Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល្បិច​ចៅក្រម

Chuon Nath's Khmer-Khmer Dictionary
  1. ល្បិច​ចៅក្រម ( ន.នាមសព្ទ )
    ល្បិច​របស់​ចៅក្រម​អ្នក​ជំនុំ​ជម្រះ​ក្តី ។ ក្នុង​សតវត្សរ៍​ទី ២៣ នៃ​ពុទ្ធ​សករាជ ត្រូវ​គ្នា​នឹង​សតវត្សរ៍​ទី ១៧ នៃ​គ្រិស្ត​សករាជ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ព្រះ​មហា​ក្សត្រិយ៍​នៃ​ប្រទេស​កម្ពុជា ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ពួក​បណ្ឌិត​រៀប​ចំ​របៀប​ជា​ល្បិច​នៃ​ចៅក្រម​អ្នក​ជំនុំ​ជម្រះ​ក្ដី ឲ្យ​បាន​ទៀងទាត់​តាម​សុចរិត​យុត្តិធម៌ ឲ្យ​ងាយ​ពិនិត្យ​ពិភាក្សា​រក​ការណ៍​ពិត ដោយ​ល្បិច ៤ យ៉ាង ដែល​ហៅ​ជា​ពាក្យ បាលី​សន្មត ថា មន្ទលេន, សេនបទ, មណ្ឌុកដ, សីហលោ ។ ល្បិច​ចៅក្រម​ទាំង​បួន​យ៉ាង​នេះ មាន​សេចក្ដី​អធិប្បាយ​ថា : ១-មន្ទលេន (មន់-ទៈលេន) ន. (បា. ស. មន្ទ “ទន់, ទន់ភ្លន់, ស្រទន់; សន្សឹម​ៗ; តិច” + លេន “សន្ទុះ, ល្បឿន; ការ​ស្ទាប​ស្ទង់”) ល្បិច​ឈ្មោះ មន្ទលេន នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិចារណា​នូវ​អធិករណ៍ គឺ​រឿង​ក្តី តាម​ពាក្យ​ចោទ​និង​ឆ្លើយ ដែល​ស្ទាប​ស្ទង់​ឃើញ​ថា មុន​បង្អស់​មិន​គួរ​កញ្ឆក់កញ្ឆែង​ទេ ក៏​ប្រើ​ល្បិច​សុភាព​ទន់ភ្លន់​សន្សឹម​ៗ ប្រៀប​ប្រដូច​នឹង​ទឹក​ដែល​ហូរ​រិញ​ៗ​មិន​ហូរ​គំហុក​ខ្លាំង ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្រះ​ឬ​ត្រពាំង ដក់​បាន​ជា​ទឹក​ពេញ​ទី​នោះ​គួរ​ដល់​ការ​ប្រើប្រាស់​បាន​ដូច្នោះ​ឯង; បើ​ចៅក្រម​ប្រើ​ល្បិច​នេះ​ទៅ​ឃើញ​ការណ៍​ពិត​សព្វ​គ្រប់​ហើយ ក៏​សម្រេច​សេចក្ដី​ឲ្យ​អធិករណ៍​នោះ​ចប់​ស្រេច​ដោយ​ប្រពៃ​បាន​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ ២-សេនបទ (សេន៉ៈបត់ ឬ សែន៉ៈបត់) ន. (បា. សេន “សត្វ​ខ្លែង” + បទ “ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; ...”; សំ. ឝ្យេន + បទ) ល្បិច​ឈ្មោះ សេនបទ នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​រឿង​ក្តី​តាម​ពាក្យ​ចោទ​និង​ចម្លើយ ដោយ​ប្រើ​ល្បិច​ស្ទាប​ស្ទង់​មើល យក​តម្រាប់​សត្វ​ខ្លែង​ដែល​វា​ឆាប​អ្វី​ៗ​មាន​កូន​មាន់​ជាដើម​ជា​ចំណី​របស់​វា, ធម្មតា​សត្វ​ខ្លែង​មុន​នឹង​ឆាប​កូន​មាន់​ជាដើម វា​ត្រូវ​ហើរ​រេ​រា​ៗ​កេលកុង​ស្ទង់​មើល​សិន បើ​លុះ​តែ​ឃើញ​មាន​ទំនង​ឱកាស​ល្មម​ឆាប​ឆក់​បាន​ទើប​វា​សម្លប​ស្លាប​ឆាប​ចុះ​ហើយ​វា​ហើរ​ប៉េវ​ឡើង​ទៅ; បើ​ចៅក្រម​យល់​ឃើញ​ថា ត្រូវ​ប្រើ​ល្បិច​រិះ​រេ​បែប​សត្វ​ខ្លែង ហើយ​គ្រញិច​សម្រេច​សេចក្ដី​ឲ្យ​អធិករណ៍ បាន​ចប់​ដោយ​សុចរិត​យុត្តិធម៌​ហើយ ក៏​ទុក​ជា​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ ៣-មណ្ឌុកដ (ម័ន-ឌុកត់ ឬ មន់--) ន. (បា. មណ្ឌុក ឬ មណ្ឌូក “កង្កែប” + កត > កដ “ដែល​ធ្វើ​ គឺ​ការ​លោត”) ល្បិច​ឈ្មោះ មណ្ឌុកដ នេះ​មាន​អត្ថន័យ​ថា ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​អធិករណ៍​តាម​ពាក្យ​ចោទ​និង​ចម្លើយ ដែល​លៃ​ស្ទង់​មើល​ឃើញ​ថា រឿង​នេះ​ត្រូវ​ប្រតិបត្តិ​តាម​តម្រាប់​កង្កែប​លោត, ធម្មតា​កង្កែប វា​មិន​លោត​ឥត​ឈប់​បង្អង់​សោះ​ទេ, វា​តែង​តែ​លោត​ផ្លោត​ៗ ហើយ​ឈប់​បង្អង់​ម្តង​ៗ​បន្តិច​ៗ​ហើយ​ទើប​វា​លោត​ផ្លោត​ៗ​ត​ៗ​ទៅ​ទៀត, ចៅក្រម​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ត្រូវ​ស្ទាប​ស្ទង់​មើល កុំ​ប្រញាប់​ប្រញាល់​រួសរាន់​ពេក, បើ​អធិករណ៍​ហុច​ដំណើរ​ឲ្យ​មក ឃើញ​ថា​គួរ​វិនិច្ឆ័យ​បាន​ហើយ​សឹម​សម្រេច​សេចក្ដី​ឲ្យ​រឿង​នោះ​ចប់​ស្រេច ដោយ​សុចរិត​យុត្តិធម៌​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ ៤-សីហលោ (សីហៈលោ) ន. (បា. សីហ “សត្វ​សីហៈ” + លោ < លា “កាត់, កាត់​ផ្តាច់; កាន់, កាន់​យក” ជា បា. ស. ថា សីហលោ) ល្បិច​ឈ្មោះ សីហលោ នេះ​មាន​អត្ថន័យ​ថា កាល​បើ​ចៅក្រម​ពិនិត្យ​ពិចារណា​ឃើញ​រឿង​នោះ​មាន​ព័ស្តុតាង​ច្បាស់​ក្រឡែត មិន​គួរ​ឲ្យ​សង្ស័យ​ទេ ប៉ុន្តែ​បុគ្គល​អ្នក​ជាប់​ចោទ​អង់អាច​របឹងរបាញ​ក្អេងក្អាង​ហួស​ហេតុ​ពេក មិន​ព្រម​ទទួល​សារភាព​តាម​ការណ៍​ពិត​សោះ, ចៅក្រម​ត្រូវ​ប្រើ​អាការ​គំរាម​សម្លុត​តាម​មាត្រា​ច្បាប់ ឲ្យ​បុគ្គល​នោះ​ស្លុត​គាំង​កឿង​ក្រទាំង​ហើយ​ឆ្លើយ​ឲ្យ​ការណ៍​តាម​ពិត​ត្រង់ ដោយ​ចៅក្រម​យក​តម្រាប់​តាម​សីហៈ ដែល​វា​បន្លឺ​សីហនាទ ស្រែក​សន្ធាប់​ម្រឹគ​ហើយ​វា​ខាំ​សម្លាប់​យក​ជា​ចំណី​វា​ដូច្នោះ​ដែរ, ហើយ​ចៅក្រម​វិនិច្ឆ័យ​សម្រេច​សេចក្ដី ដោយ​សុចរិត​យុត្តិធម៌ ឲ្យ​ចប់​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ ។ (ល្បិច​ចៅក្រម ទាំង ៤ យ៉ាង​នេះ ហៅ​ថា ល្បិច​ព្រះ​ជ័យ​ចេស្តា ឬ ច្បាប់​ព្រះ​ជ័យ​ចេស្តា; កាល​ពី​ដើម យើង​ពុំ​បាន​ឃើញ​ច្បាប់​ដើម ក៏​ចេះ​តែ​អាន​ខុស​ខ្លះ, លុះ​យើង​ស្រាវជ្រាវ​ឃើញ​សាស្រ្តា​ស្លឹក​រឹត​ចាស់​ខ្មៅ​ជា​ច្បាប់​ដើម​ទើប​យើង​ស្រង់​យក​មក​ចុះ​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ដោយ​ត្រឹមត្រូវ​ហើយ) ។ (កាព្យ​សម្រាប់​ឲ្យ​ងាយ​ចាំ ល្បិច​ចៅក្រម) : មន្ទលេន-សេនបទ ទាំង​មណ្ឌុកដ និង​សីហលោ ទាំង​បួន​នេះ​ជា រាជោ​វាទោ នៃ​ក្សត្រិយ៍​សេដ្ឋោ ព្រះ​ជ័យ​ចេស្ដា ។ មហា​ក្សត្រិយ៍​ខ្មែរ​យើង ស្ដេច​មាន​ឫទ្ធិ៍​ថ្កើង ទ្រង់​បាន​ប្រាប្ដា-ភិសេក​ហើយ​ស្រេច ស្តេច​ទ្រង់​បញ្ជា ឲ្យ​ប្រាជ្ញ​ព្រឹទ្ធា តែង​ល្បិច​ចៅក្រម ។ ជា​ពាក្យ​បាលី សន្មត​សេចក្ដី ដោយ​ការ​ផ្សែផ្សំ ក្រឹត្យ​ទុក​ជា​ច្បាប់ សម្រាប់​ចៅក្រម កាត់​ក្តី​ឲ្យ​សម នឹង​យុត្តិធម៌ ។ (មិនមែន​សម្រាប់​តែ​ចៅក្រម​គ្រហស្ថ​ទេ ទោះ​ទាំង​ចៅក្រម​បព្វជិត ក៏​គួរ​ប្រើ​ល្បិច​ចៅក្រម​ទាំង ៤ យ៉ាង​នេះ​បាន​ដែរ) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar