Khmer Dictionary: ហង្ស
Chuon Nath's Khmer-Khmer Dictionary
-
ហង្ស
( ន.នាមសព្ទ )
[ហង់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហំស) ក្ងានព្រៃ (បារ. Cygne ស៊ីញ) ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យ បុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឲ្យតែចង់ មើលហើយមើលទៀត ។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិ បោ “ស្រ្តីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក” ។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម (ស្រុកកំពង់សោមខែត្រកោះកុងសម័យបច្ចុប្បន្ន) មានហ្វូងហង្សហើរមកចុះលេងទឹកម្តងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ ។ ហង្ស នេះបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហង់សៈ, ដូចជា ហង្សគតិ ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។
- ហង្សគាមិនី ស្រ្តីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។
- ហង្សនាទ សម្រែកហង្ស ។
- ហង្សពាហៈ, --ពាហនៈ ឬ
- --រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម) ។
- ហង្សមាលា ហ្វូងហង្ស (ប្រើជា ហង្សនិករ ក៏បាន) ។
- ហង្សរាជ ស្តេចហង្ស ឬហង្សជាស្តេចនៃបក្សី (រាជហង្ស) ។
- ហង្សសេត ឬ - ហង្សស្វេត សដូចសម្បុរស្លាបហង្ស ។ល។
Headley's Khmer-English Dictionary