Khmer Dictionary: សច្ចា--
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្បថ
( កិ.កិរិយាសព្ទ )
[ស្បត់ ]
(ពាក្យក្លាយមកពី សបថ; ឝបថ; និយាយក្រសោបខ្លីថា ស្បថ) ប្រកាសសំបថគឺពោលពាក្យសច្ចាប្រកាសសេចក្ដីពិតត្រង់លាងខ្លួន ចំពោះមុខបុគ្គលដទៃ : ស្បថកែខ្លួន, ស្បថយកឈ្នះ, ស្បថឲ្យរួចខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សបថ ផង) ។
- ស្បថប្រណិធាន ស្បថដោយមានសូត្រសច្ចាប្រណិធានផង (ពាក្យសាមញ្ញនិយាយក្លាយជា ស្បថប្រាំ-ធាន) ។ ស្បថលាងខ្លួន ស្បថកែខ្លួន, ស្បថឲ្យរួចខ្លួន ។ ស្បថស្បែ ឬ ស្បែស្បថ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្បែ) ។ល។
-
ស្បែ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្បថ ថា :
- ស្បថស្បែ ឬ - ស្បែស្បថ ស្បថយ៉ាងស្រាល (ឥតមានសូត្រសច្ចាប្រណិធាន) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កូនចៅកុំហ៊ាន ស្បែស្បថបំពាន ខុសច្បាប់បញ្ញត្ត ចាស់ទុំហាមប្រាម ថាត្រូវប្រយ័ត្ន ស្បថខុសតែងបាត់ ប្រយោជន៍ឬខ្លួន ។ គួរខ្លាចគួរស្ដាយ ក្រែងក្តីអន្តរាយ កើតតាមគាប់ជួន នៅនាលោកីយ៍ ឥតអ្វីជួយស្ងួន-គ្រងរក្សាខ្លួន រងសុទ្ធតែបាប ។
-
សូត្រ
( កិ.កិរិយាសព្ទ )
ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់ : សូត្រធម៌, សូត្របាលី, សូត្រអាគម; សូត្រឮៗ, សូត្រខ្សឹបៗ ។ មើលថាតាមសេចក្ដីដែលសរសេរស្រាប់ ក៏ហៅ សូត្រ បានដែរ (តាមទម្លាប់ប្រើ) : ចៅក្រមសូត្រពាក្យឲ្យគូក្តីស្ដាប់, សូត្រពាក្យសច្ចាប្រណិធាន; សូត្រសុន្ទរកថា (ខ្មែរបុរាណសរសេរជា សូត ក៏មាន តែសម័យសព្វថ្ងៃនេះមិនដែលប្រើ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូត្រ ១ ន. ផង) ។
- សូត្ររៀន ឬ
- រៀនសូត្រ សូត្ររំឭកសេចក្ដីដែលទន្ទេញចាំហើយមិនឲ្យភ្លេច ព្រមទាំងរៀនសង្កេតតៗទៅទៀតផង ។ បើសរសេរជា សូធ្យ (អ. ថ. សូត) គួរជាងដោយក្លាយមកពី សំ. សូធ្យ < ស្វាធ្យាយ; បា. សជ្ឈាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
អភិ
( និ.និបាតសព្ទ )
[អៈភិ]
និបាតសព្ទឬឧបសគ្គសព្ទសម្រាប់ប្រើជាបុព្វបទ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ;...”; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។
- អភិក្កន្តព័ណ៌ ឬ
- --វណ្ណ (អៈភិក-ក័ន-តៈ--) ឬ - អភិក្កាន្តព័ណ៌ (--កាន-តៈ--) ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ ។
- អភិក្រម (--ក្រំ) ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ : ជំងឺអភិក្រម ជំងឺរឹត, ឈឺខ្លាំង, ឈឺធ្ងន់ ។
- អភិក្រោធ ក្រោធខ្លាំង (វេវ. អភិរោធ) ។
- អភិខ្យា ឈ្មោះ; ការឲ្យឈ្មោះ ។
- អភិគម ឬ - --គមន៍ (--គំ) ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ : ទន្លេអភិគម ទន្លេប្រសព្វមុខ ។
- អភិគោត្ត ឬ - --គោត្រ ឧត្ដមគោត្រ (ត្រកូលខ្ពស់) ។
- អភិឃាត ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង : ធ្វើអភិឃាត ។ ប្រើជា កិ. ក៏បាន : បានអភិឃាតគ្នា បានវាយសំពងគ្នាទៅវិញទៅមក ។
- អភិច្ឆា (បា. < អភិ + ឥច្ឆា “ការចង់បាន”) ការចង់បានណាស់, ការចង់បានអន្ទះសាខ្វារ-ក; ការចង់បានហួសហេតុហួសទំនង; សេចក្ដីច្រណែន ។
- អភិជន (--ជន់) មនុស្សខ្ពង់ខ្ពស់; ជាតិ; វង្ស, ត្រកូល; ជាតិភូមិ ។
- អភិជ័យ ជម្នះយ៉ាងសម្បើម ។
- អភិជាត មានត្រកូល, មានពូជ; មានប្រាជ្ញា, ឈ្លាសវៃ (បើស្ត្រីជា អភិជាតា) ។
- អភិជិត ដែលមានជម្នះយ៉ាងសម្បើម : កងទ័ពអភិជិត ។
- អភិជេជ្ឋ ដែលជាច្បងឬជាចម្បងជាងគេ (បើស្ត្រីជា អភិជេដ្ឋា) ។
- អភិញ្ញាត ដែលប្រាកដ; ដែលចេះចាំស្ទាត់ប្រាកដ; ដែលស្គាល់ជាក់ឬដឹងច្បាស់ : សាក្សីអភិញ្ញាត ឬ អភិញ្ញាតសាក្សី (--តៈ--) សាក្សីដែលបានឃើញឬដឹងឮប្រាកដ ។
- អភិញ្ញាតការណ៍ (--តៈ--) ហេតុប្រាកដ, ហេតុដែលគេដឹងជាក់ ។
- អភិញ្ញាតជន ជនដែលមានគេស្គាល់ច្រើន ។
- អភិញ្ញាតធម៌ (--តៈធ័រ) ធម៌ប្រាកដ; អ្នកដែលគេចេះធម៌ប្រាកដ ។
- អភិតរុណ (--តៈរុន) ក្មេងណាស់; ខ្ចីណាស់ (ឥត្ថី. អភិតរុណី) ។
- អភិធាវ័ន ការស្ទុះរត់; ការរត់ដេញតាម, ការរត់ដេញប្រកិត ។
- អភិធេយ្យ ឬ - --ធៃយ (--ធៃ) ឈ្មោះ; ពាក្យជាគ្រឿងសម្គាល់ (រ. ស. ប្រើជា
- នាមាភិធេយ្យ ឬ
- --ធៃយ ក៏មាន : ព្រះនាមាភិធេយ្យ ព្រះនាមក្សត្រិយ៍; ព្រះបរមនាមាភិធេយ្យ ព្រះបរមនាមក្សត្រិយ៍ទ្រង់រាជ្យឬឋានន្តរដែលទ្រង់ប្រោសព្រះរាជទាន) ។
- អភិនន្ទ (--នន់) ត្រេកអរខ្លាំង ។
- អភិនន្ទន៍ (--នន់) អំណរខ្លាំង ។
- អភិនន្ទនភាព (--នន់-ទៈនៈ ភាប) ភាពឬភាវៈនៃអំណរខ្លាំង ។
- អភិនន្ទនាការ (--នន់-ទៈ--) អាការអភិនន្ទន៍ ។
- អភិនព (--នប់) គុ. (បា. អភិនវ) ថ្មីណាស់, ថ្មីសន្លាង, ថ្មីចែស : របស់អភិនព ។
- អភិនវកម្ម (--នៈវៈក័ម) ការដែលទើបបង្កើតថ្មី ។
- អភិបូជា បូជាចំពោះ, ការថ្វាយឬជូនគ្រឿងសក្ការៈដោយគោរព ។
- អភិមរ កាប់សម្លាប់; ទ្រុស្តមិត្រ; ការកាប់សម្លាប់; ការទ្រុស្តមិត្រ; សង្រ្គាម ។
- អភិមាន សេចក្ដីប្រកាន់ហួសពេក; ការប្រកាន់ខ្លួន; សេចក្ដីព្រហើន; សេចក្ដីមើលងាយគេ ។
- អភិមុខ ប្រមុខ, ប្រធាន; អ្នកនាំមុខគេ, អ្នកដែលជាមេគេ ។ កិ. វិ. ចំមុខ, ចំពោះមុខ ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជាកម្មាភិមុខ អ្នកដែលជាប្រធាននៃកិច្ចការ (មេការ) ។
- សេនាភិមុខ ឬ - អគ្គសេនានាយក អ្នកដែលជាប្រធាននៃសេនា (មេទ័ពធំ; បារ. Maréchal) ។
- អភិយោគ ការព្យាយាមខ្លាំង, ការខំប្រឹងពេញកម្លាំង : ធ្វើការដោយអភិយោគ ។
- អភិរក្ខ ឬ
- --រក្ស (--រ័ក) រក្សាដោយប្រយ័ត្ន; ការរក្សាដោយប្រយ័ត្ន : ធ្វើអភិរក្ស (ន. ប្រើជា អភិរក្ខា ឬ--រក្សា ក៏បាន) ។
- អភិរតិ ឬ
- --រ័តិ (--រៈតិ ឬ--រ័ត) សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លាំង ។
- អភិរូប មានរូបល្អ, មានលម្អ (បើស្ត្រីជា អភិរូបា អ. ថ. --ប៉ា) ។
- អភិរោធ (--រោត) ក្រោធខ្លាំង ។
- អភិលាប ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន ។
- អភិលាស សេចក្ដីប្រាថ្នា; អភិជ្ឈា ។
- អភិលាសក (--សក់) អ្នកដែលមានអភិលាស (បើស្ត្រីជា អភិលាសិកា) ។
- អភិសន្តាប (--សន់-ដាប) កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្រ្គាម ។
- អភិសាប ឬ - --សាបន៍ ការស្បថបំពាន; ការដាក់សម្បថ គឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឲ្យធ្លាក់ទុក្ខទោសទៅលើគេ ។
- អភិសារ ការបានចួបឬបានប្រទះ, ការពើបពះ ។
- អភិសិទ្ធិ (--សិត) សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត ។
- អភិហារ ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង ។
- អភិហារិន ឬ
- --ហារី ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់ (បើចោរស្ត្រីជា អភិហារិនី) ។ល។