Khmer Dictionary: សក្យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សក្យ
( ន.នាមសព្ទ )
[ស័ក-ក៉្យៈ]
(សក្ក ឬប្រើជា សក្យ ក៏មាន; ឝាក្យ) ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ : ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាល៉េស៍ “អ្នកប្រទេសនេប៉ាល”) ព. ទ. បុ. រឹងដូចសាក្យ ឬរឹងមើលតែសាក្យ រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ ។
- សក្យជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទឬដែនរបស់ពួកសាក្យ “ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្តុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Nepal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែថា “ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឲ្យបាត់”; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា “ក្រុងមានសុទ្ធតែផ្ទះឈើ” ដ្បិតក្រុងនេះកាលដែលគេចាប់ផ្តើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ... ។
- សក្យត្រកូល ឬ - សាក្យ-- ត្រកូលសាក្យ ។
- សក្យបុត្តិយ៍ ឬ - សាក្យបុត្រិយ៍ (--បុត) បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) : ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍ ។
- សក្យមុនី ឬ - សាក្យ-- អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ) ។
- សក្យរដ្ឋ ដែនសក្យៈ ។
- សក្យរាជ ឬ - សាក្យ-- (--រាច) ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី) សក្យវង្ស ឬ សាក្យ-- វង្សរបស់សាក្យ ។ ខ្មែរប្រើពាក្យនេះជាឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ : ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្រ្តីខាងអាណាចក្រទី ឲកញ៉ាស្រីធម្មាធិរាជ... សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង) ។
- សក្យសីហៈ ឬ - សាក្យសិង្ហ (ព. ប្រ.) សីហៈ ឬសិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា ។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ ។
-
សសាង្ក
( ន.នាមសព្ទ )
[សៈសាង ]
(ឝឝាំក ឬ ឝឝាង្ក < ឝឝ “ទន្សាយ” + អំក ឬ អង្ក “ស្នាម, គំនូស; គ្រឿងសម្គាល់”; សសំក ឬ សសង្ក < សស + អំក ឬ អង្ក) ជោតិភាពមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ (ព្រះចន្រ្ទ) ។ ព្រះចន្រ្ទបានជាហៅ សសាង្ក ព្រោះមានរូបស្នាមទន្សាយដែលព្រះឥន្រ្ទផ្តិតរូបពោធិសត្វ, កាល (ព្រះសក្យមុនី) ចាប់កំណើតជាទន្សាយប្រព្រឹត្តធម៌អស្ចារ្យ, ទុកជាគ្រឿងសម្គាល់អស់មួយកប្ប... (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សសាង្គភ្លីស្វាងក្នុងរាត្រី កត្តិកបុណ្ណមីជិតអធ្រាត្រ ពពកអណ្តែតដាច់ឃ្លាតៗ រស្មីពព្រាតចាំងលើទឹក ។ វេវ. ចន្ទ ឬ ចន្រ្ទ, និសាករ, និសានាថ, សសិន ឬ សសី, សីតរង្សី, ហិមរង្សី, ឧឡុរាជ, នក្ខត្តរាជ, សោមៈ, ឥន្ទុ... ។
-
សាក្យ
(ម. ក្នុង ព. សក្យ) ។
-
សាលព្រឹក្ស
( ន.នាមសព្ទ )
[សាល៉ៈព្រឹក]
(សាល + វ្ឫក្ស; សាល + រុក្ខ) ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងៗ ស្រួចៗ ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗ ផ្កាមូលៗធំៗ (មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន) សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើផែនដី ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដងហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ ។ល។ ព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូតទាំងទ្រង់បរិនិញ្វនផងដែរនៅក្រោមដើម សាលព្រឹក្ស នេះ (ខ្មែរធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត)។ ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថា សាលព្រឹក្ស ក៏បាន, ហៅ អស្សកណ្ណព្រឹក្ស ក៏បាន, ហៅ សជ្ជព្រឹក្ស ក៏បាន ។ កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ ។
-
សុទ្ធោទនិ
( ន.នាមសព្ទ )
[សុត-ធោទៈនិ]
(ឝោទ្ធោទនិ ឬ ឝោទ្ធៅទនិ) បុត្រនៃព្រះបាទសុទ្ធោទនៈ (ព្រះសក្យមុនីសព្វញ្ញុពុទ្ធ) ។
-
សុទ្ធោទនៈ
( ន.នាមសព្ទ )
[សុត-ធោទៈនៈ]
(សុទ្ធោទន < សុទ្ធ “ស, ស្អាត” + ឱទន “បាយ”; ឝុទ្ធោទន ឬ ឝុទ្ធៅទន < ឝុទ្ធ + ឱទន) បាយសុទ្ធឬបាយ-ស ។ ព្រះនាមព្រះវរបិតានៃព្រះសក្យមុនីគោតម : ព្រះបាទសុទ្ធោទនៈពុទ្ធបិតា ឬ ព្រះបាទស្រីសុទ្ធោទន៍ក្សត្រិយ៍ក្រុងកបិលពស្តុ ។
-
សារីបុត្ត
( ន.នាមសព្ទ )
[--រ៉ីបុត ]
(ឝារីបុត្រ) នាមព្រះអរហន្តអង្គមួយ ជាអគ្គសាវ័ក (សាវ័កស្ដាំ) នៃព្រះសក្យមុនីគោតម, ជាគូនឹងព្រះមោគ្គល្លាន; បកតិនាមរបស់ព្រះមហាថេរអង្គនេះជា ឧបតិស្សៈ, លុះមកបួសក្នុងពុទ្ធសាសនា ព្រះបរមសាស្ដាទ្រង់ហៅថា សារីបុត្ត ព្រោះលោកជាបុត្តនៃនាងព្រាហ្មណីឈ្មោះ សារី; ហៅដោយដាក់ពាក្យ មហា ស៊ែមមកផងជា មហាសារីបុត្ត ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសេនាបតី ផង) ។
-
សិទ្ធត្ថ
( ន.នាមសព្ទ )
[សិត-ធ័ត-ថៈ ឬ សិត-ធ័ត ]
(សិទ្ធាថ៌) អ្នកដែលមានប្រយោជន៍ឬមានបំណងសម្រេចហើយ, អ្នកសម្រេចប្រយោជន៍បានតាមបំណង; អ្នកមានស្រីសួស្ដី; គ្រាប់ស្ពៃស ។ ព្រះនាមដើមរបស់ព្រះសក្យមុនីគោតម; ខ្មែរច្រើនហៅ ព្រះសិទ្ធាថ៌ (សំ. សិទ្ធាថ៌ ឬ សវ៌ាថ៌សិទ្ធ) ។
-
សិរី
( ន.នាមសព្ទ )
[--រ៉ី ]
(ឝ្រី) លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណភ័ព្យ, ភ័ព្យព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន, លាភ; ឥស្សរភាព, តេជះ , អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ល។ : មានសិរី, ឡើងសិរី; សិរីជាលំនៅនៃភោគៈ ។
- សីរីភទ្រ (សិរ៉ីភ័ត) សេចក្ដីចម្រើនដោយសិរី ឬសិរីដ៏ចម្រើន : មានសិរីភទ្រ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមមានសួស្ដីសិរីភទ្រ ចុះបែបចុះបទប្រាកដស្ដែង មានជោគតេជះដ៏លើសលែង មានគេកោតក្រែងរាល់វេលា ។
- សិរីមន្ត (--ម៉ន់) ដែលមានសិរី; អ្នកមានសិរី (បើស្ត្រីជា សិរីមតី ឬ សិរីមន្តី) ។
- សិរីវិលាស វិលាសដ៏មានសិរី ។
- សិរីវុឌ្ឍិ សេចក្ដីចម្រើនដោយសិរី ។
- សិរីសក្យមុនី ព្រះសក្យមុនីមានសិរី, ព្រះមានបុណ្យ ។
- សិរីសម្បត្តិ សម្បត្តិមានសិរី ។
- សិរីសយនា (--សៈយ៉ៈន៉ា) ដំណេកដ៏មានសិរី; ក្រឡាបន្ទំ ។
- សិរីសោភា លំអនៃសិរី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រី ២ ន. ផង) ។
-
សុរិយ
( ន.នាមសព្ទ )
[--រ៉ិយ៉ៈ ]
(សូយ៌) ព្រះអាទិត្យ ។
- សុរិយករ, --ការ ឬ--រង្សី រស្មីព្រះអាទិត្យ ។
- សុរិយកាល ពេលថ្ងៃត្រង់ ។
- សុរិយគតិ (--គៈតិ) ដំណើរព្រះអាទិត្យ : ខែសុរិយគតិ (ព. ផ្ទ. ចន្ទគតិ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។
- សុរិយគោត្ត ឬ - សុរិយពន្ធុ គោត្រឬផៅពង្សព្រះអាទិត្យ, អាទិច្ចពន្ធុ, គោតមគោត្ត (វង្សរបស់ព្រះសក្យមុនីគោតម) ។
- សុរិយចរ ឬ--យាត្រា ដំណើរព្រះអាទិត្យ (សុរិយគតិ) ។
- សុរិយតាប កម្តៅថ្ងៃ ។
- សុរិយតេជះ អំណាចព្រះអាទិត្យ ។
- សុរិយទេវបុត្ត ទេវបុត្តឈ្មោះសុរិយ (ព្រះអាទិត្យ) ។
- សុរិយពង្ស ដូចគ្នានឹង សុរិយវង្ស ។
- សុរិយមណ្ឌល (--មន់-ឌល់) មណ្ឌលព្រះអាទិត្យ, ដួងព្រះអាទិត្យ ។
- សុរិយមាលា កម្រងឬខ្សែរស្មីព្រះអាទិត្យ ។
- សុរិយវង្ស ពង្សព្រះអាទិត្យ (សុរិយគោត្ត, សុរិយពន្ធុ, អាទិច្ចពន្ធុ, គោតមគោត្ត); វង្សរបស់ព្រះរាម (ក្នុងរឿងរាមកេរ្តិ៍ ) ។
- សុរិយសន្តាប (សុរ៉ិយ៉ៈសន់-ដាប) កម្តៅថ្ងៃដែលក្ដៅខ្លាំង ។
- សុរិយានុភាព (បា. < សុរិយ + អានុភាវ) អានុភាពនៃព្រះអាទិត្យ ។
- សុរិយាភា ឬ - សុរិយាលោក (បា. < សុរិយ + អាកា ឬ អាលោក “ពន្លឺ”) ពន្លឺព្រះអាទិត្យ ។
- សុរិយោទ័យ (បា. សុរិយ + ឧទយ “ការរះឡើង”) ថ្ងៃរះ (អរុណោទ័យ) ។ល។