Khmer Dictionary: ឥសូរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សូលី
( ន.នាមសព្ទ )
[--ល៉ី ]
(ឝូលិន៑) ព្រះសិវៈ (ព្រះឥសូរ) ។
-
សិទ្ធិ
( ន.នាមសព្ទ )
[សិត-ធិ ឬ សិត]
សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីសម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។
- សិទ្ធិការក (--រ៉ៈកៈ ឬ --រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ (បើស្ត្រីជា សិទ្ធិការិកា) ។
- សិទ្ធិការ្យ (--កា) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្តើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា : សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីទៅនេះ... ។
- សិទ្ធិក្សេត្រ ឬ
- --ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។
- សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។
- សិទ្ធិជ័យ ជម្នះដាច់ស្រេច ។
- សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។
- សិទ្ធិតេជ ឬ - --តេជះ តេជះនៃសិទ្ធិ ។
- សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ (បើស្ត្រីជា សិទ្ធិទស្សិនី) ។
- សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។
- សិទ្ធិមគ្គ ឬ
- --មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។
- សិទ្ធិមន្ត ឬ
- --មន្រ្ត មន្តស័ក្ដិសិទ្ធិ (ប្រើជា សិទ្ធមន្ត ឬ--មន្រ្ត ក៏បាន) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។
- សិទ្ធិសួស្តិ៍ (--សួស) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណ្យប្រើពាក្យនេះជា ការផ្តើមនៃមន្តអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្តិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិសទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្តគាថា ចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង... ។
- សិទ្ធីស្វរៈ (សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ (ព្រះឥសូរ) ។ល។
-
អង្គ
( ន.នាមសព្ទ )
[អង់]
អង្គជាតព្រះឥសូរឬសិវលិង្គ ។ ខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ (ហៅកាត់ខ្លីមកពីពាក្យ អង្គជាត), ហៅថ្មរូបឧមាយោនី (និមិត្តនាងឧមា) ថា បំពង់ខ្ចី; ទឹកដែលស្រោចលើថ្មទាំងពីរប្រភេទនោះ (សូមពរស្រីសួស្ដី...) ហៅថា ទឹកអង្គបំពង់ខ្ចី ។ ក្នុងសម័យដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍ពេញទី, ឥស្សរជននិងប្រជាជន ច្រើនជីកស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយៗ សឹងនៅមានរូបនិងឈ្មោះជាប់មកដល់សព្វថ្ងៃនេះច្រើនអន្លើ ដូចយ៉ាង អង្គតាសោម, អង្គតារាជ, អង្គស្នួល ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ១ ន. ផង) ។
-
ឧកញ៉ា
( ន.នាមសព្ទ )
[អុក--]
ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថា “អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន” (មកពី ពាក្យខ្មែរ ឧក ឬ អុក “ត្រួតត្រាពេញអំណាច” + បា. ញា “ដឹង; ចេះ; ស្គាល់”), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា..., អ្នកឧកញ៉ា..., ឧកញ៉ា... (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។ មានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧ “ព្រះព្រហ្ម; ព្រះឥសូរ” + បា. ញា “ដឹង; ចេះ; ស្គាល់” សំដៅសេចក្ដីថា “អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ” (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្ត “ពោល, ស្ដី, និយាយ, ថា” + បា. ញា សំដៅសេចក្ដីថា “អ្នកស្គាល់ការស្ដីនិយាយ” (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ) ។ កាលក្នុង ព. ស. ២៤៥៨ គ. ស. ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្តើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួគឺ ឧ៊, ឪ, ឱ, ឪ (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក ( ៊) នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន... ឧកញ៉ា) ។ ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ ។ ឪ និង ឪ ដែលយកចុងឬកន្ទុយ វ មកដាក់ពីលើជា ឪ, ឪ (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ>ឪ, ឱ, ឪ តាមលំដាប់ ទៀតផង) ។ សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្រ្តីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា) ។ អ្ចក នេះសៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, េមេ់អ្ចក ផងក៏បាន (អ. ថ. ផអក, ម៉ែអក “ឪពុកបង្កើត, ម្ដាយបង្កើត”) ។ លាវប្រើពាក្យ ព់អ្ចក, េមេ់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន ។
-
ឥសូរ
( គុ.គុនសព្ទ )
[អ៊ិ--]
(បា. សំ.) (ឦឝ្វរ; ខ្មែរប្រើ វ > ូ; ឥស្សរ) ដែលជាធំ, ជាចម្បង, ជាកំពូលលើគេ, ជាម្ចាស់លើគេ : ពង្សពុទ្ធង្កូរ ឥសូរកំពូល លើអស់អ្នកផង គោរពមាតា កុំឲ្យមានហ្មង ពុំដែលកន្លង ទសពិធធម៌ថ្លៃ ។ ន. ព្រះសិវៈ; អ្នកធំ; អ្នកដែលជាចម្បងលើសអស់អ្នកផង, ម្ចាស់លើគេ, ម្ចាស់ផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ); ចៅហ្វាយធំ ។ ព្រះឥសូរ ព្រះសិវៈ (ព្រះឥសូរ ឬ ព្រះសិវៈ នេះជាទេវតាឬជាព្រះស័ក្តិសិទ្ធិវិសេសមួយអង្គរបស់ពួកព្រាហ្មណិក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ឥសូរនារាយណ៍និងព្រះព្រហ្ម អ្នកជឿនិយមថាស័ក្តិសិទ្ធិ ឯព្រះសម្ពុទ្ធទ្រង់ពិនិត្យ ឃើញថាការណ៍ពិតផ្សេងទៅវិញ ។ ទ្រង់ឃើញអដ្ឋង្គិកមគ្គ ជាផ្លូវជៀងជាក់ត្រង់រលេញ ទើបលះចោលផ្លូវអមខាងចេញ ចំណេញបានត្រាស់ពោធិញ្ញាណ ។ ខ្មែរសម័យបុរាណប្រើពាក្យ ឥសូរ ឬ ឦសូរ នេះជាគោរមព្រះបរមនាមនៃក្សត្រិយ៍ទ្រង់រាជ្យក្នុងរជ្ជកាលខ្លះក៏មាន, ដូចជា ក្សត្រិយេសូរ, បរមេសូរ (តមកក្លាយជា បរមីសូរ ក៏មាន) រាមេសូរ, នរេសូរ (< សំ. ក្សត្រិយ, បរម, រាម, នរ + ឦឝរ) ជាដើម; ប្រើជាឋានន្តរមន្រ្តីក៏មាន, ដូចជា ពិពិធឦសូរ, ឥសូរមេត្រី, ឥសូរសម្បត្តិ ជាដើម ។
-
ឥស្សរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ៊ិស-សៈរ៉ៈ]
(ឥស្សរ; ឦឝ្វរ) ឥសូរ ។ ឥស្សរចិត្ត (បា. ស.) ដំណើរស្រេចនឹងចិត្ត ។
- ឥស្សរជន ឬ
- --បុគ្គល ជនឬបុគ្គលជាឥស្សរៈ (អ្នកធំ) ។ ឥស្សរភាព ភាពនៃអ្នកធំ; ភាវៈជាឥស្សរៈ ។
- ឥស្សរសព្ទ សព្ទឬពាក្យសម្រាប់និយាយទៅរកឥស្សរជន (ដូចជា ខ្ញុំប្របាទ, ប្របាទម្ចាស់ ជាដើម) ។
- ឥស្សរាធិបតី អធិបតីនៃពួកឥស្សរជន ។
- ឥស្សរានុភាព អានុភាពនៃអ្នកធំ ។ល។
-
ឦសាន
( ន.នាមសព្ទ )
[អ៊ី--]
(សំ. ឦឝាន) ព្រះឥសូរ; ពន្លឺ; លម្អ ។ ទិសព្រះឥសូរ គឺទិសតូចឬទិសជ្រុងត្រង់ចន្លោះទិសឧត្ដរនិងទិសបូព៌ : ទិសឦសាន ។
-
ឩម !
( និ.និបាតសព្ទ )
[អូម ឬ អូម៉ៈ ]
(ជា ឧ.) ពាក្យលាន់មាត់ ដោយមានសេចក្ដីក្រោធខ្លាំង, ដោយគំរាមដាក់ជាដើម ។ ខ្មែរប្រើជាពាក្យផ្តើមមន្តអាគម (អ. ថ. អូម ឬ អូម៉ៈ), ក្លាយមកពី ឱម ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
- ឱមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម)។ បុរាណសរសេរ ឱ្ម គឺ អ-ឧ ម > ឱម ឬ ឱ្ម មានអត្ថន័យថា “ព្រះឥសូរ, ព្រះនារាយណ៍, ព្រះព្រហ្ម ”លុះចំណេរកាលតមក, ពួកពុទ្ធសាសនិកខាងលទ្ធិអាចរិយវាទខ្លះក៏មក ឱម ឬ ឱ្ម នេះមកប្រើផងដែរថា ឱមនមស្ករ៍ ! ឬ ឱម នមោ ! “សូមនមស្ការចំពោះ ឱម គឺ អ = អរហន្តសម្មាសម្ពុទ្ធ !; ឧ = ព្រះឧត្ដមធម៌; ! ម = មហាសង្ឃគណៈ !”; (គេប្រតិបត្តិបែបនេះ ដើម្បីកុំឲ្យចាញ់លទ្ធិព្រាហ្មណិកដែលមានពាក្យ ឱម ឬ ឱ្ម ជាបែប នមស្ការ គឺឲ្យពុទ្ធសាសនិកជនដឹងថា ខាងលទ្ធិពុទ្ធសាសនិកក៏មាន ឱម ឬ ឱ្ម ដូចលទ្ធិព្រាហ្មណិកដែរ មិនចាញ់ប្រៀបគ្នាទេ) ។ល។
-
ឧមា
( ន.នាមសព្ទ )
[អ៊ុម៉ា ]
សេចក្ដីស្ងប់, សេចក្ដីរាបទាប; សុខសាន្ត, សុខសម្រាន្ត; លម្អ; កិត្តិយស; ពន្លឺ ។ (បា. ឧម្មា) កប្បាស; កន្រ្ទាំងបាយ-ស ។ នាមជាយានៃព្រះឥសូរ : ព្រះនាងឧមាភគវតីកល្យាណី ស្រីវរលក្សណ៍ (ព. បុ.) ។
- ឧមានិមិត្ត ឬ - ឧមាយោនី ថ្មដែលឆ្លាក់ជារូបនិមិត្តនៃនាងឧមា (ខ្មែរក្នុងបុរាណសម័យច្រើនហៅថ្មនោះថា បំពង់ខ្ចី ជាគូគ្នានឹងថ្ម សិវលិង្គ ដែលហៅថា អង្គ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិវលិង្គ ក្នុងពាក្យ សិវៈ និង អង្គ ២ ន. ទៀតផង) ។
-
ឰសូរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អៃសូ ]
(ឰឝ្វរ ឬ ឰឝ្វយ៌) ឥសូរឬឦសូរ; ឥស្សរិយៈ; មហិស្សរានុភាព, រាជតេជានុភាព, មហារាជានុភាព; មហាតេជានុភាព, មហាអំណាច (សរសេរជា អៃសូរ ឬ អៃសូរ្យ ក៏បាន ។ ប្រើជា មហៃសូរ ឬ មហៃ-សូរ្យ ក៏បាន) ។