Khmer Dictionary: ស្នេហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្នេហ៍
( កិ.កិរិយាសព្ទ )
[ស្នែ]
(ស្នេហ; សិនេហ ឬ ស្នេហ ដូច សំ. ដែរ) ស្រឡាញ់, ស្រឡាញ់ជាប់ចិត្ត ស្អិតល្មួតដូចជាជ័រ : គេមិនស្នេហ៍បន្តិចបន្តួចមករកខ្ញុំទេ ។
- ស្នេហ៍ស្និទ្ធ ស្រឡាញ់ស្និទ្ធស្អិតល្មួតជាប់ចិត្តនឹកជានិច្ច ។ល។
-
ស្នេហ៍
( ន.នាមសព្ទ )
[ស្នែ]
(ដូចគ្នានឹង សិនេហ ដែរ) ។ ឈ្មោះទុព្វិជ្ជាមួយប្រភេទជាវិជ្ជាលាមក ជាវិជ្ជាមិនចេញមុខ... ។
- ស្នេហ៍មុខ ឈ្មោះទុព្វិជ្ជានោះដែរប៉ុន្តែមានលក្ខណៈផ្សេង (មិនបាច់បញ្ចេញអត្ថន័យ) ។
- ស្នេហ៍ស្នង សេចក្ដីជាប់ចិត្តស្អិតក្រៃពេកដោយអាចនឹងចេញខ្លួនស្នងគេបាន ។ (ច្រើនតែប្រើក្នុងកាព្យ) : ឱមាសស្នេហ៍ស្នង ម្ដេចក៏ឲ្យបង ទទួលរងទុក្ខ ចំណង់បើដល់ ទៅពេលខាងមុខ សមនឹងផ្ដល់ទុក្ខ ជាងនេះទេដឹង? ... ។ ព. ទ. បុ. ថា : ស្នេហ៍ពុំស្មើស្និទ្ធ ស្រឡាញ់ផ្តេកផ្តិត ពុំស្មើសង្រ្គោះ មានអត្ថន័យថា ការដាក់ស្នេហ៍ ពុំស្មើនឹងសេចក្ដីស្និទ្ធស្នាលត្រអាលរកគ្នាទេ, ការស្រឡាញ់ផ្តេកផ្តិត ប៉ុន្តែពុំសង្រ្គោះគ្នាសោះក៏ពុំរាប់ថាជាការស្រឡាញ់គ្នាឡើយ ។ល។
-
ស្នេហ៍ហឺត
( កិ.កិរិយាសព្ទ, ន.នាមសព្ទ )
[ស្នែ--]
(ពាក្យប្រៀបសាមញ្ញ) ស្រឡាញ់ជាប់ចិត្តស្អិតល្មួត កាលបើភ្នកនឹកដល់ក៏ខ្វល់ចិត្តនាំឲ្យដកដង្ហើមធំវែងៗញយៗដូចមនុស្សហឺត : វាចេះតែស្រពោនស្រពាប់ព្រោះតែស្នេហ៍ហឺតហ្នឹងឯងណ៎ៈ បង !... ។ (ពាក្យកាព្យសាមញ្ញ) : ស្នេហាស្នេហ៍ហឺត នាំឲ្យផ្តាក់ផ្តឺត ភ្លេចការរបរ ទោះនៅក្នុងផ្ទះ ទោះបីចេញចរ គ្មានចិត្តត្រេកអរ ចំពោះការងារ ។
-
ស្នេហ៍ហៃ
( កិ.កិរិយាសព្ទ, ន.នាមសព្ទ )
[ស្នែ--]
(ពាក្យប្រៀបសាមញ្ញ) ស្នេហាស៊ប់ងងុលងប់ហួសហេតុថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឲ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត : ព្រោះតែស្នេហ៍ហៃហ្នឹងហើយតើ បានជាហិនហោចខ្លោចចង្រុះអស់ទ្រព្យធនគ្មានសល់ ។ (ពាក្យកាព្យសាមញ្ញ) : ស្នេហាស្នេហ៍ហៃ ជាតួចង្រៃ បំផ្លាញទ្រព្យា ងប់ចិត្តជោកជាក់ ធ្លាក់ការសិក្សា នាំឲ្យអាត្មា ខូចកេរ្តិ៍ខូចឈ្មោះ ។
-
ស្រអ៊ុម
( គុ.គុនសព្ទ )
មាសថ្លៃ, មាសស្នេហ៍, ស្នេហ៍ស្នង (ពាក្យទំយើសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ ដោយថ្នាក់ថ្នម) : ស្រីស្រអ៊ុម, ស្រអ៊ុមមាសបង (សរសេរជា ស្រអ៊ុំ ក៏បាន ប៉ុន្តែនាំឲ្យទើសទែងដោយត្រីសព្ទនិងនិគ្គហិតដែលត្រួតលើគ្នាជា ៣ ជាន់នឹងតួ អ) ។
-
ស្អាន
( ប.បរិវារសព្ទ )
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្អាត ថា : ស្អាតស្អាន គឺស្អាតប្រពៃ, ស្អាតបាត; ច្រើនប្រើក្នុងកាព្យ, ដូចជា ស្រីស្រស់កល្យាណ រូបឆោមស្អាតស្អាន គួរចាប់ស្នេហ៍ស្និទ្ធ ទាំងមានវិទ្យា ប្រាជ្ញាថ្លាពិត ទាំងមានគំនិត ជ្រៅជ្រះផងទៀត ។