Khmer Dictionary: អាវ៉ូកាចេរ
Chuon Nath's Khmer-Khmer Dictionary
-
អាវ៉ូកាចេរ
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Avocatier) ឈ្មោះឈើជាដំណាំមួយប្រភេទ មានដើមធំស្លឹកមានទ្រង់ទ្រាយស្រដៀងនឹងស្លឹកសាលព្រឹក្ស ប៉ុន្តែស្តើងទន់, ផ្លែវាហៅ អាវ៉ូកាត៍ (បារ. Avocat), ផ្លែមានសណ្ឋានទ្រវែង មានទំហំប៉ុនផ្លែព្នៅខ្នាតជំទើរខ្លះ ប៉ុនផ្លែត្រឡាចស្រូវ គឺត្រឡាចខ្នាតតូចខ្លះ ខាងលើតូច ខាងក្រោមធំ, ផ្លែទុំមានសាច់ទន់ជ្រាយ ស្រដៀងនឹងត្រសក់ស្រូវខ្មែរ, មានគ្រាប់តែមួយធំ មានស្រោមសាច់ទន់ឱបគ្រាប់, ទំហំគ្រាប់ស្រដៀងនឹងគ្រាប់ផ្លែទុរេន, បណ្តុះបានដោយងាយ, ផ្លែទុំសម្រាប់ប្រើជាខាទនីយាហារ, មុននឹងបរិភោគ ត្រូវចិតយកសំបកស្តើងចេញ ហើយកាត់សាច់ផ្លែនោះជាដុំៗ ដូចត្រសក់ស្រូវដែរ រួចលាយស្ករ-សសុទ្ធក៏បាន លាយទឹកដោះគោកំប៉ុងក៏បាន លាយខ្ទិះដូងឆៅផ្អែមក៏បាន, មានឱជារសស្រដៀងនឹងត្រសក់ស្រូវទុំ ប៉ុន្តែមិនភ្លាវទេ ឆ្ងាញ់ជាងត្រសក់ស្រូវខ្មែរ ។ អាវ៉ូកា-ចេរ នេះជាឈើដំណាំមានពូជមកពីប្រទេសបារាំងសែស ប្រភពដើមមកពីប្រទេសអាមេរិគ, ដាំនៅប្រទេសកម្ពុជាយើងកើត, យ៉ាងយឺតណាស់ត្រឹមប្រាំឆ្នាំក៏អាចមានផ្លែ, គេបានដាំពិសោធមើលរួចទៅហើយ ឃើញកើតមានផ្លែដូចនៅប្រទេសបារាំងដែរ ។ គួរប្រជាពលរដ្ឋខ្មែរយើងពេញចិត្តដាំដំណាំនេះឲ្យមានបរិបូណ៌ឡើង ព្រោះជាសេដ្ឋកិច្ចមួយប្រភេទ ដែលចាប់កំណើតមានជាដំបូងក្នុងសម័យសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនា, ក្នុងស្រុកភូមិនិងវត្តនីមួយៗ គួរដាំហើយថែទាំបំប៉នជីសាប កុំប្រើជីប្រៃ, រដូវប្រាំងត្រូវចាក់ទឹកស្រោចជួយខ្លះផងកុំឲ្យវាងាប់, លុះឈើនេះមានដើមធំហើយ ក៏អាចរស់បានឯងៗ ដូចឈើដំណាំប្រភេទឯទៀតៗ នោះដែរ (បើមិនហៅ អាវ៉ូកាចេរ តាមបារាំង, យើងអាចហៅថា ដើមអាវ៉ូកាត៍ តាមឈ្មោះផ្លែវាក៏បាន) ។
Headley's Khmer-English Dictionary
-
អាវ៉ូកាចេរ
( n )
[ʔaavookaacee]
- detail »
avocado tree