Khmer Dictionary: សុភាសិត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សាត្រា
( ន.នាមសព្ទ )
(ឝាស្រ្ត) គម្ពីរ, ក្បួន ។
- សាត្រាច្បាប់ សាត្រាកាព្យពាក្យសុភាសិតជាច្បាប់ប្រដៅ ។
- សាត្រាទេសន៍ សាត្រាសម្រាយពាក្យរាយនិយាយពីធម៌វិន័យឬពីរឿងនិទានក្នុងពុទ្ធសាសនា សម្រាប់ទេសន៍ ។
- សាត្រាល្បែង សាត្រាសម្រាប់មើលលេង (សាស្រ្តាប្រលោមលោក) ។ល។ (ប្រើជា សាស្រ្តា ត្រូវជាង : សាស្រ្តាច្បាប់) ។
-
សុភាសិត
( គុ.គុនសព្ទ )
(សុភាឞិត) ដែលពោលពីរោះ, ដែលនិយាយត្រូវ, ដែលថាត្រូវ (នាំឲ្យសម្រេចប្រយោជន៍បានដោយប្រពៃ) : ពាក្យសុភាសិត, កាព្យសុភាសិត ។ ន. ពាក្យពីរោះ, ពាក្យត្រូវ, ឱវាទត្រឹមត្រូវ (ដែលមានប្រយោជន៍គួររៀនគួរស្ដាប់) : មានសុភាសិតបុរាណថា អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក ធ្វើអ្វីៗកុំឲ្យមានមោះហ្មង ហើយឲ្យកើតការដោយស្រួលផង ។ល។
- សុភាសិតគាថា ឬ - សុភាសិតវលី (--តៈ--) គាថាឬកម្រងសុភាសិត, ពាក្យកាព្យសុភាសិត ។
- សុភាសិតវាចា ឬ - --កថា (--តៈ--) សម្ដីសុភាសិត ។
- សុភាសិតវាទិន ឬ - --វាទី (--តៈ--) អ្នកដែលពេញចិត្តនិយាយតែពាក្យត្រឹមត្រូវ; អ្នកដែលច្រើននិយាយអាងសុភាសិត (បើស្ត្រីជា សុភាសិតវាទិនី) ។
- សុភាសិតោវាទ (បា.< សុភាសិត + ឱវាទ) ឱវាទជាសុភាសិត, ឱវាទត្រឹមត្រូវ ។ល។
-
សុភាសិត--
(មើលក្នុងពាក្យ សុភាសិត) ។
-
ស្លោក
( ន.នាមសព្ទ )
(ឝ្លោក; សិលោក) សេចក្ដីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថា ជាភាសាសំស្រ្កឹតឬបាលី; កេរ្តិ៍ឈ្មោះល្អ ។ ខ្មែរច្រើនប្រើសំដៅពាក្យរៀលសម្រាប់ទាយលក្ខណៈមនុស្សជាដើម ដូចជា ជំហរសិង្ហ សម្លឹងខ្លា សំឡេងស្អា ភ្នែកមាន់ព្រៃ (ទាយថា មនុស្សម្នាក់បើប្រកបព្រមដោយលក្ខណៈទាំង ៤ យ៉ាងនេះ ជាអ្នកមានបុណ្យ មានអំណាចចិត្តមុត) ។ មានពាក្យសុភាសិតថា កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្លោក និង សិលោក ផង) ។
-
អាត្មា
( ន.នាមសព្ទ )
(<អាត្មន៑; អត្តា < អត្ត) ខ្លួន : រកស៊ីចិញ្ចឹមអាត្មា; ខំប្រឹងយោងអាត្មា; កើតមកជាមនុស្សនឹងគេដែរ យោងតែអាត្មាពុំរួច ។ ចិត្ត : នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរ័ត្ន ចូលធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិញ្វន (សាស្រ្តាច្បាប់ក្រម ។ សេចក្ដីអធិប្បាយនៃសុភាសិតនេះថា “បុរសស្ត្រីណាមួយ បើបានប្តេជ្ញា ចិត្ត ចូលកាន់ពុទ្ធសាសនាហើយ ត្រូវប្រតិបត្តិឲ្យត្រង់តាមបន្ទាត់ច្បាប់ព្រះពុទ្ធកុំឲ្យល្អៀង ទើបឈ្មោះថា ជាអ្នកស្វែងរកផ្លូវទៅកាន់ព្រះនិញ្វន)” ។ ពាក្យ អាត្មា នេះខ្មែរប្រើជា បុ. ស. សម្រាប់បព្វជិតពុទ្ធសាសនិកនិយាយទៅរកគ្រហស្ថជាសាធារណជន, សំដៅសេចក្ដីថា “ខ្ញុំ, អាចក្តី” : អាត្មាបួសបាន ៥ វស្សាហើយ ។ បើនិយាយទៅរកក្សត្រិយ៍និងសេនាបតីឬឥស្សរជនអ្នកមានបណ្តាស័ក្ដិខ្ពស់ ត្រូវប្រើពាក្យថា “អាត្មាភាព” អាត្មាភាពសូមថ្វាយព្រះពរ...; អាត្មាភាពសូមចម្រើនពរ... ។ ប្រើពាក្យទេសនាក្នុងកណ្តាលប្រជុំពួកពុទ្ធបរិស័ទក៏បាន : អាត្មាភាពសូមស្រង់យកសេចក្ដីពីក្នុងគម្ពីរបាលីផ្សេងៗ មកសម្តែងឲ្យឃើញច្បាស់... ។ សម្រាប់សាធារណជនទាំងបព្វជិតទាំងគ្រហស្ថ :
- អាត្មាយើង ខ្លួនយើង ។
- អាត្មាអញ ខ្លួនអញ ។
- អាត្មាឯង ខ្លួនឯង ។
- ចិញ្ចឹមអាត្មា ចិញ្ចឹមខ្លួន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អត្ត និង អាត្ម ផង) ។
-
អាភាស
( ន.នាមសព្ទ )
(អាភាឞ) ការនិយាយរកគ្នា, ការចរចាទៅវិញទៅមក, សន្ទនា; សុន្ទរកថា; សុភាសិត, ពាក្យទំនឹមទំនៀម ។ (សំ. បា. អាភាស) រស្មី, ពន្លឺរស្មី, អាភា, ឱភាស ។
-
ឱវាទ
( ន.នាមសព្ទ )
[--វ៉ាត]
(អវ > ឱ; សំ. អវវាទ) ដំបូន្មាន, អនុសាសន៍ : ឲ្យឱវាទ, ស្ដាប់ឱវាទ, ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --វ៉ាទៈ, ដូចជា ឱវាទការកៈ ឬ--ការី អ្នកធ្វើតាមឱវាទ (បើស្ត្រីជា ឱវាទការិកា ឬ--ការិណី) ។
- ឱវាទទាន (--វ៉ាត-ទាន) ការឲ្យឱវាទ ។
- ឱវាទទាយក (--យក់) អ្នកឲ្យឱវាទ (បើស្ត្រីជា ឱវាទទាយិកា) ។
- ឱវាទប្បដិគ្គាហក (--ទ័ប-ប៉ៈ ដិក-គាហៈកៈ ឬ--ហក់) អ្នកទទួលឱវាទ, អ្នកកាន់តាមឱវាទ (បើស្ត្រីជា ឱវាទប្បដិគ្គាហិកា) ។
- ឱវាទប្បាតិមោក្ខ ឬ - ឱវាទបាតិមោក្ខ (ព. ពុ.) បាតិមោក្ខជាឱវាទគឺបាលីបីគាថាកន្លះដែលព្រះសព្វញ្ញុពុទ្ធទ្រង់ប្រទានឱវាទប្រកាសពុទ្ធសាសនាដោយសង្ខេប : ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ ជាដំបូងបង្អស់ក្នុងខាងដើមនៃបឋមពោធិកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាឃបូជា ផង) ។
- ឱវាទានុសាសន៍ ឬ - ឱវាទានុសាសនី ការទូន្មានប្រៀនប្រដៅរឿយៗ ។ល។
- ពុទ្ធោវាទ ឱវាទព្រះពុទ្ធ ។
- សុន្ទរោវាទ ឱវាទល្អ ។
- សុភាសិតោវាទ ឱវាទជាសុភាសិត ។
- អាចរិយោវាទ ឱវាទអាចារ្យ ។ល។