Khmer Dictionary: សុរា
Chuon Nath's Khmer-Khmer Dictionary
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
( បា.បាលី ( បាលីភាសា ) )
(ពហុ. < សុរ) ទេវតាទាំងឡាយ, ពួកទេវតា ។
- សុរារក្ខក៍ (សុរ៉ារ័ក) ទេពតាអ្នករក្សាឋានលំនៅរបស់ខ្លួន មានខ្លោងទ្វារព្រះរាជវាំងជាដើម, ព្រមទាំងរក្សាមនុស្សជាម្ចាស់ទីនោះផង : សុរារក្ខក៍នៅនាខ្លោងទ្វារ ព្រះរាជវាំង (ដូចគ្នានឹង អារក្ខកទេវតា ដែរ) ។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង;... ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត ។
- សុរាករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដបដាក់សុរា, ដបស្រា ។
- សុរាការ ឬ
- --ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា (បើស្ត្រីជា សុរាការិកា) ។
- សុរាគ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។
- សុរាចាដិ (--ចា-ដិ ឬ--ចាត) ពាងឬឪទឹនដាក់សុរា ។
- សុរាជីព ឬ
- --ជីវៈ (សំ. បា. < សុរា + អាជីវ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា ។
- សុរាជីវិន ឬ
- --ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា (បើស្ត្រីជា សុរាជីវិនី) ។
- សុរាទាន ការឲ្យសុរា (ជាទាន; ព. ពុ. ថាឥតបានបុណ្យ) ។
- សុរាទោស ទោសកើតអំពីផឹកសុរា ។
- សុរាបាន ការផឹកសុរា ។
- សុរាបានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នកផឹកសុរា (បើស្ត្រីជា សុរាបានិកា) ។
- សុរាបានដ្ឋាន (--ប៉ានុ័ត-ឋាន) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។
- សុរាភាជនៈ ឬ
- --ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។
- សុរាមត្ត (--មុ័ត) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា (បើស្ត្រីជា សុរាមត្តា) ។
- សុរាមទៈ (--មៈទៈ) ដំណើរស្រវឹងស្រា។
- សុរាមេរ័យ សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ) ។
- សុរាសោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិសុរា) : ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប ។ល។
-
សុរា--
(មើលក្នុងពាក្យ សុរ) ។
-
សុរា--
(មើលក្នុងពាក្យ សុរា ២ ន.) ។
Headley's Khmer-English Dictionary