Khmer Dictionary: អក្សរ
Chuon Nath's Khmer-Khmer Dictionary
-
អក្សរ
( ន.នាមសព្ទ )
[អ័ក ឬ អក់-ស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អក្ខរ) អក្ខរៈ ។
- អក្សរខម អក្សរខ្មែរ (ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូលដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗ ហៅថា កូនខម) ។
- អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗសម្រាប់សរសេរខ្វៀកៗរំហ័សការ ។
- អក្សរគ្រវាត់ ឬ - --ក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម ។
- អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ ។
- អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កី កឹ កឺ ។ល។ កុំ កំ កាំ កះ ។
- អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក, កង, ចក, ចង ជាដើម; បា. ឬ សំ. ដូចជា ហរ៑, អន៑, ករ៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម ។
- អក្សរប្រយោគ អក្សរផ្ញើរជើង ឬអក្សរគ្រវាត់ (ហៅ អក្ខរប្បយោគ ក៏បាន) ។
- អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត (អក្សរប្រយោគ), ដូចជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។
- អក្សរពុម្ព អក្សរដែលសិតជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ ។
- អក្សរលក្ខណ៍ ឬ - --លក្សណ៍ សំបុត្រសម្គាល់ ។
- អក្សរសព្ទ អក្សរល្អិតៗដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ ។
- អក្សរសាស្រ្ត វិជ្ជាអក្សរ; ក្បួនប្រាប់វិធីអក្សរ, ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ; មុខការខាងនិពន្ធ,... ។
- អក្សរសាសន៍ សំបុត្រឲ្យដំណឹង; សំបុត្រសំណួរ ។ល។
-
អក្សរ
(មើលក្នុងពាក្យ អប្សរ) ។
Headley's Khmer-English Dictionary