Khmer Dictionary: លក្ខណៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បវរកញ្ញា
( ន.នាមសព្ទ )
[ប-វ៉-ក័ញ-ញ៉ា ]
កញ្ញាឆើតឆោម, ស្ត្រីក្រមុំដែលមានរូបល្អសមរម្យគ្រប់លក្ខណៈ : នៅប្រទេសខ្លះ គេប្រឡងជ្រើសរើសយកបវរកញ្ញាក្នុងមួយឆ្នាំម្ដង ។
-
បុគ្គលិក
( គុ.គុនសព្ទ )
[បុក-គៈលិកៈ ឬ --លិក ]
(បុទ្គលិក) ដែលចំពោះបុគ្គល ឬសម្រាប់បុគ្គលម្នាក់ៗ មិនមែនជាសាធារណៈទួទៅ : របស់បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម : បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក ។(បារ. Personnel)។
- បុគ្គលិកភាព ភាពនៃបុគ្គលិក គឺភាពនៃបុគ្គលម្នាក់ៗ ។
- បុគ្គលិកលក្ខណៈ លក្ខណៈនៃបុគ្គលិក គឺលក្ខណៈរបស់បុគ្គលម្នាក់ៗ ។ល។
-
បុគ្គលិកលក្ខណៈ
( ន.នាមសព្ទ )
[បុក-គៈលិកៈល័ក-ខៈណៈ ]
លក្ខណៈរបស់បុគ្គលម្នាក់ៗ, លក្ខណៈឬគ្រឿងកំណត់ចំណាំរបស់បុគ្គល; លក្ខណៈជាគ្រឿងសម្គាល់ចំពោះមនុស្សឬសត្វ (បារ. Personnalité) ។
-
បុរិសភាវរូប
( ន.នាមសព្ទ )
សញ្ញាសម្គាល់លក្ខណៈរូបដែលប្រកាសភេទប្រុសឲ្យប្រាកដ ។
-
ប្រាក្រឹត
( ន.នាមសព្ទ )
[--ក្រិត]
(ប្រាក្ឫត) ឈ្មោះភាសាកណ្ដាល (គ្រាមភាសា) នៃជនជាតិឥណ្ឌាទាំងឡាយច្រើនប្រទេស មានតាំងក្នុងបុរាណកាលព្រេងនាយ ដរាបមកដល់សម័យបច្ចុប្បន្ន, ទាំង អយ៌កជន ក្នុង សក្ករដ្ឋ (នេប៉ាល) ជាជាតិភូមិនៃព្រះសក្យមុនីសម្ពុទ្ធ ក៏ប្រើភាសា ប្រាក្រឹត ដែរ (បារ. Dialecte) ។ ប្រាក្រឹត នេះមានអត្ថន័យថា ប្រក្រតី, ធម្មតា, សាមញ្ញ ក្លាយមកពីប្រភពដើមនៃពាក្យសំស្រ្កឹតជាភាសាសម្រាំងថា ប្រក្ឫតិ “ប្រក្រតី” ប៉ុន្តែមានទំនងគួរឲ្យហៅថា ភាសាផ្សែផ្សំ ឬ ភាសាបំប្លែង ទៅវិញ ពីព្រោះមានដើមកំណើតជាភាសាសំស្រ្កឹតខ្លះជាភាសាបាលីខ្លះ គ្រាន់តែបំប្លែងចេញឲ្យឃ្លាតពីប្រភពដើមប៉ុណ្ណោះ ពុំមែនជាសំស្ក្រឹតពុំមែនជាបាលីសុទ្ធសាធ ទាំងពុំមែនជាសន្តាននៃភាសា ឥណ្ឌូ-អឺរូប ចូលលាយផងទេ, ប្រាក្រឹត នេះជាសំដីប៉ះប៉ុនផ្សែផ្សំកាឡៃឲ្យកើតមានឡើង សម្រាប់និយាយសម្រាប់សរសេរតាមគួរដល់ការស្រួលរាល់ជាតិប៉ុណ្ណោះឯង ។ ប្រាក្រឹត នេះមានឈ្មោះផ្សេងៗគ្នា, បើរាប់ដោយសង្ខេប មាន៥ឈ្មោះគឺ ១- ឝៅរសេនី (សៅរ៉ៈ សេនី Çaurasenī) ប្រាក្រឹតជាសម្ដីរបស់ជនអ្នកនៅក្នុងរដ្ឋ ឝូរសេន (សូរ៉ៈសេន៉ៈ Çūrasena គឺរដ្ឋ មថូរា Mathūrā ក្នុងសម័យតមក) ។ ប្រាក្រឹត នេះមានលំនាំស្រដៀងនឹងបាលីដោយអន្លើៗដែរ ប៉ុន្តែច្រើនបំប្លែងអក្សរ អឃោសៈ ជា ឃោសៈ ដូចបាលីថា បតិត “ដែលធ្លាក់ឬជ្រុះហើយ” បំប្លែងជា បទិទ; យថា “យ៉ាងណា” ជាយធា ជាដើម ។ ២- មហារាឞ្ត្រី (មហាស្ត្រី Mahārāstri ជាភាសាអ្នក មហារាស្ត្រទក្ខិណាបថ ភាគខាងលិច គឺរដ្ឋ ឌេក្ក័ន ខាងលិច Dakkan Occidental) ជាប្រាក្រឹតបំប្លែងអក្សរឃ្លាតពីសំស្រ្កឹតដោយច្រើន ដូចជា ឧទក “ទឹក” បំប្លែង ឧអអ; កបិ “ស្វា” ជា កឥ; សុខ “សុខ” ជា សោក្ខ ជាដើម ។ ៣- មាគធី (Māgadhḹ) ប្រាក្រឹតរបស់ជនអ្នក មគធរដ្ឋ គឺរដ្ឋ ពិហារ (Bihār) សម័យបច្ចុប្បន្ន, បំប្លែងអក្សរខុសពីអក្សរសំស្ក្រឹតនិងបាលីដោយច្រើនដូចជា សំ. បុត្រស្យ “នៃកូនឬដល់កូន” បំប្លែងជា បុត្តឝ្ឝ (Puttaçça); រាជានស៑ (រាជាន័ស) “ស្ដេចទាំងឡាយ” ជា លាអាណោ (Lā-āṇo); រញ្ញា (បា.) “ដែលស្ដេច” ជា លាជិន (Lājina); អត្តនា (បា.) “ដោយខ្លួនឯង” ជាអតន (Atana); ជាយតេ “កើត, ប្រសូត” ជា យាយតេ (Yāyate) ជាដើម ។ ៤- អភ្រំឝ (អ័ប-ភ្រ័ម-សៈ Abhraṃça) ជាប្រាក្រឹតរាយរងទន់ខ្សោយកើតមានក្នុងបច្ឆាសម័យ ជាសម្ដីផ្សែផ្សំរបស់អ្នកចុងកាត់មាត់ញក ផ្សាយចូលមកខ្លះ ក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌា មិនពេញលក្ខណៈជាភាសាប្រាក្រឹត ទេ ។ ៥- បៃឝាចី (ប៉ៃសាចី Paiçācḹ) ប្រាក្រឹតជាសម្ដីបិសាច គឺសម្ដីខ្មោច, ច្រើនបំប្លែងអក្សរ ឃោសៈ ជា អឃោសៈ (ជាសម្ដីអ្នករបាំ) ដូចជា នគរ “ក្រុង” ជា នករ; គុរុ “ធ្ងន់; យូរ; គ្រូ” ជា ករុ ជាដើម ។ ភាសាខ្មែរយើងមិនមានឈ្មោះថាមាន ប្រាក្រឹត ដូចឥណ្ឌាទេ ប៉ុន្តែបើនិយាយដោយការធៀបប្រដូចទៅនឹងឥណ្ឌា ក៏មានការបំប្លែងសំស្ក្រឹតនិងបាលី ឲ្យឃ្លាតចាកប្រភពដើមក្រែលដែរ ដូចជា នគរ បំប្លែងជា អង្គរ; នង្គ័ល ជា អង្គ័ល; យមរាជ ជា ជមរាជ (ជំរាច); សៃន្យាភិមុខ ឬ សេនាភិមុខ ជា ស្នាភិមុខ; សេនាធិរាជ ឬ សៃន្យាធិរាជ ជា ស្នាធ្រាជ, សៃន្យ (សែន) ជា ស្រែន្យ; សៃន្យានុជិត ឬ សេនានុជិត ជា ស្រែនអញ្ជិត, វៃទ្យ ជា ពេទ្យ ឬ ពែទ្យ ជាដើម; សព្ទអារក្ស ឬ សម្ដីមេមត់ ក៏គួរហៅថា បៃសាចី បានដែរ, ប៉ុន្តែយើងនឹងនិយាយឲ្យពេញមាត់ថាខ្មែរមាន ប្រាក្រឹត ដូចឥណ្ឌាខ្លះដែរក៏ពុំកើត ពីព្រោះ ប្រាក្រឹត នោះមានឈ្មោះចំពោះតែក្នុងជម្ពូទ្វីបគឺឥណ្ឌាឯណោះយូរអង្វែងណាស់ហើយ ។ល។
-
ពទ្ធសីមា
( ន.នាមសព្ទ )
[ព័ត-ធៈសីម៉ា ]
ឈ្មោះសីមាមួយប្រភេទ ដែលសង្ឃសូត្រចងតាមលក្ខណៈច្បាប់វិន័យព្រះពុទ្ធសាសនា កំណត់ជាព្រំដែនសម្រាប់ធ្វើសង្ឃកិច្ចផ្សេងៗ : ពទ្ធសីមាវត្ត... (ព. វិ. ពុ.) ។
-
ពេញ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យដល់ចំនួន ។ ច្រើនតែប្រើជា គុ. ឬ កិ. វិ. ដែលដល់ចំនួន, ដល់មាត់, ដល់កណ្ដាប់មាត់, បរិបូណ៌, គ្រប់គ្រាន់, មានសព្វអន្លើ, ឥតមានសល់ចន្លោះមិនខ្វះខាត : ទឹកពេញពាង, អង្ករពេញតៅ, ឆ្អែតពេញពោះ; មនុស្សអង្គុយពេញរោង ។
- ពេញការ ដែលបានការ, ដែលដល់កំណត់ធ្វើការកើត : មនុស្សពេញការ ។
- ពេញកម្លាំង ដែលប្រឹងឥតសំចៃកម្លាំង : ធ្វើការពេញកម្លាំង ។
- ពេញកំលោះ, ពេញក្រមុំ ដែលមានវ័យកំលោះ, ក្រមុំ ពេញទី ។
- ពេញចិត្ត គាប់ចិត្ត, ស្ម័គ្រចិត្ត ។
- ពេញចំហ បើកអស់មិនលាក់មិនសំចៃ : លេងពេញចំហ, បើកពេញចំហ ។
- ពេញជំទង់ ដែលមានវ័យជំទង់ពេញទី ។
- ពេញជំហរ អស់ជំហរ ។
- ពេញដៃ ពេញកម្លាំងដៃ : អស់យ៉ាង, ឥតសំចៃ, ឥតញញើត : លេងឲ្យពេញដៃ ។
- ពេញដៃពេញជើង ពេញកម្លាំងដៃជើង ។
- ពេញទី ដល់ទី, ដល់កំណត់ ។
- ពេញទំហឹង អស់ទំហឹង គឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក ។
- ពេញបន្ទុក ដល់បន្ទុក ។
- ពេញធឹង (ព.សា.) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី (ប្រើតាមទម្លាប់ដោយស្រុក) ។
- ពេញបូណ៌មី តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ ១៥ កើត ។
- ពេញមាត់ ស៊ប់មាត់ឥតកោតញញើត : ស្ដីថាពេញមាត់ ។
- ពេញរង្វាស់ ពេញដូចគេវាល់, គ្រប់គ្រាន់ : ធ្វើការពេញរង្វាល់ ។
- ពេញរបុង គ្រប់គ្រាន់, ដល់ខ្នាត : ធ្វើការពេញរបុង ។
- ពេញលេញ
- ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម : ធ្វើការពេញលេញ, រកស៊ីពេញលេញ, មានសាច់ពេញលេញ ។
- ពេញសន្ធឹក មានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់ : លេងឲ្យពេញសន្ធឹក ។ល។
-
ព្រហ្ម
( ន.នាមសព្ទ )
[ព្រំ]
(ព្រហ្មន៑) សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល... ។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត : ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម ។ មាតាបិតា ក៏ហៅ ព្រហ្ម (របស់កូន) ព្រោះមានព្រហ្មវិហារផ្សាយទៅរកបុត្រ ។ ព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តក៏ហៅថា ព្រហ្ម ព្រះមានព្រហ្មចរិយធម៌ដ៏ប្រសើរបំផុត ។
- ព្រាហ្មណ៍ ក៏ហៅថា ព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម ។ល។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ...។ ពាក្យនេះច្រើនប្រើរួមចូលនាំមុខនាមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចយ៉ាង : ព្រហ្មកាយ, ព្រហ្មគីតិ, ព្រហ្មចក្រ, ព្រហ្មចរិយ, ព្រហ្មចារី ជាដើម (ម.ព. ទាំងនោះ) ។
- ព្រហ្មកាយ (ព្រះហ្មៈ-- ឬ ត. ទ. ស្រ. ព្រំមៈ--) ន. (បា.) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។
- ព្រហ្មកាយិកទេវតា ឬ - ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតាដែលកើតក្នុងព្រហ្មលោក ។
- ព្រហ្មគីតិ (ព្រំមៈគីតិ, ឬ--គីត) ន. (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង”) ឈ្មោះកាព្យមួយយ៉ាង មានជើង ៤ គឺក្នុងមួយរបះមាន ៤ ឃ្លា, ត្រង់ឃ្លាទី ១ និងទី ៣ មាន ៥ ពាក្យ, ឃ្លាទី ២ និងទី ៤ មាន ៦ ពាក្យ : បទព្រហ្មគីតិ, ដូចជា : អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនិងសំប៉ាន ។
- ព្រហ្មគោល (ព្រះហ្មៈ--ឬព្រំមៈ--) ន. (សំ.) ចក្រវាល, មណ្ឌលចក្រវាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោល ផង) ។
- ព្រហ្មចក្រ (ព្រះហ្មៈច័ក, ឬ ព្រំមៈ--) ន. (សំ. បា.--ចក្ក) ចក្រវាល; ពុទ្ធសាសនា ។
- ព្រហ្មចរិយ, --យៈ ឬ - ព្រហ្មចារ្យ (ព្រះម្មៈចៈរ៉ិយ៉ៈ ឬ--ចា, ឬក៏ ត. ទ. ស្រ. ព្រំមៈ--) ន. (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទ ឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល ៥, ការចម្រើនព្រហ្មវិហារ ៤ ការសម្ដែងធម៌ ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ (ហៅថា ព្រហ្មចរិយធម៌ ក៏បាន) ។
- ព្រហ្មចរិយធម៌ (ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬព្រំមៈ--) មើលពាក្យ ព្រហ្មចរិយ ។
- ព្រហ្មចារិនី (ព្រះហ្មៈ-- ឬព្រំមៈ--) ន. (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលទ្ធិព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិព្រាហ្មណ៍ សំដៅយកអ្នកដែលកំពុងហាត់រៀនវេទ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារ ឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្ត្រីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ត្រីត្រូវហៅ ព្រហ្មចារិនី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មចរិយ ផង) ។
- ព្រហ្មចារ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រហ្មចរិយ) ។
- ព្រហ្មជាត ឬ - --ជាតិ (ព្រំមៈជាត) ន. ឈ្មោះក្បួនហោរមួយប្រភេទសម្រាប់មើលជតារាសីមនុស្ស : ក្បួនព្រហ្មជាតិ ។
- ព្រហ្មញ្ញ ឬ - ព្រហ្មណ្យ (ព្រះហ្ម័ញ, ព្រះហ្ម័ន ឬ ព្រំម័ញ, ព្រំម៉័ន) គុ. (បា. ឬ សំ.) ដែលជាប់ទាក់ទងដោយព្រហ្ម ឬដែលជារបស់ពួកព្រាហ្មណ៍ : លទ្ធិព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ (ប្រើជា ព្រហ្មាណ្យ ក៏បាន) ។
- ព្រហ្មញ្ញសាសនា (ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា) ន. (បា. ព្រហ្មញ្ញ + សាសន) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ... (សាសនារបស់ពួកព្រាហ្មណ៍); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។
- ព្រហ្មណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មញ្ញ) ។
- ព្រហ្មទណ្ឌ (ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ--) ន. (បា.) ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ... (ព. វិ. ពុ.) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះសម្រាប់កម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង) ។
- ព្រហ្មទេយ្យ (ព្រះហ្មៈទៃ, ឬព្រំមៈ--) ន. (បា.) ទាន ឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះបានធ្វើកិច្ចការអ្វីមួយឲ្យពេញព្រះទ័យ; ក្នុងរាជពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ...; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។
- ព្រហ្មធម៌ (ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ--) ន. (សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា ។
- ព្រហ្ម័ន ឬ - ព្រហ្មាន ន. ព្រហ្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្ម) ។
- ព្រហ្មលោក (ព្រះហ្មៈ--, ឬ ព្រំមៈ--) ន. (សំ. បា. លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម។
- ព្រហ្មវិមាន (ព្រះហ្មៈ--, ឬព្រំមៈ--, ឬព្រំមៈ--) ន. (សំ. បា.) វិមាននៃព្រហ្ម ។
- ព្រហ្មវិហារ (ព្រះហ្មៈវិហា, ឬព្រំមៈ--) ន. (បា.) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១-មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២-ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣-មុទិតា ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤-ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។
- ព្រហ្មសូត្រ (ព្រះហ្មៈសូត, ឬព្រំមៈ--) ន. (សំ.) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀកស្ពាយឆៀងជាដើម (តាមលទ្ធិព្រាហ្មណ៍) ។
- ព្រហ្មា (ព្រះហ្មា, ឬ ព្រំមា) ន. (បា. < ព្រហ្ម) ព្រហ្ម (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- ព្រហ្មាណ្យ (ព្រះហ្មាន ឬ ព្រំ--) មើលពាក្យ ព្រហ្មញ្ញ និង ព្រហ្មាណ្យ ។
- ព្រហ្មាធិបតី (ព្រះហ្មាធិប៉ៈដី, ឬ ព្រំមា--) ន. (បា. --បតិ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម (ហៅថា ព្រហ្មិន្ទ, ព្រហ្មេន្ទ្រ, ព្រហ្មេស្វរ៑ ក៏បាន) ។
- ព្រហ្មាស្ត្រ (ព្រំមាស) ន. (សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្ត្រ “សស្ត្រានៃព្រហ្ម ឬសស្ត្រាដ៏ប្រសើរ”) ឈ្មោះសរដ៏វិសេសមួយប្រភេទ : សរព្រហ្មាស្ត្រ (មាននិយាយក្នុងរឿងរាមាយណៈ) ។
- ព្រហ្មិន្ទ ឬ - ព្រហេ្មន្ទ្រ (ព្រះហ្មិន, --ហ្មេន; ឬ ព្រំមិន, --មេន) មើលពាក្យ ព្រហ្មាធិបតី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- ព្រហ្មេស្វរ៑ (ព្រះហ្មេស, ឬ ព្រំមេស) មើលពាក្យ ព្រហ្មាធិបតី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
ភាវរូប
( ន.នាមសព្ទ )
[ភាវៈ-- ]
រូបតាមភាព គឺរូបដែលមានលក្ខណៈសណ្ឋានផ្សេងគ្នាឲ្យចំណាំបាន យ៉ាងដូចរូបបុរសស្រ្តីជាដើម (រូបបុរសស្ត្រី ហៅ ឥត្ថីភាវរូប, បុរិសភាវរូប) ។
-
ភូមិសាស្ត្រ
( ន.នាមសព្ទ )
[ភូ-មិសាស]
(ភូមិ + ឝាស្ត្រ; ភូមិ + សត្ថ) គម្ពីរសម្ដែងអំពីផែនដី, អំពីភូមិប្រទេសផ្សេងៗ, ក្បួននិយាយអំពីផែនទីលោក, ការនិយាយអំពីលក្ខណៈ, សភាព ឬប្រភេទនៃផែនដីជាដើម តាមរបៀបវិទ្យាសាស្ត្រ : រៀនភូមិសាស្ត្រ (បារ. Géographie)។
- ភូមិសាស្ត្រាចារ្យ គ្រូបង្រៀនភូមិសាស្ត្រ ។
- ភូមិសាស្ត្រិន អ្នកចេះភូមិសាស្រ្ត ។