Khmer Dictionary: ព្រាហ្មណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បញ្ជាប់ព្រលឹង
( កិ.កិរិយាសព្ទ )
យកអំបោះមង្គលចងកដៃហើយឲ្យទ្រព្យរបស់អ្វីនីមួយ ដោយសន្មតិថា ភ្ជាប់ព្រលឹងឲ្យស្ថិតនៅបរិបូណ៌ក្នុងរូបអ្នកនោះ : ចងដៃបញ្ជាប់ព្រលឹង (ប្រើតាមសណ្ដាប់ព្រាហ្មណ៍) ។
-
បរមេស្ឋ
( ន.នាមសព្ទ )
[ប៉ៈរ៉ៈមេស ]
(បរមេឞ្ឋ; បរមិដ្ឋ) អ្នកដែលប្រសើរក្រៃលែងគឺព្រះព្រហ្ម (ហៅតាមលទ្ធិព្រាហ្មណ៍) ។
-
បាត្រ
( ន.នាមសព្ទ )
[បាត]
(បត្ត) ភាជនៈធ្វើដោយដែកឬដោយដី មានរាងជ្រៅក្រឡូមសម្រាប់បព្វជិតក្នុងពុទ្ធសាសនាប្រើការទទួលចង្ហាន់ : បាត្រដែក, បាត្រដី ។
- គ្របបាត្រ (គម្របបាត្រ) ប្រដាប់សម្រាប់គ្របពីលើមាត់បាត្រ ។
- ស្លោកបាត្រ ថង់សម្រាប់ច្រកបាត្រ ។
- យោគបាត្រ ប្រដាប់ចងរឹតភ្ជាប់នឹងស្លោកបាត្រសម្រាប់ស្ពាយ ។
- ជើងបាត្រ ប្រដាប់សម្រាប់ថ្កល់បាត្រ ។ នៅជម្ពូទ្វីប (ប្រទេសឥណ្ឌា) ទោះបីគ្រហស្ថសាមញ្ញក៏ប្រើបាត្រដីដាក់បាយបរិភោគដែរ, គេហៅថា ប៉ាត្រៈ ។ ដោយហេតុនេះបានជាកាលដែលព្រាហ្មណ៍ទាំង៥ នាក់នោះមានឈ្មោះ កោណ្ឌញ្ញៈ ជាដើមដែលហៅថា បញ្ចវគ្គិយ នាំគ្នាទៅទិញបាត្រនិងចីវរពីផ្សារយកមកអធិដ្ឋានផ្នួសតាម ព្រះសិទ្ធត្ថសក្យមុនីគោតម ។ ឯ ចីវរ ក្នុងសម័យណាក៏មានព្រោះអ្នកបួសខាងលទ្ធិព្រាហ្មណិកគេប្រើ កាសាវៈ គឺសំពត់ជ្រលក់អម្ចត់ដែរ...។
-
បារគូ
( ន.នាមសព្ទ )
[ បារៈគូ, ឬ ត. ទ. ថា បាគូ ]
អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ); អ្នកដល់នូវត្រើយគឺព្រះនិព្វាន (ព្រះអរហន្ត) ។ ពាក្យនេះ ខ្មែរយើងប្រើជាសម្ដីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិពា្រហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ : ពួកបារគូផ្លុំស័ង្ខថ្វាយជយមង្គល ។
- បារគូបុរោហិត គឺបារគូជារាជបុរោហិត ឬជារាជគ្រូក្នុងរជ្ជកាលបុរាណព្រេងនាយ ។
-
បុរោហិត
( ន.នាមសព្ទ )
[បុរ៉ោ--]
ព្រាហ្មណ៍អ្នកបំពេញប្រយោជន៍ដល់បុរី ឬអ្នកធ្វើនូវសេចក្ដីទំនុកបម្រុងដល់នគរ គឺពា្រហ្មណ៍ដែលជារាជគ្រូ ឬព្រាហ្មណ៍ជាអ្នកចាត់ការធ្វើយញ្ញពិធីក្នុងរាជត្រកូលតាមលទ្ធិព្រាហ្មណ៍ ។ ប្រើក្លាយឃ្លាតជា បរោហិត (ប-រ៉ោហិត) ក៏មាន, គួរប្រើ បុរោហិត វិញ ។
-
បូជាយញ្ញ
( ន.នាមសព្ទ )
[បូជា-យ៉ាញ់]
ការសែនព្រេន, របៀបពលិការប្រសិទ្ធីផ្សេងៗ តាមលទ្ធិព្រាហ្មណ៍ មានសម្លាប់សត្វ, អារសាច់បូជាភ្លើងជាដើម ។ បើតាមលទ្ធិពុទ្ធសាសនាមានការឲ្យទានដល់ពួកស្មូមមិនរើសមុខ ។
-
បែង
( កិ.កិរិយាសព្ទ )
ចែក, រំលែក ឬចែករលែក : ក្នុង ១ ភាគបែងជា ៤ ។
- បែងភាគ រំលែកជាចំណែក ។ នារាយណ៍បែងភាគ ព្រះនារាយណ៍ដែលបែងសរីរាវយវៈឲ្យកើតជារូបផ្សេងៗ មានបែងភាគមកកើតជាព្រះរាមជាដើម (ពោលតាមលទ្ធិព្រាហ្មណ៍) ។
-
ពិធី
( ន.នាមសព្ទ )
(វិធិ) បែបធ្វើ, បែបរបៀប, របៀបកិច្ចការ; ក្រឹតិកា : រៀបពិធីបុណ្យ, តាំងពិធីបួងសួងទេវតា; រៀបបូជាតាមពិធីព្រាហ្មណ៍ ។
- ពិធីវេយ្យាករណ៍ បែបរបៀបក្នុងវេយ្យាករណ៍ ។
- ព្រះរាជពិធី របៀបកិច្ចការធ្វើបុណ្យឬការមង្គលនីមួយក្នុងព្រះរាជដំណាក់ ឬក្នុងព្រះបរមរាជវាំង ។
-
ពៃស្រពណ៍
( ន.នាមសព្ទ )
[--ស្រប់ ]
(វៃឝ្រវណ; វេស្សវណ) ព្រះវេស្សវ័ណ គឺព្រះបាទកុវេរៈដែលពួកព្រាហ្មណ៍ទុកដាក់ថាជាទេវតាម្ចាស់ទ្រព្យ (ម.ព. វេស្សវ័ណ ផង) ។ មនុស្សទាំងឡាយពីក្នុងសម័យបុរាណ យល់ដោយឡែកផ្សេងទៀតថា មានភូមទេវតាពួកមួយដែលអាស្រ័យនៅនឹងទីស្រែចម្ការ ជាម្ចាស់លើស្រូវនិងដំណាំទាំងពួង, ក៏នាំគ្នាហៅពួកភូមទេវតានោះថា ព្រះពៃស្រពណ៍; អ្នកខ្លះយល់ថាស្រូវជាម្ចាស់លើទ្រព្យទាំងអស់ ព្រោះស្រូវជាដើមទ្រព្យ, ក៏ហៅស្រូវថា ព្រះពៃស្រពណ៍; អ្នកខ្លះយល់ផ្សេងទៅទៀតថា គោជាសត្វសម្រាប់ទឹមភ្ជួររាស់ នាំឲ្យបានកើតជាស្រូវ, គួរទុកដាក់គោ ថាជាម្ចាស់ទ្រព្យ ក៏ហៅគោថា ពៃស្រពណ៍ ដែរ ។
-
ពពិល
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នាបង្វិលបក់ផ្សែងចូលជុំវិញមនុស្សឬរបស់អ្វី ដើម្បីឲ្យកើតស្រីសួស្ដី : បង្វិលពពិល (ធ្វើតាមសណ្ដាប់ព្រាហ្មណ៍) ។