Khmer Dictionary: អង្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តមត្ថំ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ត:-មុ័ត-ថាំង ]
(< តំ “នោះ” +អត្ថំ “សេចក្ដីឬរឿង” > តមត្ថំ“ សេចក្តីឬរឿងនោះ”) មិនទាន់ដាច់ស្រេច, មិនទាន់ ប្រាកដ, ស្ទាក់ស្ទើរ . . . : រឿងនោះដូចជានៅក្នុងតមត្ថំ ខ្ញុំនឹង សម្រេចថា យ៉ាងម៉េចពុំទាន់បាននៅឡើយ, រឿងតមត្ថំ, ដំណើរ តមត្ថំ (ពាក្យនេះមានដំណើរជាប់ទាក់ទងមកពីបាលីថា “តមត្ថំ បកាសេន្តោ សត្ថា អហ” ក្នុងគម្ពីរមហា- វេស្សន្ដរជាតក ប្រែរយ បុរាណ ដែលប្រែថា “រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រសានូវបាទគាថាទាំងឡាយដូច្នេះថា . . . :”; បាលីនេះ បើប្រែត្រង់តាមរូបស័ព្ទ បានសេចក្ដីយ៉ាងខ្លីថា “ព្រះសាស្តាកាលទ្រង់ប្រកាសនូវសេចក្តីនោះ ព្រះអង្គមានព្រះ បន្ទូលដូច្នេះថា . . .” តែប៉ុណ្ណេះ, តែអ្នកប្រាជ្ញបុរាណបានពង្រីកពាក្យប្រែក្នុងសាស្រ្តាប្រែរយនោះឲ្យលើសពីបាលីដូចសេចក្ដីខាង លើ ដើម្បីឲ្យងាយស្តាប់, ពាក្យប្រែនេះឯងហើយ ដែលនាំឲ្យអ្នក វប្បធម៌ខ្មែរបុរាណចាប់ច្បុចចុចយកតែពាក្យបាលីឃ្លាខាងដើមថា “តមត្ថំ” នោះមកប្រើជាមេពាក្យមួយ សំដៅន័យថា “មិនទាន់ដាច់ស្រេច, មិនទាន់ប្រាកដ, . . .” ដោយយោលយកសេចក្តីតាមពាក្យប្រែនោះឯង) ។
-
តាំង
( ន.នាមសព្ទ )
ទួលក្នុងដងព្រៃ; លុះចំណេរកាលតមកគេកាប់ឆ្ការព្រៃ គាស់រាន ធ្វើជាភូមិលំនៅ ឬគេកសាងជាវត្តអារាមលើទួលនោះ គេហៅភូមិឬវត្តនោះថា តាំង តាមឈ្មោះដើម ដូចជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើមក្នុងប្រទេសកម្ពុជាយើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រាំង, ខ្នារ ៣ ន. , ព្នៀត, រលាំង, អង្គ ២ ន. (ព. បុ.)ទៀតផង ។
-
តុសិត
( ន.នាមសព្ទ )
[ដុះសិត ]
ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ៤, មានព្រះបាទសន្តុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង ១ ជាតិ មុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិតនេះសិន, លុះដល់កាលកំណត់ ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បានត្រាស់ដឹងជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ ។
-
តុរិយាង្គ
( ន.នាមសព្ទ )
[-យ៉ាង ]
(តុរិយង្គ, តុរិយាង្គ; តូយ៌ាង្គ) អង្គនៃតន្រ្តី គឺគ្រឿងភ្លេងខ្សែ១វង់ ឬ គ្រឿងភ្លេងដេញដំផ្លុំកូត១វង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តន្ត្រី, តូយ៌តន្ត្រី ផង) ។
-
តេចីវរិកង្គៈ
( ន.នាមសព្ទ )
[តេ-ចី-វៈ-រ៉ិ ក័ង-គៈ]
(--កង្គ) អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ ៣ គឺ សង្ឃាដី, ចីពរ, ស្បង់ ជាប្រក្រតី (ឈ្មោះធុតង្គទី ២ ក្នុងពួកធុតង្គទាំង ១៣) ។
-
តេន
( កិ.កិរិយាសព្ទ )
ស្លាប់, ងាប់ : តេនទៅហើយ !; តេនឲ្យស្រឡះទៅ ! ឮថាវាឈឺ មិនទាន់បានទៅសួរវាផង ស្រាប់តែវាតេនទៅហើយ ! (ព. សា. ច្រើនប្រើចំពោះតែការត្លុកកំប្លែង) ។ ពាក្យនេះជាប់មកពីបាលីថា តេន មរណំ ជាអង្គទី ៥ របស់បាណាតិបាត ដែលមានន័យថា “សត្វស្លាប់ ព្រោះព្យាយាមនោះ ឬព្រោះការខ្នះខ្នែងសម្លាប់នោះ” គឺយកតែត្រឹមពាក្យ “តេន” មួយកំណាត់ខាងដើមប៉ុណ្ណោះ ដែលមានន័យថា “ព្រោះព្យាយាមនោះ” មកសន្មតប្រើថាស្លាប់ ទេដឹង ?
-
តេមិយជាតក
( ន.នាមសព្ទ )
[តេមិយៈជាដក់]
ឈ្មោះរឿងមួយក្នុងទសជាតក និយាយពីអតីតជាតិរបស់ព្រះពោធិសត្វ ព្រះនាមតេមិយ ។ ព្រះពោធិសត្វអង្គនេះពេលប្រសូតមកមានភ្លៀងអុរជោគជាំពេញដែនកាសីហាក់ដូចជាធ្វើហឫទ័យនៃមហាជនក្នុងប្រទេសឲ្យទទឹកគ្រប់គ្នា ។
-
ដំណាក់
( ន.នាមសព្ទ )
ទីដែលដាក់, ដែលឈប់, ទីសម្រាប់ស្នាក់; លំនៅក្សត្រ : ខំស្រូតឲ្យដល់ដំណាក់, ដំណាក់រទេះភ្លើង, ដំណាក់ព្រះអង្គម្ចាស់ ។ល។
-
តម្រួត
( ន.នាមសព្ទ )
អ្នកត្រួត; ពួកទាហានរក្សាព្រះអង្គ ១ ក្រុម ធ្វើរាជការតែក្នុងព្រះរាជវាំង : ពួករាជតម្រួត, ក្រុមតម្រួត ។
-
ត្បូង
( ន.នាមសព្ទ )
ក្បាល : ព្រះករុណាជាម្ចាស់ជីវិតលើត្បូង; ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំដោយត្បូង ។ ឈ្មោះទិសប្រទល់ចំគ្នានឹងទិសខាងជើង, ទិសទក្សិណ : ខាងត្បូង, ឯត្បូង (តាមទំនៀមខ្មែរពីបុរាណនៅពេលដេកគេតែងយកក្បាលទៅទិសខាងនេះ ទើបហៅថា ខាងត្បូង គឺខាងក្បាល) ។ កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម, ជាដើម : អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង ។
- ត្បូងខ្នើយ ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ ។
- ត្បូងខ្មោច ក្បាច់កញ្ជើ, ល្អី ជាដើម ដែលគេត្បាញលើកជាគោមឲ្យអណ្ដែតខ្ពស់ឡើង ។
- ត្បូងចិញ្ចៀន ក្បាលចិញ្ចៀនដែលដាំកែវថ្ម ។
- ត្បូងដឹង ក្បាលដឹងជ្វា ។
- ក្រសួងត្បូងការ ក្រសួងជាត្បូងនៃការទាំងពួង (ព. បុ.) ។