត, រាប់ថាជាវិទ្យាអាក្រក់ក្រៃលែង (គ្រាន់តែបានឮគេតំណាល) សព្វថ្ងៃនេះសាបរលាបស្ទើរតែមិនមានវិទ្យាចង្រៃនេះទៅហើយ ។
-
បទ
( និ.និបាតសព្ទ )
ដ្បិត (ព. បុ.); (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ចង្អុលប្រាប់ពាក្យ បទ (ដ្បិត) : ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក ឯងខឹងលោវាយធាក់ ដោយចិត្តធំបទបានស្រា ។... (សាស្ត្រច្បាប់ប្រុស បណ្ឌិតមៃ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដ្បិត ទៀតផង ។
-
បង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលកើតមុន, ដែលមានអាយុលើសជាង (ទីទៃពីប្អូន) : បងប្រុស, បងស្រី ។
- បងចិញ្ចឹម អ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន បានចិញ្ចឹមរក្សាខ្លួនមកដូចជាបងបង្កើត ។
- បងជីដូនមួយ, បងជីទួតមួយ, បងជីលួតមួយ បងដែលមានជីដូនជីតា, ទួត, លួតជាមួយគ្នានឹងខ្លួន ។
- បងថ្លៃ បងរបស់ប្ដី ឬបងរបស់ប្រពន្ធ ។
- បងធម៌ អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួន នឹងយកជាមិត្រសំឡាញ់មិនសម ព្រោះមានអាយុមិនស្មើគ្នា ក៏សុំគ្នាជាបងជាប្អូន រាប់អានគ្នាតាមធម៌ ទុកស្មើបងប្អូនបង្កើត ហៅថា បងធម៌, ប្អូនធម៌ ។
-
បែក
( កិ.កិរិយាសព្ទ )
រយៈ, ឃ្លាតចេញពីគ្នា; សាយភាយ, ចេញព្រាតព្រោង ។ល។
- បែកការ ធ្វើការកំបាំងឬសេចក្ដីកំបាំងឲ្យលេចឮសាយសុស នាំឲ្យខូចការ ។
- បែកកុក (ចិ. កុ៎ក “ពួក, ក្រុម, ទីប្រជុំ; ស្រុក”) បែកពួក ។
- បែកខ្ញែក បែករាត់រាយប្រញាយចេញពីគ្នា ។
- បែកខ្នែង ចេញខ្នែង ។
- បែកខ្មោច ប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងគ្នា លុះដល់មានញាតិណាមួយ (ច្រើនតែខាងស្រី) ឈឺចាប់ គេគន់គូរមើលតាមក្បួន ឬបន់ស្រន់បូរបាច់ទៅឃើញថាត្រូវខ្មោចមេបាធ្វើទើបគេចាប់ប្រកាន់ឲ្យសែនខ្មោចឲ្យគេ...។
- បែកគំនិត ឬ
- បែកប្រាជ្ញា កើតមានគំនិតឬប្រាជ្ញាថ្មីប្លែកៗផ្សេងៗជាងពីមុន ។
- បែកចិត្ត ងាកចិត្តចេញលែងរាប់រក ។
- បែកចំណេះ កើតមានចំណេះប្លែកៗឡើងជាងពីមុន ។
- បែកញើស ចេញញើស ។
- បែកបាក់ ឬ - បាក់បែក បែកខ្លះបាក់ខ្លះខ្ទេចខ្ទី ។ ព. ប្រ. ដាច់ដោយប្ដីប្រពន្ធឬឈ្លោះទាស់គ្នានឹងបងប្អូនញាតិមិត្រ គឺបែកចិត្តលែងរាប់អានគ្នា ។
- បែកពួក បែកចេញជាពួកៗ ដោយមានគំនិតយល់ខុសគ្នា ។
- បែកមែក ចេញមែកលូតលាស់ចម្រើនឡើង ។ ព. ប្រ បែកជាកូនពូនជាចៅ គឺកើតមានកូនចៅសាយរាយច្រើនឡើង ។
- បែករំហាច ជន់លេចសាយពេញវាលរហរហាច (និយាយបានចំពោះតែទឹក) : ទឹកជន់សាយលិចវាលបែករំហាច ។
- បែកសា វះសត្វតាយសាកឲ្យបែកបំពង់បស្សាវៈ ធុំក្លិនឆ្អេះខូចរសជាតិសាច់ ។ ព. ប្រ.
- និយាយបែកសា ឬ - បែកសាយាមោ គឺនិយាយបែកពីនេះបែកពីនោះ មិនចេះចប់ ។
- បែកសាមគ្គី បែកសេចក្ដីព្រមព្រៀងគ្នា ។ ព. ទ. បុ. បែកជាអូរហូរទៅជាស្ទឹង ឈ្លោះប្រកែករំលើកបើកកកាយពីតិចតួចផ្ដួចដាលរាលទៅជាធំ ហាក់ដូចជាទឹកហូរច្រោះកើតជាអូរ យូរៗទៅកើតបានជាស្ទឹង, ឬពុំនោះហាក់ដូចជាទឹកហូរធ្លាក់មកក្នុងអូរចុះតទៅក្នុងស្ទឹង ។ល។
-
ប្ដី
( ន.នាមសព្ទ )
[ជើង ដ ]
(បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្រ្តីជាភរិយា”) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ ។
- ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី (?) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ ? (ព. សា.) ។ យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកទុកជាព្រះកេរ្តិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់ពាក្យថ្លែងអំពីគតិ ៥យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ កតមេហិ បញ្ចគតី- ហិ សាមិកា ភរិយាស- ង្គហាធម្មា ប្រែតាមអត្ថា- ធិប្បាយបាលី ។ ថាប្រុសឯណា នឹងមានភរិយា លោកឲ្យចេះក្ដី ទាំងប្រាំចំពោះ សង្គ្រោះចិត្តស្រី ប្រពន្ធប្រក្រតី ដូចធម៌សម្ដែង ។ បើប្ដីឯណា ពុំកាន់កិរិយា ទាំងប្រាំនេះឯង ហៅប្ដីទុជ៌ន ជួលន់ក្រៃលែង ចេះតែកំហែង ចិត្តប្រពន្ធពិត ។ បើប្ដីកាន់ច្បាប់ ទាំងប្រាំនេះខ្ជាប់ ហៅប្ដីសុចរិត បម្រុងភរិយា ដោយនាក្រមក្រឹត្យ ប្រសើរពេកពិត ឥតអ្វីផ្ទឹមឡើយ ។ អស់ប្រុសទាំងឡាយ ចូរចាំអធិប្បាយ ច្បាប់នេះជាត្រើយ ទុកគ្រប់ប្រុសប្រាណ កុំមានកន្ដើយ មានប្រពន្ធហើយ ជាសុខសម្រាន្ត ។ មួយគឺហៅប្ដី ឲ្យប្រើសំដី នឹងប្រពន្ធមាន ពាក្យទន់ពីរោះ ស្មើស្មោះដោយក្សាន្ត សរសើររាប់អាន តាមសព្ទវាចា ។ មួយគឺប្រពន្ធ ខុសឆ្គងស្រាលធ្ងន់ កុំជេរផ្ដាសា ទាត់ធាក់ដៀលដំ ដូចខ្ញុំអាត្មា កុំស្ដីដើមថា ឲ្យឮសាយស័ព្ទ ។ មួយគឺបានធន ប្រគល់ប្រពន្ធ ទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារ ជាការស្រីផ្គាប់ រៀបចំសម្រាប់ ថែទាំរក្សា ។ មួយគឺកុំផ្ចង់ កុំខំតែប- ង្កើតកូនហើយថា ប្រពន្ធសុខចិត្ត ឲ្យគិតប្រាថ្នា រួសរកទ្រព្យា សម្រាប់ឲ្យផង ។ មួយគឺឲ្យចាប់ ស្រឡាញ់ឲ្យខ្ជាប់ កុំជិនណាយហោង បើមានប្រពន្ធ- ទៀតកុំប៉ុនប៉ង ស្រឡាញ់ស្នេហ៍ស្នង ឲ្យស្មើមុខឡើយ ។ សម្ដែងសេចក្ដី គ្រប់ប្រាំវិថី ចែងចប់ស្រេចហើយ ឲ្យអស់ប្រុសផង ចាំចងជាត្រើយ ផ្ចង់កុំកន្តើយ ចោលច្បាប់បុរាណ ។ បើប្រុសឯណា ពុំផ្ចង់ចិន្តា ដូចធម៌ទូន្មាន នៅនឹងភរិយា គ្មានជាសុខសាន្ត ហិនហោចធនធាន ទាស់ទែងលែងគ្នា ។ ឯវិស័យចិត្ត អស់ស្រីផងពិត មានប្ដីប្រាថ្នា អំពើទាំងប្រាំ នេះចាំចិន្តា គ្រប់ចិត្តភរិយា នៅនាលោកិយ ។ បើខ្វះអំពើ- ណាមួយហើយតើ ប្រពន្ធថាប្ដី ចិត្តពុំត្រូវត្រង់ ពុំគង់មេត្រី តូចចិត្តស្វាមី អាក់អន់ពុំស្មោះ លោកឲ្យប្រុសផង គន់គិតស្ងួនគ្រង ផ្ចង់ចិត្តសង្គ្រោះ- ប្រពន្ធឲ្យពិត ដោយក្រឹត្យប្រាំនោះ ប្រពន្ធក៏ស្មោះ- ចិត្តចូលមូលឯង ។ កុំគិតតែយក- ប្រពន្ធបានមក គ្រាន់ឱបប្រលែង បង្កើតតែកូន សោះសូន្យធនធេង លោកឲ្យគិតក្រែង ដំណៀលនិន្ទា ។ ធម្មតាជាប្ដី បានទ្រព្យធនអ្វី ឬយសសក្ដា តែងនៅសុខសឹង- ទីពឹងផងគ្នា ព្រោះដ្បិតភរិយា កាន់ក្ដីសុចរិត ។ អំពើច្នេះហោង ឲ្យអស់ប្រុសផង ចងចាំក្នុងចិត្ត តាមធម៌ទូន្មាន គ្រប់ប្រាណប្រុសពិត ទុកជាក្រមក្រិត្យ ច្បាប់ច្បាស់តទៅ ។ អង្គអញរចនា សេចក្ដីកាព្យា តាមច្បាប់ទុកនៅ ក្នុងព្រះបាលី សេចក្ដីជ្រាលជ្រៅ ពុំហ៊ានសៅដៅ លើកលែងងាយដាយ ។ ឧស្សាហ៍ខំប្រុង ប្រែរករើសក្នុង គម្ពីរនិកាយ អដ្ឋកថា ដីកាបរិយាយ និបាតទាំងឡាយ មកផ្សំស្រដី ។ ជាច្បាប់ទុកត ដំណឹងតំណ ដំណើរស្ត្រី ឲ្យជាក់ប្រាកដ ដោយបទបាលី គ្រាន់អស់ប្រុសស្រី រើសរៀនរកផ្លូវ ។ ច្បាប់នេះប្រសើរ ដំណឹងដំណើរ ទំនងនេះកូវ ជាច្បាប់ប្រាកដ ដោយបទត្រឹមត្រូវ គួរយើងឥឡូវ ប្រតិបត្តិរក្សា ។ គួររៀនឲ្យស្ទាត់ ឲ្យចាំរត់មាត់ ដាក់ក្នុងចិន្តា គ្រាន់នឹងប្រិតប្រៀន បង្រៀនអាត្មា តាមដោយគាថា នេះឯងតទៅ ។ ចែងចប់អភិប្រាយ ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍ ប្រាំបីរោចឯ នាខែមាឃនៅ ឆ្នាំរកាត្រូវ នព្វស័កស្រេចហោង ។៚ (បើពេញចិត្ត គួរទន្ទេញឲ្យចាំមាត់) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រពន្ធ ទៀតផង) ។
-
ប្រសព្វ
( កិ.កិរិយាសព្ទ )
[--សប់ ]
(ប្រ + សវ ឬ សវន; ប + សវ ប្រើជា ន. “ការធ្វើហោមពិធី; ការបានសម្រេចប្រយោជន៍; ការបានប្រទះ; ការសម្រាលកូន...”) ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា : ប្ដីប្រពន្ធគេទាំងពីរនាក់នុះ មានអធ្យាស្រ័យល្អណាស់ តាំងពីប្រសព្វគ្នាមក មិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតគ្នាដល់ម្ដងណាឡើយ ។ គុ. ឬ កិ. វិ. ដែលមានមុខប្រទល់រួមចូលគ្នា : ទន្លេប្រសព្វមុខ; ទឹកប្រសព្វគ្នា ។
-
ប្រសា
( ន.នាមសព្ទ )
កូនដោយពន្ធ គឺប្រពន្ធឬប្ដីរបស់កូន : កូនប្រសា (ទាំងប្រុសទាំងស្រី ហៅថា កូនប្រសា ដូចគ្នាគ្រាន់តែបញ្ជាក់ថែមថា កូនប្រសាប្រុស ឬ កូនប្រសាស្រី ប៉ុណ្ណោះ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុណិសា ផង) ។
-
ប្រចណ្ឌ
( គុ.គុនសព្ទ )
[ប្រច័ន]
(ប្រចណ្ឌ) ដែលក្ដៅក្រហាយ, អន្ទះអន្ទែង, ច្រណែន ព្រោះកាមរាគ : ស្រីប្រចណ្ឌប្ដី, ប្រុសប្រចណ្ឌប្រពន្ធ ។ ខ្មែរយើងប្រើជា កិ. ឬ ន. ក៏មាន : កុំប្រចណ្ឌនឹងគ្នា; ឈ្លោះព្រោះប្រចណ្ឌ, មានប្រចណ្ឌចិត្ត ។